
រដ្ឋធានីប៊ីស្កេក៖ លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី និងលោក ស៊ី ជិនពីង ប្រធានាធិបតីចិន ត្រូវបានគេរំពឹងថា នឹងមានវត្តមាននៅប្រទេសកៀហ្ស៊ីស៊ីស្ថាន ក្នុងតំបន់អាស៊ីកណ្តាល នៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលរយៈពេល២ថ្ងៃ នៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ដោយមានការចូលរួមពីមេដឹកនាំអ៊ីរ៉ង់ និងឥណ្ឌាផងដែរ ដោយគោលបំណងបង្កើនឥទ្ធិពល ទប់ទល់ជាមួយនឹងប្លុកលោកខាងលិច។

ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលប្រមាណ១២រូប រួមទាំងប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ប៉េហ្សេគៀន (Masoud Pezeshkian) នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) និងនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក សេបាស សារីហ្វ (Shehbaz Sharif) នឹងធ្វើដំណើរទៅកាន់រដ្ឋធានីប៊ីស្កេក នៃប្រទេសកៀហ្ស៊ីស៊ីស្ថាន ដើម្បីប្រារព្ធខួប២៥ឆ្នាំ នៃអង្គការ SCO ដែលដឹកនាំប្រជុំដោយមេដឹកនាំកៀហ្ស៊ីស៊ីស្ថាន លោក សាឌីរ ចាប៉ារ៉ូវ (Sadyr Japarov)។ កិច្ចប្រជុំកំពូលនេះ ប្រព្រឹត្តទៅចំពេលដែលសង្គ្រាមនៅអ៊ុយក្រែន បង្កឡើងដោយរុស្ស៊ី បានអូសបន្លាយពេលជាង៤ឆ្នាំកន្លះ និងសង្គ្រាមរវាងក្រុងវ៉ាស៊ីនតោន និងតេហ៊ីរ៉ង់ បានផ្ទុះឡើង អស់រយៈពេល៦ខែមកនេះ។ គេសន្និដ្ឋានជាមុនថា មេដឹកនាំរុស្ស៊ី និងចិន នឹងប្រើប្រាស់វេទិកានេះ ដើម្បីជំរុញចក្ខុវិស័យពិភពលោកពហុប៉ូល និងបង្ហាញកម្លាំងរួបរួមគ្នាយ៉ាងរឹងមាំ ប្រឆាំងនឹងសហរដ្ឋអាម៉េរិក និងសម្ពន្ធមិត្ត។

លោក ពូទីន អាចនឹងជួបពិភាក្សាការងារទ្វេភាគីដាច់ដោយឡែក ជាមួយប្រធានាធិបតីអ៊ីរ៉ង់ និងមេដឹកនាំចិន ខណៈរុស្ស៊ី និងអ៊ីរ៉ង់ ជាប្រទេសរងទណ្ឌកម្មធ្ងន់ធ្ងរខ្លាំងជាងគេ។ កិច្ចប្រជុំកំពូលនៅរដ្ឋធានីប៊ីស្កេក កើតឡើងចំពេលសមាជិក SCO មួយចំនួន កំពុងជាប់ដៃក្នុងសង្គ្រាមប្រដាប់អាវុធផ្ទាល់ និងសង្គ្រាមពាណិជ្ជកម្ម ជុំវិញការដំឡើងពន្ធគយពីសំណាក់សហរដ្ឋអាម៉េរិកលើទំនិញចិន និងឥណ្ឌា។ ថ្មីៗនេះ សហរដ្ឋអាម៉េរិក បានដាក់ទណ្ឌកម្មបន្ទាប់បន្សំលើដៃគូវិនិយោគរបស់អ៊ីរ៉ង់ ក្នុងគោលបំណងបំផ្លាញសេដ្ឋកិច្ចក្រុងតេហ៊ីរ៉ង់។ ប៉ុន្តែចិនបានប្រកាសឆ្លើយតបវិញថា នឹងការពារផលប្រយោជន៍របស់ខ្លួនយ៉ាងរឹងមាំ។ សូមបញ្ជាក់ថា ប្លុក SCO គឺតំណាងឱ្យប្រជាជនប្រមាណ ៤០ភាគរយ នៃពិភពលោក និង២៥ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) សកល៕



