នាគរាជចិន ស្កាត់ទៅជួបស្ដេចឥន្ទ្រីដល់ផ្ទះជជែកគ្នារឿងសន្ដិសុខ កក្រើកពិភពលោក
S
Sinuon Nop
14 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ មេដឹកនាំចិន លោក ស៊ី ជិនពីង និងលោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវគេរំពឹងថា នឹងជួបគ្នានៅលើទឹកដីសហរដ្ឋអាម៉េរិក នាថ្ងៃព្រហស្បតិ៍ទី២៤កញ្ញា ស្អែកនេះ ខណៈជំនួបមេដឹកនាំប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំង២ នឹងមានការជជែកវែកញែកដ៏តានតឹង លើបញ្ហាសង្គ្រាមឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន, សង្គ្រាមសហរដ្ឋអាម៉េរិក-អ៊ីស្រាអែល ប្រឆាំងអ៊ីរ៉ង់ និងការពង្រីកកម្លាំងយោធារបស់រដ្ឋាភិបាលរដ្ឋធានីប៉េកាំង ប្រឆាំងនឹងកោះតៃវ៉ាន់..។ល។

សារព័ត៌មាន Taiwan News បានចេញផ្សាយនៅរសៀលថ្ងៃពុធទី២៣ ខែកញ្ញានេះថា មេដឹកនាំចិន លោក ស៊ី ជិនពីង (Xi Jinping) ត្រូវគេរំពឹងថា នឹងលើកយកសេចក្តីថ្លែងការណ៍រួម រវាងសហរដ្ឋអាម៉េរិក និងចិន កាលពីឆ្នាំ១៩៨២ មកធ្វើជាមូលដ្ឋាន ដើម្បីបញ្ចុះបញ្ចូលប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) ឱ្យបញ្ឈប់ការលក់អាវុធទៅឱ្យកោះតៃវ៉ាន់ ខណៈមេដឹកនាំទាំង២ គ្រោងជួបគ្នានៅថ្ងៃព្រហស្បតិ៍។ ប្រភពចំនួន៣ ដឹងពីកិច្ចចរចាទ្វេភាគី បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ប្រទេសចិន ទំនងជានឹងលើកឡើងពីការបកស្រាយរបស់ខ្លួន ចំពោះសេចក្តីថ្លែងការណ៍រួមនោះ។ នៅក្នុងឯកសារ សហរដ្ឋអាម៉េរិក បានបញ្ជាក់អំពីគោលបំណង កាត់បន្ថយការលក់គ្រឿងសព្វាវុធទៅឱ្យកោះតៃវ៉ាន់ ជាបណ្តើរៗ ហើយមិនមានគោលបំណងអនុវត្តនូវ«គោលនយោបាយរយៈពេលវែង សម្រាប់ការលក់គ្រឿងសព្វាវុធទៅឱ្យកោះតៃវ៉ាន់»នោះឡើយ។

ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីសហរដ្ឋអាម៉េរិក នាពេលនោះ គឺលោក រ៉ូណាល់ដ៍ រីហ្គេន (Ronald Reagan) បានលើកឡើងនៅក្នុងឯកសារភ្ជាប់មួយថា គោលជំហរនេះ គឺ«អាស្រ័យទាំងស្រុងទៅលើការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ប្រទេសចិន ចំពោះដំណោះស្រាយដោយសន្តិវិធី» ចំពោះភាពខុសគ្នា ជាមួយកោះតៃវ៉ាន់។ បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងថា មេដឹកនាំចិន ក៏អាចស្នើឱ្យសហរដ្ឋអាម៉េរិក ផ្អាកបញ្ជូនគ្រឿងសព្វាវុធដែលបានបញ្ជាទិញរួចរាល់ហើយ ទៅឱ្យកោះតៃវ៉ាន់។ ជាមួយគ្នានេះ លោកប្រធានាធិបតីចិន ស៊ី ជិនពីង អាចនឹងដាក់សម្ពាធទៅលើសមភាគីសហរដ្ឋអាម៉េរិកវិញ ថា កោះតៃវ៉ាន់ ជាអ្នកបង្កហេតុ និងជាប្រភពតែមួយគត់ នៃការបង្កអស្ថិរភាព នៅក្នុងទំនាក់ទំនង រវាងសហរដ្ឋអាម៉េរិក និងចិន ហើយថា មេដឹកនាំកោះតៃវ៉ាន់ ជាអ្នកដែលកំពុងតែផ្លាស់ប្ដូរស្ថានភាពបច្ចុប្បន្ន នៅច្រកសមុទ្ទតៃវ៉ាន់។

លោក លៃ ឆឹងតេ មេដឹកនាំកោះតៃវ៉ាន់
លោក លៃ ឆឹងតេ មេដឹកនាំកោះតៃវ៉ាន់

នៅក្នុងអត្ថបទរបស់សារព័ត៌មានចិន People’s Daily ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅសហរដ្ឋអាម៉េរិក លោក ស៊ា ហ្វេង (Xie Feng) បានបញ្ជាក់ថា អធិបតេយ្យភាព សន្ដិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ចិន មិនអាចត្រូវរំលោភនោះឡើយ ហើយបន្ទាត់ក្រហមចំនួន៤ រួមមាន៖ បញ្ហាកោះតៃវ៉ាន់ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស មាគ៌ា និងប្រព័ន្ធនៃការអភិវឌ្ឍ និងសិទ្ធិក្នុងការអភិវឌ្ឍ គឺមិនអាចត្រូវបានប្រឈមមុខប្រឆាំងនោះទេ។ ប្រទេសចិន ប្ដេជ្ញាស្វែងរកការអភិវឌ្ឍប្រកបដោយសន្ដិភាព ហើយសង្ឃឹមថា សហរដ្ឋអាម៉េរិក នឹងធ្វើសកម្មភាពឆ្ពោះទៅរកមធ្យោបាយដូចគ្នានេះដែរ។ ដោយឡែក ក្រុមសមាជិកសភាសហរដ្ឋអាម៉េរិក កំពុងជំរុញឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បដិសេធការទាមទាររបស់រដ្ឋាភិបាលរដ្ឋធានីប៉េកាំង ពាក់ព័ន្ធនឹងការលក់គ្រឿងសព្វាវុធទៅឱ្យកោះតៃវ៉ាន់។ ទន្ទឹមគ្នា លោក ចន មូឡេណា (John Moolenaar) សមាជិកសភាសហរដ្ឋអាម៉េរិក និងជាប្រធានគណៈកម្មាធិការពិសេស នៃសភាតំណាងរាស្ត្រ ទទួលបន្ទុកកិច្ចការនៃប្រទេសចិន បានសរសេរនៅក្នុងលិខិតមួយ កាលពីថ្ងៃសុក្រទី១៨ ខែកញ្ញា សប្ដាហ៍មុនថា ការប៉ុនប៉ងរបស់ចិន នៅក្នុងការជ្រៀតជ្រែកលើការនាំចេញគ្រឿងសព្វាវុធរបស់សហរដ្ឋអាម៉េរិក និងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ជាមួយសម្ព័ន្ធមិត្ត គួរតែត្រូវ«បដិសេធចោលភ្លាមៗ»

ប្រធានគណៈកម្មាធិការពិសេស នៃសភាតំណាងរាស្ត្រ បានបញ្ជាក់ថា ការពង្រឹងកម្លាំងយោធារបស់ចិន និងការបង្កើអាកប្បកិរិយាអរិភាព ចំពោះប្រទេសជិតខាង គឺជាមូលហេតុចម្បង នៃអស្ថិរភាពក្នុងតំបន់ ហើយវាមិនមែនបណ្ដាលមកពីការលក់គ្រឿងសព្វាវុធរបស់សហរដ្ឋអាម៉េរិក ឬកិច្ចខិតខំប្រឹងប្រែងផ្នែកការពារជាតិរបស់សម្ព័ន្ធមិត្តខ្លួននោះដែរ។ កងទ័ពរំដោះប្រជាជនចិន នៅតែបន្តយុទ្ធនាការដាក់សម្ពាធលើកោះតៃវ៉ាន់ ដែលជាដៃគូប្រជាធិបតេយ្យដ៏សំខាន់របស់យើង។ យើងមិនអាចអនុញ្ញាតឱ្យប្រធានាធិបតីចិន លោក ស៊ី ជិនពីង ចាកចេញទៅវិញនៅក្នុងស្ថានភាពមានអំណាចខ្លាំងជាងពេលគាត់បានមកដល់ទីនេះឡើយ។ បច្ចុប្បន្ន កោះតៃវ៉ាន់ កំពុងបន្ដទន្ទឹងរង់ចាំកញ្ចប់គ្រឿងសព្វាវុធ មានតម្លៃ១៤ពាន់លានដុល្លារអាម៉េរិក ដែលបានពន្យារពេល ដោយរាប់បញ្ចូលទាំងប្រព័ន្ធស្ទាក់ចាប់គ្រាប់មីស៊ីលដ៏ទំនើប Partriot និងគ្រាប់មីស៊ីលបាញ់ពីលើដីទៅអាកាសផងដែរ។ ករណីនេះ ក៏ដោយសារតែសង្គ្រាមនៅអ៊ីរ៉ង់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត