ក្រោនដណ្តើមបាន៣ពិន្ទុក្នុងដី ខណៈស្វាយរៀងសង្ឃឹមស្តារដើមវិញនៅជុំទី២ ពេលជួប Shanghai Shenhua
Chanmarady Chuon
4 ម៉ោងមុន

កីឡា៖ បន្ទាប់ពីបញ្ចប់ការប្រកួតបើកឆាកសប្តាហ៍ទី១ នៃពានរង្វាន់ជើងឯកបាល់ទាត់តំបន់អាស៊ី AFC Champion League 2 (ACL2) កាលពីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ម្សិលមិញ ក្រុមតំណាងប្រទេសកម្ពុជាទាំងពីរ ទទួលបានលទ្ធផលផ្ទុយគ្នា ពោលគឺក្រុមភ្នំពេញក្រោនឈរនៅលើកំពូលតារាងពូល H ខណៈក្រុមព្រះខ័នរាជស្វាយរៀង ឈរនៅបាតរាងពូល G ក្រោយក្រុម Machida Zelvia របស់ជប៉ុន បំប៉ោងសំណាញ់ទីដល់ទៅ២គ្រាប់នាជុំទី១នេះ...។

ក្លិបបាល់ទាត់ភ្នំពេញក្រោន ធ្វើបានយ៉ាងល្អដោយបានយកឈ្នះក្រុម Kuching របស់ម៉ាឡេស៊ី ក្នុងលទ្ធផល ២-១ ទទួលបាន៣ពិន្ទុពេញ និងមានគ្រាប់បាល់ចំណេញ១គ្រាប់ ឈរលេខ១ នៅកំពូលតារាងបណ្ដោះអាសន្ន។ ចំណែកក្រុម Gangwon និង Kitchee ចែកគ្នា១ពិន្ទុដូចគ្នា ក្រោយប្រកួតស្មើ ០-០ ឈរនៅលេខរៀងទី២ និងទី៣ ខណៈ Kuching ស្ថិតនៅបាតតារាង។ ចំណែក ពូល G ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ជួបការខកចិត្តនាការប្រកួតបើកឆាក ដោយរងបរាជ័យក្រោមថ្វីជើងក្រុមខ្លាំងប្រចាំពូល Machida Zelvia របស់ជប៉ុន ក្នុងលទ្ធផល ០-២ ។ យ៉ាងណា ក្រុមស្វាយរៀងនៅមានឱកាសសងសឹកក្រុម Machida Zelvia វិញ នៅ Machida Zelvia ហោះមកទឹកដីកម្ពុជា។ លទ្ធផលតារាងពូល G ក្រុម Machida Zelvia មាន៣ពិន្ទុ តាមពីក្រោយដោយ ក្រុម Shanghai Shenhua មាន៣ពិន្ទុដូចគ្នា តែចាញ់គ្រាប់បាល់ ក្រុម Machida Zelvia មួយគ្រាប់ ក្រោយយកឈ្នះ ក្រុម Tampines Rovers ២-១។

ប្រកួតបន្ទាប់ សម្រាប់ក្រុមសិង្ហក្រហម នៅវេលាម៉ោង៥:០០នាទីល្ងាចថ្ងៃទី១៥ ខែតុលា ត្រូវតតាំងជាមួយ ក្រុម Gangwon មកពីកូរ៉េខាងត្បូង ដែលទើបតែលេងស្មើគ្នាជាមួយក្រុម Kitchee ០-០។ ជុំទី២នេះ អាចនិយាយបានថា ក្រុមសិង្ហក្រហមភ្នំពេញក្រោន អាចនឹងត្រូវធ្វើការធ្ងន់ជាងជុំទី១ ព្រោះក្រុម Gangwon មកពីកូរ៉េខាងត្បូង មានសមត្ថភាពមិនធម្មតាឡើយ ទោះបីលេងស្មើជាមួយក្រុម Kitchee ពិតមែន តែទម្រង់លេងរបស់ក្រុម Gangwon មុតស្រួចមិនធម្មតាឡើយ។ ចំណែកក្រុមព្រះខ័នរាជស្វាយរៀង ការប្រកួតជុំទី២ ប៉ះជាមួយក្រុម Shanghai Shenhua របស់ប្រទេសចិន នៅវេលាម៉ោង៧:១៥យប់ថ្ងៃទី១៥តុលាដូចគ្នា គឺជាការប្រកួតដ៏សំខាន់មួយ ដើម្បីប្រជែងយក៣ពិន្ទុដំបូងរបស់ខ្លួន។ ដូច្នេះ ក្នុងនាមជាក្រុមជើងឯកនៃលីកកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង មិនអាចចាញ់ពីរប្រកួតជាប់គ្នាបានឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត