ទីក្រុងរកស៊ីផ្លូវភេទរបស់ថៃលិចទឹកកម្ពស់១ម៉ែត្រ ខណៈចរាចរណ៍កកស្ទះណែនណាន់តាន់តាប់
ហៀប ស៊ីថេត
9 ម៉ោងមុន

រាជធានីបាងកក៖ ភ្លៀងធ្លាក់យ៉ាងគំហុកដូចបាក់មេឃស្រោចលើទីក្រុងប៉ាតាយ៉ា បង្កឱ្យមានគ្រោះទឹកជំនន់ជន់លិចកម្ពស់១ម៉ែត្រ ខណៈចរាចរណ៍កកស្ទះបង្កឱ្យយានយន្តទៅមុខមិនរួច ថយក្រោយមិនកើត។ អាជ្ញាធរកំពុងប្រញាប់ប្រញាល់ពន្លឿនការបូមរំដោះទឹក ហើយភ្លៀងធ្លាក់ខ្លាំង ត្រូវបានគេរំពឹងថា នឹងបន្តកើតមានចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញា។

នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ទីក្រុងប៉ាតាយ៉ា ដែលជាទីតាំងប្រកបរបររកស៊ីផ្លូវភេទយ៉ាងសកម្មបំផុតល្បីពេញពិភពលោក បានរងគ្រោះដោយមេឃធ្លាក់ភ្លៀងខ្លាំង ឥតដាច់គ្រាប់ បណ្ដាលឱ្យកើតមានទឹកជំនន់ជន់លិចលង់យ៉ាងឆាប់រហ័ស នៅតាមតំបន់ទំនាប និងតំបន់ងាយរងគ្រោះ ដោយកម្ពស់ទឹកកើនឡើងរហូតដល់១ម៉ែត្រ នៅចំណុចមួយចំនួន។ អាជ្ញាធរ បានចុះអន្តរាគមន៍បន្ទាន់មួយ ដើម្បីជួយបូមទឹកចេញ និងបានបិទចរាចរណ៍នៅតំបន់ដែលមានកម្ពស់ទឹកខ្ពស់ ដើម្បីសុវត្ថិភាពសាធារណៈ។ តំបន់មានកម្ពស់ទឹកខ្ពស់ គឺមិនអាចឱ្យយានយន្តតូចៗ ធ្វើដំណើរឆ្លងកាត់បានឡើយ ទន្ទឹមនឹងអាជ្ញាធរ បានចុះត្រួតពិនិត្យចរាចរណ៍ និងខិតខំបូមរំដោះទឹកចេញពីតំបន់រងផលប៉ះពាល់។ 

បច្ចុប្បន្ន មន្ត្រីសាលាក្រុងប៉ាតាយ៉ាកំពុងតាមដានស្ថានភាពយ៉ាងយកចិត្តទុកដាក់ និងកំពុងប្រញាប់ប្រញាល់បូមទឹកចេញពីតំបន់ប្រឈមហានិភ័យខ្ពស់។ ជាមួយគ្នា អាជ្ញាធរបានអំពាវនាវដល់សាធារណជនឱ្យជៀសវាងការធ្វើដំណើរតាមផ្លូវ ដែលមានការលិចលង់ខ្លាំង និងតាមដានព័ត៌មាន នៃជំនន់ទឹកភ្លៀងឱ្យបានដិតដល់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត