
រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅ និងជាពិសេសជាលក្ខណៈបុគ្គល ចំពោះលោកប្រធានាធិបតីចិន ស៊ី ជីនពីង នៅពេលអញ្ជើញទៅដល់អាកាសយានដ្ឋានកងទ័ពអាកាស Joint Base Andrews ក្បែររដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃព្រហស្បតិ៍ទី២៤ ខែកញ្ញានេះ ដើម្បីចាប់ផ្តើមទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៣ថ្ងៃ ក្នុងគោលបំណងកាត់បន្ថយភាពតានតឹងរវាងមហាអំណាចទាំង២ លើបញ្ហា AI, ពាណិជ្ជកម្ម និងវិបត្តិនៅអ៊ីរ៉ង់...។

ជំនួបកំពូលនេះ ផ្តោតសំខាន់លើពិធីការ និងការរៀបចំជាជាងលទ្ធផលជាដុំកំភួន ប៉ុន្តែលទ្ធផលវិជ្ជមានដំបូងមួយត្រូវបានសម្រេចភ្លាមៗ នៅពេលដែលរដ្ឋធានីវ៉ាស៊ីនតោន បានប្រកាសពន្យារពេលសង្គ្រាមពាណិជ្ជកម្មជាមួយរដ្ឋធានីប៉េកាំងបន្ថែមរយៈពេល២ខែ ដែលដើមឡើយត្រូវផុតកំណត់នៅខែវិច្ឆិកា។ នៅលើកម្រាលព្រំក្រហម លោក ត្រាំ និងលោកស្រី មេឡានី (Melania) បានចាប់ដៃស្វាគមន៍លោក ស៊ី និងលោកស្រី ផេង លីយ័ន (Peng Liyuan) ភ្លាមៗបន្ទាប់ពីប្រធានាធិបតីចិន ចុះពីលើយន្តហោះ។ លោក ត្រាំ និងលោក ស៊ី បានឈរទន្ទឹមគ្នានៅលើផ្លូវរត់យន្តហោះ ខណៈក្រុមតន្ត្រីយោធាបានប្រគំភ្លេងជាតិរបស់ប្រទេសទាំង២ យ៉ាងអាធិកអធម អមជាមួយសំឡេងយន្តហោះទម្លាក់គ្រាប់បែក B-1 ចំនួន២គ្រឿង ហោះកក្រើកមេឃ។

លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មាននៅសេតវិមានថា៖«ខ្ញុំគិតថា វាជាជំនួបស្វាគមន៍ដ៏ល្អ ហើយខ្ញុំជឿថាតាមរយៈនេះ ពួកគាត់ពិតជាកោតសរសើរ»។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិនស៊ិនហួ (Xinhua) បានរាយការណ៍ថា ចិន និងអាម៉េរិក គួរបន្តធ្វើជាដៃគូជាជាងគូប្រជែង ហើយតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដំណើរទស្សនកិច្ចនៅសហរដ្ឋអាម៉េរិកនេះ ប្រាកដជានឹងទទួលបានលទ្ធផលផ្លែផ្កា។ បញ្ហាសង្គ្រាមនៅអ៊ីរ៉ង់នឹងត្រូវលើកយកទៅពិភាក្សា ចំពេលមានរបាយការណ៍ថា ចិនបានផ្តល់ព័ត៌មានការសម្ងាត់ដល់រដ្ឋធានីតេហេរ៉ង់។ ជុំវិញបញ្ហាសង្គ្រាមពាណិជ្ជកម្ម រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក លោក ស្កុត បេសសិន (Scott Bessent) បានប្រកាសថា ការផ្អាកភាពតានតឹងសេដ្ឋកិច្ច នឹងត្រូវពន្យារពេលរហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៧ ហួសពីកាលបរិច្ឆេទដើមថ្ងៃទី១០ ខែវិច្ឆិកា។ លើសពីនេះ បញ្ញាសិប្បនិម្មិត(AI) ត្រូវបានរំពឹងថា នឹងគ្របដណ្ដប់លើកិច្ចប្រជុំកំពូលនេះ ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា បច្ចេកវិទ្យានេះអាចប្រឈមនឹងហានិភ័យបំផ្លាញមនុស្សជាតិ ស្របពេលចិន និងអាម៉េរិកកំពុងប្រកួតប្រជែងដើម្បីដណ្តើមឧត្តមភាពលើវិស័យនេះ៕






