
គុនខ្មែរ៖ ពិភពគុនខ្មែរកំពុងមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីគ្រូបង្វឹក និងជាកីឡាករល្បីឈ្មោះ លោកគ្រូ ឡោ សំណាង ម្ចាស់ក្លិបឡោ សំណាង គ្រុឌ គុនខ្មែរ ចេញមកទម្លាយអារម្មណ៍ពិតនៅលើបណ្តាញសង្គម ពីបំណងចង់បិទទ្វារសាលាគុនរបស់ខ្លួន ដោយសារតែការផ្គត់ផ្គង់មិនរួច និងមិនអាចបង្វឹកសិស្សគុនឱ្យដល់កម្រិតA បាន...។

លោកគ្រូ ឡោ សំណាង បានបង្ហោះសំណេររៀបរាប់នៅលើបណ្តាញសង្គម ទាំងឈឺចាប់ថា៖«មានតែស្នើសុំបិទក្លឹបទេ ទើបមិនស្មុគស្មាញ ព្រោះខ្ញុំមិនមានសមត្ថភាពចិញ្ចឹមក្មេងៗរហូតដល់ថ្នាក់ខ្លួនស្ត្រេសខ្លាំងបែបនេះទៀតទេ..! សុំទោសបងប្អូនដែលខ្ញុំធ្វើមិនបាន ស៊ូលែងបានហើយ»។ តាមរយៈសារសំឡេង ដែលបានបែកធ្លាយនៅលើបណ្ដាញសង្គម នៅរសៀលថ្ងៃពុធទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ គ្រូក្បាច់គុនខ្មែររូបនេះ គូសបញ្ជាក់ថា មូលហេតុធំដែលនាំឱ្យលោកសម្រេចចិត្តបែបនេះ គឺដោយសារតែអារម្មណ៍រអៀសចិត្តចំពោះក្រុមហ៊ុនឧបត្ថម្ភ និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលបានជួយជ្រោមជ្រែងក្លិបលោកតាំងពីថ្ងៃបើកដំបូង រហូតមកដល់បច្ចុប្បន្ន មានរយៈពេលជាង១ឆ្នាំហើយ ប៉ុន្តែ រូបលោកនៅតែមិនទាន់មានសមត្ថភាពបណ្ដុះបណ្ដាលសិស្សណាម្នាក់ ឱ្យឈានដល់កម្រិត A (កម្រិតកំពូល) បាននៅឡើយ ដោយភាគច្រើននៅត្រឹមជាកីឡាករកម្រិតថ្នាល។

គួរជម្រាបថា ក្លិប ឡោ សំណាង គ្រុឌ គុនខ្មែរ ត្រូវបានបង្កើតឡើងរយៈពេលជាង១ឆ្នាំមកហើយ ដោយមានការចូលរួមឧបត្ថម្ភពីក្រុមហ៊ុនភេសជ្ជៈក្នុងស្រុកដ៏ធំមួយ រួមជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។ ការចេញមកទម្លាយភាពទាល់ច្រកនេះ បានធ្វើឱ្យមហាជន និងអ្នកស្នេហាកីឡាគុនខ្មែរ រំជួលចិត្តជាខ្លាំង។ អ្នកគាំទ្រជាច្រើនបានលើកឡើង ដោយក្ដីយល់ចិត្តថា ក្នុងនាមជាគ្រូបង្វឹកម្នាក់ ការទ្រទ្រង់ជីវភាពកូនសិស្សរហូតដល់ពី១០ទៅ២០នាក់ មិនមែនជារឿងងាយស្រួលទេ ខណៈដែលសិស្សថ្នាលភាគច្រើនពុំទាន់មានឈ្មោះប្រកួត ឬប្រកួតបានត្រឹមកម្មវិធីតូចៗ ដែលមានតម្លៃខ្លួនទាប។ កន្លងមក គេតែងឃើញ លោកគ្រូ ឡោ សំណាង ព្យាយាមប្រឹងប្រែងគ្រប់សព្វបែបយ៉ាង រហូតសុខចិត្តឡើងប្រកួតដោយមិនរើសវិញ្ញាសា ដើម្បីយកប្រាក់កម្រៃមកចិញ្ចឹម និងផ្គត់ផ្គង់សិស្សក្នុងក្លិប។

យ៉ាងណា មហាជន និងអ្នកគាំទ្រ បានចូលទៅលើកទឹកចិត្ត ដោយស្នើកុំឱ្យលោកគ្រូបោះបង់ចោលក្ដីស្រមៃឡើយ ព្រមទាំងបានផ្ទុះមតិណែនាំដំណោះស្រាយជាច្រើន។ ក្នុងនោះ ពួកគេបានស្នើឱ្យលោកគ្រូផ្អាកទទួលសិស្សថ្មី និងកាត់បន្ថយមកត្រឹមចំនួនតិចតួចបំផុត ដើម្បីសម្រាលបន្ទុក ហើយងាកមកផ្តោតលើគុណភាពហ្វឹកហាត់ជាធំ។ ទន្ទឹមនឹងនេះ គួរលើកទឹកចិត្តឱ្យកូនសិស្សរកការងារធ្វើបន្ថែមចន្លោះពេលទំនេរ ដើម្បីជួយថ្លៃអាហារ ដើរទន្ទឹមគ្នានឹងការប្រកាន់វិន័យតឹងរ៉ឹង។ បន្ថែមពីនេះ លោកគ្រូគួរបង្កើនការថតសកម្មភាពរស់នៅ និងការហ្វឹកហាត់ផ្សព្វផ្សាយលើបណ្តាញសង្គមឱ្យបានច្រើន ដើម្បីទាក់ទាញការជួយជ្រោមជ្រែងពីសប្បុរសជន និងម្ចាស់ជំនួយបន្ថែម។ តាមរយៈការកែប្រែយុទ្ធសាស្ត្រទាំងនេះ មហាជនសង្ឃឹមយ៉ាងមុតមាំថា លោកគ្រូ ឡោ សំណាង នឹងអាចឆ្លងផុតវិបត្តិផ្លូវចិត្តមួយនេះ ហើយបន្តបេសកកម្មបណ្ដុះបណ្ដាលធនធានគុនខ្មែរទៅមុខទៀតដោយរលូន៕





