
រដ្ឋធានីហាណូយ៖ ភ្លៀងដ៏ខ្លាំងបានវាយប្រហារលើទីក្រុងព្រៃនគរ ឬហូជីមិញ ប្រទេសវៀតណាម បណ្ដាលឱ្យមានទឹកជំនន់ជន់លិចភ្លាមៗ ប៉ុន្ដែសម្រាប់ក្រុមភ្ញៀវទេសចរបរទេស បែរជាអត់ខ្វល់ ខណៈពួកគេនាំគ្នាអង្គុយក្រេបស្រាបៀរធ្វើព្រងើយ។

បើតាមសារព័ត៌មានវៀតណាម VN Express បានចុះផ្សាយនៅរសៀលថ្ងៃពុធទី២៣ ខែកញ្ញានេះថា ភ្លៀងបានធ្លាក់យ៉ាងខ្លាំង ត្រឹមរយៈពេលតែជាងមួយម៉ោងប៉ុណ្ណោះ ទឹកបានជន់លិចផ្លូវជាច្រើននៅក្នុងទីក្រុងពាណិជ្ជកម្មព្រៃនគរ ដោយបានបណ្ដាលឱ្យមានការកកស្ទះចរាចរណ៍ ខណៈបុគ្គលិក កម្មករ និងភ្ញៀវទេសចរ ដើរលុយទឹកជំនន់់កណ្តាលទីក្រុង ដោយមិនខ្វល់ពីជំនន់ទឹកភ្លៀងទាំងនោះឡើយ។ បើតាមមជ្ឈមណ្ឌលឧតុនិយម និងជលសាស្ត្រតំបន់ភាគខាងត្បូង ប្រទេសវៀតណាម បានឱ្យដឹងថា បរិមាណទឹកភ្លៀងសរុបនៅទីក្រុងព្រៃនគរ ចាប់ពីវេលាម៉ោង១រសៀលថ្ងៃពុធ នឹងមានកម្រិតចន្លោះពី៧០ទៅ១០០មិល្លីម៉ែត្រ ហើយវាអាចលើសពី១៥០មិល្លីម៉ែត្រ នៅតាមតំបន់ខ្លះ។

ទឹកភ្លៀងធ្លាក់នៅតំបន់សំខាន់ ត្រូវបានព្យាករថា នឹងបន្តធ្លាក់រហូតដល់ល្ងាច ឬយប់ថ្ងៃពុធដដែលនេះ ដោយភ្លៀងធ្លាក់ខ្លាំងជាច្រើនលើករួចមកហើយ ចាប់តាំងពីដើមសប្តាហ៍រហូតមក។ ទោះជាយ៉ាងនេះក្ដី អ្នកស្រុក និងភ្ញៀវទេសចរបរទេស បាននាំគ្នាអង្គុយលើកៅអីខ្ពស់ៗ និងផឹកស្រាបៀរ ខណៈទឹកកំពុងជន់លិចនៅតាមដងផ្លូវ។ អ្នកស្រុក និងភ្ញៀវទេសចរបរទេសនៅទីនេះ ស៊ាំនឹងស្ថានភាពទឹកជំនន់បែបនេះទៅហើយ ហើយពួកគេខ្លះ ថែមទាំងហាក់ដូចជាពេញចិត្តនឹងស្ថានភាពបែបនេះថែមទៀតផង៕



