
រដ្ឋធានីមូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអះអាងនៅថ្ងៃពុធទី២ ខែកញ្ញានេះថា រុស្ស៊ីកំពុងឈ្នះសង្គ្រាមនៅអ៊ុយក្រែន និងបានចាត់ទុកថ្នាក់ដឹកនាំអ៊ុយក្រែនជា«ពួកភេរវករ» ដែលរដ្ឋធានីម៉ូស្គូមិនអាចទៅជ្រលក់មាត់ចរចាជាមួយឡើយ...។

ស្តេចខ្លាឃ្មុំទឹកកក វ្ល៉ាឌីមៀ ពូទីន បានទទួលស្គាល់ថា ការវាយប្រហាររបស់អ៊ុយក្រែនចូលមកក្នុងទឹកដីរុស្ស៊ី បានបង្កការខូចខាតពិតប្រាកដមែន ហើយដ្រូន គឺជាការប្រឈមមុខដ៏ធំមួយ ប៉ុន្តែរុស្ស៊ីកំពុងវាយរុលទៅមុខយ៉ាងសន្ធាប់នៅលើសមរភូមិ។ យ៉ាងណា អ្នកចម្បាំងត្រកូលខ្លាឃ្មុំទឹកកករូបនេះ បានគ្រហឹមថា៖«ខ្ញុំ[..]គ្មានការសង្ស័យទេ ថា សត្រូវនឹងត្រូវបាក់ទ័ព!»។ ឆ្លងកាត់រយៈពេល៤ឆ្នាំកន្លះនៃសង្គ្រាម រុស្ស៊ីគ្រប់គ្រងប្រហែល១ភាគ៥ នៃដែនដីអ៊ុយក្រែន។ កិច្ចចរចាសន្តិភាពដែលសម្របសម្រួលដោយសហរដ្ឋអាម៉េរិក បានជាប់គាំងនៅទ្រឹងមួយកន្លែង បន្ទាប់ពីសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល រួមដៃគ្នា កម្ទេចអ៊ីរ៉ង់។

បន្ថែមលើនេះ លោក ពូទីន បានបង្ហើរសម្តីដ៏មុតស្រួចថា កងទ័ពរុស្ស៊ីដណ្តើមបានដី ២៧០គីឡូម៉ែត្រការ៉េ នៃតំបន់ដូណេតស្កិ៍ (Donetsk) ភាគខាងកើតប្រទេសអ៊ុយក្រែន កាលពីខែសីហា ហើយកងទ័ពអ៊ុយក្រែន ២ក្រុមធំៗ ដោយក្រុមមួយមានទ័ពចន្លោះពី ៤៥០០ ទៅ៤៨០០នាក់ និងក្រុមមួយទៀតរហូតដល់២០០០នាក់ ត្រូវបានឡោមព័ទ្ធជិតឈឹងដោយយោធារុស្ស៊ី។ លោក ពូទីន បន្តអះអាងថា រុស្ស៊ីបន្តវាយរុលឆ្ពោះទៅកាន់ទីក្រុងស្លូវៀនស្កិ៍ (Sloviansk) និងទីក្រុងក្រាមាតរស្កិ៍ (Kramatorsk) ហើយកងកម្លាំងម៉ូស្គូ កំពុងរៀបចំវាយប្រហារឱ្យចាស់ដៃលើហេដ្ឋារចនាសម្ព័ន្ធថាមពលក្នុងប្រទេសអ៊ុយក្រែន។

ជាងនេះទៅទៀត លោក ពូទីន ក៏បានលើកឡើងផងដែរថា ការព្រមានរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ទៅកាន់ក្រុមហ៊ុនអាកាសចរណ៍ ដ្រូនអ៊ុយក្រែន នឹងហោះងងឹតដែនអាកាសរុស្ស៊ីដោយប្រសិទ្ធភាពនោះ ស្ដាប់ទៅដូចជា«អំពើភេរវកម្មរដ្ឋ» ហើយរដ្ឋធានីម៉ូស្គូ នឹងរកវិធីឆ្លើយតបភ្លាមៗ ប្រសិនបើវាកើតឡើងមែន។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំកំពូលនៅប្រទេសកៀគីស្ថាន លោក ពូទីន បានព្រមានធ្ងន់ៗថា៖«វាមិនអាចទៅរួចទេ ក្នុងការចរចាជាមួយពួកភេរវករ»៕




