
រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ ទទួលស្វាគមន៍មេដឹកនាំចិន លោក ស៊ី ជិនពីង ដោយការបង្ហាញឫទ្ធិអំណាចយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដបំបាំងកាយរបស់ខ្លួន ទាំង B-1 និងបិសាចជ្រែកដែនអាកាស B-2 Spirit ភ្លាម មេដឹកនាំមហាយក្សចិន គ្មានញញើតអ្វីសូម្បីបន្ដិចឡើយ និងដើរចូលទៅព្រមានម្ចាស់សេតវិមាន ត្រូវប្រយ័ត្នប្រយែងអំពីរឿងតៃវ៉ាន់ និងជំរុញឱ្យចរចាជាមួយអ៊ីរ៉ង់ ថ្វីបើរដ្ឋាភិបាលរដ្ឋធានីប៉េកាំង បានគាំទ្រដល់សុវត្ថិភាពលើប្រព័ន្ធ AI ជាមួយនឹងរដ្ឋធានីវ៉ាស៊ីនតោន យ៉ាងណាក្ដី...។

សារព័ត៌មាន Asia Times បានចេញផ្សាយនៅរសៀលថ្ងៃសុក្រទី២៥ ខែកញ្ញានេះថា រដ្ឋាភិបាលរដ្ឋធានីប៉េកាំង បានព្រមព្រៀងធ្វើការងារជាមួយរដ្ឋាភិបាលរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីធ្វើឱ្យកាន់តែល្អប្រសើរឡើងនូវអភិបាលកិច្ច លើប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងពង្រឹងកិច្ចសហប្រតិបត្តិការ ចំពេលប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងលោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានជួបពិភាក្សាគ្នា ដោយផ្ទាល់នៅសេតវិមាន កាលពីថ្ងៃព្រហស្បតិ៍(ម៉ោងនៅអាម៉េរិក)។ មេដឹកនាំចិន លោក ស៊ី ជិនពីង បានប្តេជ្ញាចិត្តបែបនេះ នៅក្នុងសុន្ទរកថា ក្នុងពិធីស្វាគមន៍មួយ នាពេលព្រឹក នៅមុនពេលមេដឹកនាំទាំងពីរ បានជួបពិភាក្សាគ្នាជាលក្ខណៈឯកជន នៅក្នុងការិយាល័យពងក្រពើ (Oval Office) នៃសេតវិមានរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក។ នេះជាជំនួបដោយផ្ទាល់លើកដំបូងរបស់មេដឹកនាំទាំងពីរ ចាប់តាំងពីខែឧសភារហូតមក។

បើតាមប្រព័ន្ធផ្សព្វផ្សាយ គ្រប់គ្រងដោយរដ្ឋរបស់ចិន បានឱ្យដឹងថា លោកប្រធានាធិបតី ស៊ី ជិនពីង បានលើកឡើងអំពីបញ្ហាកោះតៃវ៉ាន់ និងប្រទេសអ៊ីរ៉ង់ នៅក្នុងកិច្ចពិភាក្សានោះ។ ប៉ុន្តែភាគីទាំងពីរ មិនបានប្រកាសអំពីកិច្ចព្រមព្រៀងណាមួយនោះឡើយ បើគិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍ (ម៉ោងនៅសហរដ្ឋអាម៉េរិក)។ លោក ស៊ី បានបញ្ជាក់ថា៖«ទាំងចិន និងសហរដ្ឋអាម៉េរិក សុទ្ធតែជាប្រទេសឈានមុខគេ នៅក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI)។ យើងមានទាំងសមត្ថភាព និងការទទួលខុសត្រូវ នៅក្នុងការអភិវឌ្ឍ និងគ្រប់គ្រង AI ដើម្បីផលប្រយោជន៍ល្អប្រសើរ ព្រមទាំងធានាថា ការអភិវឌ្ឍ AI ស្ថិតក្រោមការគ្រប់គ្រងរបស់មនុស្សជានិច្ច និងបម្រើដល់សុខុមាលភាពរបស់ប្រជាជន។ កិច្ចសហប្រតិបត្តិការ រវាងប្រទេសចិន និងសហរដ្ឋអាម៉េរិក ប្រហែលជាមិនអាចដោះស្រាយរាល់បញ្ហាទាំងអស់ នៅលើពិភពលោកបានទេ ប៉ុន្តែបើគ្មានកិច្ចសហប្រតិបត្តិការរបស់យើងទេ នោះការដោះស្រាយបញ្ហាជាច្រើនរបស់ពិភពលោក នឹងប្រឈមមុខនឹងការលំបាកកាន់តែខ្លាំងឡើង។ ដូច្នេះមានតែតាមរយៈការធ្វើការងាររួមគ្នា ទើបយើងអាចបង្កើនវិសាលភាព នៃកិច្ចសហប្រតិបត្តិការ និងកាត់បន្ថយចំនួនបញ្ហាប្រឈមនានា»។

ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ (Xinhua) បានរាយការណ៍ថា នៅក្នុងកិច្ចសន្ទនា កាលពីថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតី ស៊ី ជិនពីង បានប្រាប់លោក ដូណាល់ ត្រាំ ថា ប្រទេសចិនសង្ឃឹមថា សហរដ្ឋអាម៉េរិក នឹងប្រកាន់ខ្ជាប់នូវគោលជំហរដ៏ត្រឹមត្រូវ នៅក្នុងការប្រឆាំងនឹងឯករាជភាពរបស់តៃវ៉ាន់ និងដោះស្រាយបញ្ហាតៃវ៉ាន់ ដោយការប្រុងប្រយ័ត្ន។ រីឯគោលជំហររបស់ចិន នៅក្នុងការការពារឯកភាពជាតិ និងបូរណភាពទឹកដី គឺមានភាពច្បាស់លាស់បំផុត។ បន្ថែមពីលើនេះ លោកប្រធានាធិបតី ស៊ី ក៏បានផ្ញើសារ ពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់ផងដែរ នៅក្នុងសុន្ទរកថាចុងក្រោយរបស់លោក នៅក្នុងពិធីស្វាគមន៍នោះ៕



