
កីឡា៖ រឿងរ៉ាវដែលអ្នកគាំទ្របាល់ទាត់អាហ្សង់ទីន មិនចង់ឃើញបានមកដល់ហើយ! នោះគឺការលើកដៃបក់លារបស់កីឡាករ លីអូណែល ម៉េសស៊ី (Lionel Messi) ចេញពីក្រុមជម្រើសជាតិពពកស អាហ្សង់ទីន ដែលការលាអ្នកគាំទ្រក្រុមជម្រើសជាតិនៅពេលនេះ នឹងធ្វើឱ្យមានអ្នកស្រក់ទឹកភ្នែកនៅលើទីលានមិនខាន…។

ប្រភពព័ត៌មានបានឱ្យដឹងថា កំពូលតារាបាល់ទាត់ លីអូណែល ម៉េសស៊ី ត្រូវបានរំពឹងគេថា នឹងធ្វើដំណើរមកដល់ប្រទេសកំណើត[អាហ្សង់ទីន] នៅដើមខែតុលាខាងមុខ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតចុងក្រោយបង្អស់របស់លោក ជាមួយអាវលេខ១០នៃក្រុមជម្រើសជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ខាងមុខ នៅពហុកីឡដ្ឋានប្រវត្តិសាស្ត្រ Estadio Mâs Monumental។ ពិធីលាគ្នា នារាត្រីនោះ គេរំពឹងថា នឹងមានភាពអស្ចារ្យ និងរំភើបញាប់ញ័រលើសពីការប្រកួតមិត្តភាព តទល់នឹងក្រុមបេនីន (Benin) ទៅទៀត ដោយសារភាគីពាក់ព័ន្ធ បានរៀបចំផែនការយ៉ាងផ្ចិតផ្ចង់ និងយកចិត្តទុកដាក់បំផុត សម្រាប់វីរបុរសបាត់ទាត់ជាតិរូបនេះ។

ជាមួយគ្នាផងដែរ នឹងមានកម្មវិធីពិសេសៗជាច្រើន ត្រូវបានរៀបចំដូចជា ការរៀបចំទង់ជាតិអាហ្សង់ទីន និងបដាយ៉ាងច្រើនស្អេកស្កះនៅជុំវិញកីឡដ្ឋាន ដើម្បីគោរពដល់ការលះបង់របស់លោក ក្នុងវិស័យបាល់ទាត់ក្នុងក្រុមជម្រើសជាតិ, ការចាក់បញ្ចាំងផ្ទាំងអិលអ៊ីឌី (LED) ដ៏ធំ ឆ្លុះបញ្ចាំងពីដំណើរសាច់រឿងជីវិត និងអាជីពបាល់ទាត់របស់ លីអូណែល ម៉េសស៊ី ចាប់តាំងពីថ្ងៃចាប់ផ្តើមដំបូង រហូតដល់ថ្ងៃបញ្ចប់អាជីពជម្រើសជាតិ, វត្តមានឥស្សរជន និងវីរបុរសបាល់ទាត់ល្បីៗជាច្រើន នឹងត្រូវអញ្ជើញមកចូលរួមជាសាក្សីជាប្រវត្តិសាស្ត្រនេះ, រួមជាមួយព្រឹត្តិការណ៍សម្ដែងការគោរពជាពិសេសមុនពេលការប្រកួតចាប់ផ្តើមឡើង។

ចំណុចដែលរំភើបញាប់ញ័របំផុតនោះ គឺបន្ទាប់ពីអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត វីដេអូហាយឡាយជីវិតរបស់ លីអូណែល ម៉េសស៊ី នឹងត្រូវចាក់បញ្ចាំង មុនពេលលោក ទទួលឧឃោសនសព្ទថ្លែងសារលាគ្នាជាលើកចុងក្រោយ ក៏ដូចជាការថ្លែងអំណរគុណដល់អ្នកគាំទ្រនៅទូទាំងពិភពលោក៕




