តើប៉ាគីស្ថាន មានកម្លាំងយោធាខ្លាំងប៉ុនណា?
ហៀប ស៊ីថេត
15 ម៉ោងមុន

រដ្ឋធានីអុីស្លាម៉ាបាដ៖ ប៉ាគីស្ថាន បាននិងកំពុងពង្រីកឥទ្ធិពល និងពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិកាន់តែខ្លាំងជាមួយបណ្តាប្រទេសក្នុងតំបន់ឈូងសមុទ្ទ ជាពិសេសជាមួយគុយវ៉ែត និងអារ៉ាប៊ីសាអូឌីត ខណៈពិភពលោកបានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើសមត្ថភាពយោធាពិតប្រាកដរបស់ប្រទេសនេះ។ យោងតាមទិន្នន័យពីវិទ្យាស្ថានអន្តរជាតិសម្រាប់សិក្សាយុទ្ធសាស្ត្រ (IISS) ប៉ាគីស្ថានមិនត្រឹមតែជាមហាអំណាចនុយក្លេអ៊ែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានកងកម្លាំងយោធាដ៏ធំមួយនៅក្នុងតំបន់អាស៊ីទៀតផង។

ប៉ាគីស្ថានមានកងទ័ពសកម្មធំជាងគេលំដាប់ទី៤ នៅក្នុងតំបន់អាស៊ី ដោយគិតផ្អែកលើចំនួនកងកម្លាំងយោធាសកម្ម ពោលគឺស្ថិតនៅពីក្រោយប្រទេសចិន ឥណ្ឌា និងកូរ៉េខាងជើង។ ប្រទេសនេះមានកងកម្លាំងយោធាសកម្មសរុបចំនួន៦,៦សែននាក់ ក្នុងនោះ ៥,៦សែននាក់ស្ថិតនៅក្នុងកងទ័ពជើងគោក, ៧ម៉ឺននាក់ ស្ថិតនៅក្នុងកងទ័ពជើងអាកាស និង៣ម៉ឺននាក់នៅក្នុងកងទ័ពជើងទឹក រួមទាំងកងម៉ារីនចំនួន៣២០០នាក់ផងដែរ។ សម្រាប់កងទ័ពជើងគោក ប៉ាគីស្ថានមានការត្រៀមលក្ខណៈប្រយុទ្ធយ៉ាងពេញលេញជាមួយនឹងកាំភ្លើងធំជាង៤៦០០ដើម និងរថក្រោះប្រយុទ្ធធុនធ្ងន់ជាង ២៥៧០គ្រឿង។ ក្រឡេកមកមើលកម្លាំងអាកាសវិញ ប៉ាគីស្ថានមានយន្តហោះចម្បាំងទំនើបៗជាង៤២០គ្រឿង ដោយក្នុងនោះក៏រួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាអាម៉េរិក យន្តហោះចម្បាំង F-16, J-10C និង JF-17 Thunder។

ចំណែកឯកងទ័ពជើងទឹកវិញ ក៏មានសមត្ថភាពការពារដែនសមុទ្ទដ៏រឹងមាំ ដោយមាននាវាមុជទឹកចំនួន៨គ្រឿង និងនាវាចម្បាំងធុនធំចំនួន១២គ្រឿង។ លើសពីកម្លាំងធម្មតា ប៉ាគីស្ថានរក្សាបាននូវសមត្ថភាពខ្ពស់ក្នុងការបាញ់បង្ហោះមីស៊ីលយុទ្ធសាស្ត្រទាំងប្រភេទបាញ់លើដី និងប្រភេទបាញ់លើអាកាស។ កត្តាដែលធ្វើឱ្យប៉ាគីស្ថានក្លាយជាតួអង្គសំខាន់នៅក្នុងនយោបាយសន្តិសុខអន្តរជាតិ គឺឃ្លាំងអាវុធនុយក្លេអ៊ែប្រហែល ១៧០គ្រាប់នៅក្នុងស្តុក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត