ខ្សែកាប្លិ៍ក្រោមបាតសមុទ្ទសម្រាប់ទាក់ទងអាម៉េរិក-តៃវ៉ាន់ អាចប្រឈមនឹងហានិភ័យពីចិន
S
Sinuon Nop
•
13 ម៉ោងមុន

ទីក្រុងតៃប៉ិ៖ ក្រោយពេលប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ កំពុងទទួលដំណើរនៃការមកដល់របស់មេដឹកនាំចិន លោក ស៊ី ជិនពីង ជាមួយនឹងការបង្ហាញឫទ្ធិអំណាចដ៏ខ្លាំងក្លា នៃយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដបំបាំងកាយ B-1 Lancer និងបិសាចដែនអាកាស B-2 Spirit អមដោយយន្តហោះចម្បាំង F-22 Raptor ចំនួន៤គ្រឿង ហោះរំលងសេតវិមានមិនបានប៉ុន្មានផង ស្រាប់តែពេលនេះ មានសេចក្ដីរាយការណ៍ អំពីខ្សែកាប្លិ៍ក្រោមបាតសមុទ្ទសម្រាប់ភ្ជាប់ទំនាក់ទំនង រវាងសហរដ្ឋអាម៉េរិក និងកោះតៃវ៉ា់ន់ ប្រឈមនឹងហានិភ័យ នៅក្នុងអ្វីដែលគេហៅ តំបន់ប្រតិបត្ដិការពណ៌ប្រផេះរបស់ចិន។

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ
ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ

សារព័ត៌មាន Taiwan News បានចេញផ្សានៅព្រឹកថ្ងៃសុក្រទី២៥ ខែកញ្ញានេះថា ប្រព័ន្ធខ្សែកាប្លិ៍(Cable) ក្រោមបាតសមុទ្ទថ្មីចំនួនបី ដែលកំពុងសាងសង់ឡើង សម្រាប់តភ្ជាប់ទំនាក់ទំនង រវាងសហរដ្ឋអាម៉េរិក និងកោះតៃវ៉ាន់ កំពុងស្ថិតក្នុងចំណោមប្រព័ន្ធខ្សែកាប្លិ៍ឆ្លងមហាប៉ាស៊ីហ្វិក ដែលងាយរងគ្រោះបំផុត ចំពោះប្រតិបត្តិការតំបន់ប្រផេះដ៏មានសក្តានុពលរបស់ចិន។ សេចក្ដីរាយការណ៍នោះ លើកឡើង ដោយគណៈកម្មការត្រួតពិនិត្យសេដ្ឋកិច្ច និងសន្តិសុខសហរដ្ឋអាម៉េរិក-ចិន (USCC) និងរៀបចំឡើង ដោយវិទ្យាស្ថានបង្ការហានិភ័យជាយុទ្ធសាស្ត្ររបស់ចិន (China Strategic Risks Institute) ដែលបានចាត់ទុកប្រព័ន្ធខ្សែកាប្លិ៍ E2A, TPU និង ORCA ថា ជាប្រព័ន្ធខ្សែកាប្លិ៍ងាយរងគ្រោះបំផុត នៅក្នុងចំណោមប្រព័ន្ធខ្សែកាប្លិ៍ឆ្លងកាត់មហាសមុទ្ទប៉ាស៊ីហ្វិក ចំនួន៣២ ដែលត្រូវបានវាយតម្លៃ។ ប្រព័ន្ធខ្សែកាប្លិ៍ថ្មីទាំងបីនេះ បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍ ហើយត្រូវគេរំពឹងថា នឹងចាប់ផ្តើមដំណើរការនៅរយៈពេល៣ឆ្នាំខាងមុខ។

មេដឹកនាំតៃវ៉ាន់ លោក ឡៃ ឈីងថេ
មេដឹកនាំតៃវ៉ាន់ លោក ឡៃ ឈីងថេ

ក្រុមអ្នកស្រាវជ្រាវ បានប្រើប្រាស់សន្ទស្សន៍មួយ សម្រាប់វាយតម្លៃពីហានិភ័យដែលប្រឈមដោយប្រព័ន្ធខ្សែកាប្លិ៍នីមួយៗ។ សន្ទស្សន៍នេះ ពិចារណាលើកត្តានានា រួមមាន៖ ចរាចរណ៍តាមផ្លូវសមុទ្ទដ៏មមាញឹក លក្ខខណ្ឌបាតសមុទ្ទ និងតំបន់ជិតដែនសមុទ្ទ ដែលប្រទេសចិន បានប្រកាសទាមទារជាកម្មសិទ្ធិ ដូចជា តំបន់កោះតៃវ៉ាន់ និងតំបន់នានា ស្ថិតក្នុងផែនទីខ្សែបន្ទាត់ព្រំដែនចំនួន៩របស់ចិន។ លោក វូ ហ្វាង-ធី (Wu Fang-ting) អ្នកនាំពាក្យក្រសួងការបរទេសតៃវ៉ាន់ បានបញ្ជាក់ថា រដ្ឋបាលទីក្រុងតៃប៉ិ កំពុងអភិវឌ្ឍប្រព័ន្ធទំនាក់ទំនងបម្រុង ដែលមានបីស្រទាប់ ដោយប្រើប្រាស់ខ្សែកាប្លិ៍ក្រោមបាតសមុទ្ទ ប្រព័ន្ធតភ្ជាប់រលកមីក្រូវ៉េវ និងផ្កាយរណប ដើម្បីរក្សាការតភ្ជាប់ ខណៈខ្សែខ្សែកាប្លិ៍រងការខូចខាត។ សេចក្ដីរាយការណ៍នោះ បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ កាន់តែទូលំទូលាយ ដើម្បីពង្រឹងសុវត្ថិភាពខ្សែកាប្លិ៍ ដោយបានស្នើឱ្យមេដឹកកោះតៃវ៉ាន់ សហរដ្ឋអាម៉េរិក ជប៉ុន ហ្វីលីពីន និងសម្ព័ន្ធមិត្ត នៅក្នុងតំបន់ផ្សេងៗទៀត បង្កើតវេទិការួមមួយ សម្រាប់តាមដាន និងឈ្វេងយល់ពីស្ថានភាពនៅក្នុងដែនសមុទ្ទ ដើម្បីរកឱ្យឃើញនូវសកម្មភាពដ៏គួរឱ្យសង្ស័យ។

សេចក្ដីការណ៍នោះ ក៏បានជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាកាន់តែទូលំទូលាយ ដូចជាប្រព័ន្ធចាប់សញ្ញាសំឡេង តាមរយៈបណ្តាញសេនស័រ ប្រព័ន្ធរ៉ាដា ប្រភេទ Synthetic Aperture Radar និងដ្រូនមុជទឹក។ លោកស្រី ទូ ឆេន-យី (Tu Chen-yi) ជំនួយការអ្នកស្រាវជ្រាវ នៅវិទ្យាស្ថានស្រាវជ្រាវការពារជាតិ និងសន្តិសុខជាតិ (Institute for National Defense and Security Research) បានលើកឡើងថា ការបង្កើនការយល់ដឹងរួមគ្នា អំពីស្ថានភាពដែនសមុទ្ទ គឺជាបញ្ហាប្រឈមមួយដែលមិនត្រឹមតែតៃវ៉ាន់ប៉ុណ្ណោះទេ ប៉ុន្តែប្រទេសដទៃទៀត ក៏ប្រឈមមុខផងដែរ។ កត្តាដែលបង្កឱ្យមានឧបទ្ទវហេតុ (ទាក់ទងនឹងខ្សែបណ្តាញ) ទាំងនេះ និងផលប៉ះពាល់របស់វា គឺមានភាពស្មុគស្មាញ។ ការពង្រឹងការយល់ដឹងរួមគ្នា អំពីស្ថានភាពដែនសមុទ្ទ ដើម្បីលើកកម្ពស់សុវត្ថិភាព នៃការធ្វើនាវាចរណ៍ នៅតែជាជំហានដ៏សំខាន់បំផុត»៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត