រដ្ឋាភិបាលថៃ ភ័យខ្លាចជនជាតិអ៊ីស្រាអែលដើរទិញដីនៅភាគខាងត្បូង បញ្ជាឱ្យស៊ើបអង្កេតបន្ទាន់
S
Sinuon Nop
13 ម៉ោងមុន

រាជធានីបាងកក៖ ក្រោយផ្ទុះបាតុកម្មនៅរាជធានីបាងកក ក្រោមពាក្យស្លាក«យកប្រទេសថៃរបស់យើងត្រឡប់មកវិញ» កាលពីពេលថ្មីៗនេះ ជាមួយនឹងការព្រួយបារម្ភអំពីជនជាតិអ៊ីស្រាអែល អាចនឹងគ្រប់គ្រងប្រទេសរបស់ខ្លួន នៅថ្ងៃអនាគត ឥឡូវរាជរដ្ឋាភិបាលថៃ បានចេញបញ្ជាឱ្យមានការស៊ើបអង្កេតលើដីធ្លីមួយចំនួន ដែលទិញដោយជនជាតិជ្វីហ្វ នៅភាគខាងត្បូងប្រទេស...។

សារព័ត៌មានរបស់ប្រទេសថៃ បានចុះផ្សាយថា អនុរដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ លោក ពលពង្ស សុវណ្ណឆវី (พลพีร์ สุวรรณฉวี) កាលពីថ្ងៃអង្គារទី២២ ខែកញ្ញា ឆ្នាំ២០២៦ បានបញ្ជាឱ្យអាជ្ញាធរស៊ើបអង្កេតលើសេចក្តីរាយការណ៍ អំពីការទិញដីធ្លីនៅខេត្តភាគខាងត្បូងទាំងបីរបស់ប្រទេសថៃ ដោយក្រុមហ៊ុនពាណិជ្ជកម្ម មានទំនាក់ទំនងជាមួយអ៊ីស្រាអែល។ ស្របគ្នានេះដែរ អនុរដ្ឋមន្រ្ដីក្រសួងមហាផ្ទៃថៃ បានបញ្ជាក់ថា លោកចង់ដឹងច្បាស់ ថាតើនរណាជាម្ចាស់អចលនទ្រព្យទាំងនោះ ហើយថា ដីធ្លីទាំងនោះ គឺគេមានគម្រោងប្រើប្រាស់សម្រាប់គោលបំណងអ្វី។

ថ្លែងនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃអង្គារ មន្រ្ដីជាន់ខ្ពស់ក្រសួងមហាផ្ទៃរូបនេះ ក៏បានលើកឡើង អំពីសេចក្តីរាយការណ៍មួយ ស្តីពីការបង្កើតមជ្ឈមណ្ឌចាបាដ(Chabad)ថ្មីៗ នៅភាគខាងត្បូងប្រទេសថៃ ហើយបានអំពាវនាវឱ្យមានការត្រួតពិនិត្យលើកម្មសិទ្ធិដីធ្លី លិខិតអនុញ្ញាតសាងសង់ ប្រភពហិរញ្ញវត្ថុ និងសកម្មភាពនានារបស់មជ្ឈមណ្ឌលទាំងនោះ។ បច្ចុប្បន្ន ប្រទេសថៃមានមជ្ឈមណ្ឌល Chabad ប្រហែល៨ ឬ៩កន្លែង នៅទូទាំងប្រទេស។ ដោយឡែក សម្រាប់ខេត្តភូកេត លោកបានណែនាំដល់អភិបាលខេត្ត ត្រូវត្រួតពិនិត្យឱ្យបានហ្មត់ចត់។

បើតាមអនុរដ្ឋមន្រ្ដីក្រសួងមហាផ្ទៃថៃ បានឱ្យដឹងថា អាជ្ញាធរបានរកឃើញភាពមិនប្រក្រតី ពាក់ព័ន្ធនឹងលិខិតអនុញ្ញាតបើកមជ្ឈមណ្ឌលឆាបេធ មួយកន្លែង ស្ថិតក្នុងខេត្តភូកេត រួមទាំងការងារសាងសង់នៅជាន់ទី៦។ មជ្ឈមណ្ឌលនោះ ត្រូវបានផ្តល់រយៈពេល៣០ថ្ងៃ ដើម្បីស្នើសុំលិខិតអនុញ្ញាត ដែលចាំបាច់ ឬដាក់ឯកសារដែលតម្រូវឱ្យមាន។ ប្រសិនបើពួកគេមិនអាចអនុវត្តតាមបទបញ្ជា ការរុះរើអគារអាចនឹងតម្រូវឱ្យធ្វើឡើង។

លោកអនុរដ្ឋមន្រ្ដី បានបន្ថែមថា៖«ប្រសិនបើពួកគេកំពុងវិនិយោគទឹកប្រាក់ ចាប់ពី២០លានបាត ឬ១០០លានបាត ឬចន្លោះពី៦០ម៉ឺនទៅជាង៣លានដុល្លារអាម៉េរិក ខ្ញុំចង់ដឹងថា ប្រាក់នោះបានមកពីណា»។ សមាជិកសភាមួយចំនួន បានផ្តល់ព័ត៌មានដល់លោក ដោយចោទប្រកាន់ថា បណ្តាញមួយរបស់អ៊ីស្រាអែល រួមមាន ក្រុមហ៊ុននានា ពាក់ព័ន្ធនឹងអាជីវកម្មទីបញ្ចុះសព និងអាជីវកម្មផ្សេងទៀត បានទិញដីមានតម្លៃជិត១០០លានបាត នៅតាមបណ្តាខេត្តជាប់ព្រំដែនភាគខាងត្បូងទាំងបីរបស់ប្រទេសថៃ។ មួយវិញទៀត លោកមានការព្រួយបាម្ភថា ប្រសិនបើអចលនទ្រព្យទាំងនោះ ត្រូវប្រើប្រាស់ សម្រាប់សកម្មភាពមួយចំនួន វាអាចបង្កឱ្យមានភាពតានតឹង ពាក់ព័ន្ធនឹងសាសនា ឬវប្បធម៌ក្នុងតំបន់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត