
រដ្ឋធានីមូស្គូ៖ សមរភូមិសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែនរយៈពេល៥ឆ្នាំ មានការប្រែប្រួលកាន់តែខ្លាំង និងគ្រោះថ្នាក់បំផុត ខណៈការប្រកួតប្រជែងផ្នែកសព្វាវុធ ភ្ជាប់ដោយបញ្ញាសិប្បនិមិត្ត(AI) បានស្តែងឱ្យឃើញនូវបច្ចេកវិទ្យាយោធាថ្មីៗ ជាក់ច្បាស់នឹងភ្នែក។ ក្នុងចំណោមនោះ ការអភិវឌ្ឍចុងក្រោយបង្អស់របស់វិមានក្រឹមឡាំង លើប្រភេទមីស៊ីលបាលីស្ទីក ដែលគេប្រសិទ្ធនាមថា«មីស៊ីលរាំ (Dancing Missile)» កំពុងក្លាយជាប្រធានបទក្ដៅគគុក និងជាការប្រកាសអាសន្នថ្មីមួយសម្រាប់សន្តិសុខអន្តរជាតិ ជាពិសេស សម្រាប់អ៊ុយក្រែន និងសម្ព័ន្ធមិត្ត...។

ដ្បិតរងទណ្ឌកម្មសេដ្ឋកិច្ច និងបច្ចេកវិទ្យាយ៉ាងធ្ងន់ធ្ងរជិត២៤០០០មុខ ពីសំណាក់សហរដ្ឋអាម៉េរិក និងបណ្តាប្រទេសលោកខាងលិចក៏ដោយ ក៏រដ្ឋធានីមូស្គូនៅតែបង្ហាញសមត្ថភាពក្នុងការផលិត និងបង្កើនឃ្លាំងអាវុធរបស់ខ្លួនក្នុងល្បឿនលឿនស្លេវ។ ការបំពាក់បច្ចេកវិទ្យាក្បាលគ្រាប់ MaRV (Maneuverable Re-entry Vehicle) ទៅលើមីស៊ីលបាលីស្ទីកចម្ងាយខ្លី និងមធ្យម ដែលអាចហោះទៅកម្ទេចសត្រូវបានក្នុងចម្ងាយ៨០០គីឡូម៉ែត្រ គឺជាការកែប្រែយុទ្ធសាស្ត្រធ្វើសង្គ្រាមសម័យថ្មីរបស់រុស្ស៊ី។ ខុសពីមីស៊ីលបាលីស្ទីករូបមន្តដើម ដែលមានគន្លងហោះហើរថេរ ប្រព័ន្ធ MaRV អនុញ្ញាតឱ្យក្បាលគ្រាប់ផ្លាស់ប្ដូរទិសដៅហោះហើរយ៉ាងរហ័ស ក្នុងវិនាទីចុងក្រោយ មុនពេលធ្លាក់ទៅកម្ទេចគោលដៅ។

អ្វីដែលគួរឱ្យព្រួយបារម្ភនៃអាវុធប្រភេទនេះ មិនមែនស្ថិតនៅលើល្បឿន ឬចម្ងាយនៃការបាញ់នោះទេ ប៉ុន្តែវាស្ថិតនៅលើភាពមិនអាចទស្សន៍ទាយបាន។ នេះមានន័យថា វាមានសមត្ថភាពបត់បែនក្នុងរយៈពេលប៉ុន្មានវិនាទីចុងក្រោយ ដែលធ្វើឱ្យប្រព័ន្ធការពារអាកាសជឿនលឿនរបស់លោកខាងលិច ដូចជា Patriot ស្ទើរតែបាត់បង់សមត្ថភាពទាំងស្រុង ក្នុងការស្ទាក់ចាប់ ឬគណនាទិសដៅហោះហើរ។ ការអភិវឌ្ឍនេះ បង្ហាញថា អនាគតនៃសង្គ្រាមបំផ្លាញមនុស្សជាតិ កំពុងផ្តោតលើបច្ចេកវិទ្យាទំនើបៗ ដែលអាចបំផ្លិចបំផ្លាញកាន់តែខ្លាំងក្លាបន្ថែមទៀត។ តើទៅថ្ងៃខាងមុខ មនុស្សជាតិរស់នៅលើផែនដីនេះ នឹងទៅជាយ៉ាងណាទៅវិញ បើប្រទេសមានបច្ចេកវិទ្យាជឿនលឿនដូចជា សហរដ្ឋអាម៉េរិក រុស្ស៊ី ចិន ឥណ្ឌា អ៊ុយក្រែន និងបណ្តាប្រទេសបស្ចឹមលោក។ល។ កំពុងប្រណាំងប្រជែងសព្វាវុធទំនើបៗ និងកាចសាហាវជាបន្តបន្ទាប់បែបនេះ..?

សូមជម្រាបថា ការដាក់ពង្រាយអាវុធយុទ្ធសាស្ត្រថ្មីដោយវិមានទឹកកកក្រឹមឡាំងនេះ មិនត្រឹមតែបន្ថែមសម្ពាធយ៉ាងធ្ងន់ធ្ងរលើប្រព័ន្ធការពារអាកាស និងហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសារព្រមានមួយទៅកាន់អង្គការណាតូ (NATO) ផងដែរ។ សកម្មភាពនេះ បាននិងកំពុងបន្តជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់ដំណើរសន្តិភាព និងធ្វើឱ្យជម្លោះកាន់តែគ្មានច្រកចេញ និងពិបាកក្នុងការគ្រប់គ្រង៕




