តុលាការធម្មនុញ្ញថៃ ត្រៀមសម្រេចសេចក្តីលើសំណុំរឿងនយោបាយដ៏ធំ ថាតើត្រូវបោះឆ្នោត និងបង្កើតរាជរដ្ឋាភិបាលឡើងវិញ ឬទេ?
Mao Sopha
•
11 ម៉ោងមុន

រាជធានីបាងកក៖ តុលាការធម្មនុញ្ញថៃ នឹងធ្វើសេចក្តីសម្រេចនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ លើសំណុំរឿងពាក់ព័ន្ធនឹងការប្រើលេខកូដពិសេស (barcode) លើសន្លឹកឆ្នោត ក្នុងការបោះឆ្នោតជាតិ កាលពីខែកុម្ភៈ ឆ្នាំ២០២៦។ នេះជាសំណុំរឿងនយោបាយដ៏ធំបំផុតមួយ ដែលកំណត់ជោគវាសនារាជរដ្ឋាភិបាលថៃទាំងមូល...។

បើរកឃើញថា លេខកូដពិសេសលើសន្លឹកឆ្នោត មានបញ្ហា ហើយនាំឱ្យការបោះឆ្នោតកន្លងមក មានភាពមិនប្រក្រតី តុលាការធម្មនុញ្ញថៃ អាចនឹងច្រានចោលលទ្ធផលបោះឆ្នោតនោះ ហើយសម្រេចឱ្យរៀបចំការបោះឆ្នោតឡើងវិញ ដូច្នេះ រាជរដ្ឋាភិបាលសព្វថ្ងៃ ដែលកំពុងស្ថិតក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី អនុទីន ឆានវីរគុល (อนุทิน ชาญวีรกุล) ក៏លែងមានសុពលភាពទៀតដែរ គឺចាំបាច់ត្រូវរៀបចំបង្កើតឡើងវិញសាជាថ្មីដូចគ្នា។ 

សារព័ត៌មាន The Japan Times ផ្សាយនៅថ្ងៃទី២៥ ខែកញ្ញានេះថា រាជរដ្ឋាភិបាលរបស់លោក អនុទីន ប្រឈមុខនឹងការធ្វើតេស្តដ៏ធំបំផុតមួយ ថាតើអាចបន្តដំណើរការបានទៀត ឬយ៉ាងណា? កាសែតរបស់ជប៉ុន បន្តថា សេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញថៃ អាចនឹងរុញច្រានឱ្យប្រទេសនេះ ត្រឡប់ទៅរៀបចំការបោះឆ្នោតឡើងវិញ ក្នុងរយៈពេលប៉ុន្មានខែខាងមុខ។  

ក្រុមអ្នកតវ៉ា និងក្រុមសិទ្ធិមនុស្ស អះអាងថា ការប្រើលេខកូដពិសេសនេះ អាចធ្វើឱ្យគេអាចតាមដាន ឬកំណត់អត្តសញ្ញាណរបស់អ្នកបោះឆ្នោត ដែលផ្ទុយនឹងគោលការណ៍រក្សាការសម្ងាត់នៃការបោះឆ្នោត ដែលធានាដោយរដ្ឋធម្មនុញ្ញ។ តុលាការធម្មនុញ្ញថៃ បានទទួលសំណុំរឿងកក្រើកនេះ យកទៅពិនិត្យតាំងពីខែមីនា ដែលប្តឹងដោយក្រុមអ្នកតវ៉ា និងក្រុមសិទ្ធិមនុស្ស។  

ជាការកត់សម្គាល់ សេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញថៃ មិនសូវផ្តល់ផលល្អដល់រាជរដ្ឋាភិបាលប៉ុន្មានឡើយ ដូចជា ករណីលោកស្រី ផែថងថាន ឈិនៈវ័ត (แพทองธาร ชินวัตร) លោក សេដ្ឋា ថាវីស៊ីន (เศรษฐา ทวีสิน) និងលោកស្រី យីងឡាក់ ឈិនៈវ័ត (ยิ่งลักษณ์ ชินวัตร) ជាដើម សុទ្ធតែត្រូវខ្ទាតចេញពីកៅអីនាយករដ្ឋមន្រ្តី ដោយសារតុលាការធម្មនុញ្ញថៃ។ ចុះលោក អនុទីន អាចរួចផុតពីដាវអាជ្ញាសឹករបស់តុលាការធម្មនុញ្ញថៃដែរឬទេ ឬក៏ប្រឈមនឹងការបោះឆ្នោតឡើងវិញដែរ? ៤ថ្ងៃទៀត គឺថ្ងៃ២៨កញ្ញា គេនឹងដឹងលទ្ធផល៕ 


អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត