គម្រោងលោក ត្រាំ អញ្ជើញមេដឹកនាំចិន ទៅទទួលទានអាហារនៅសេតវិមាន រញ្ជួយព្រឹទ្ធសភាអាម៉េរិក
S
Sinuon Nop
16 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលលោកប្រធានាធិបតីចិន ស៊ី ជិនពីង គ្រោងនឹងធ្វើដំណើរទៅជួបម្ចាស់សេតវិមាន ហើយនឹងមានការរៀបចំជប់លៀងរាត្រីសមោសរផងនោះ ប្រធានទីភ្នាក់ងារប្រដាប់អាវុធព្រឹទ្ធសភា មកពីគណបក្សសាធារណរដ្ឋរបស់លោក ត្រាំ បានរិះគន់យ៉ាងខ្លាំង នូវការស្វាគមន៍របស់សេតវិមាន ចំពោះមេដឹកនាំចិន ខណៈក្រុមសមាជិកព្រឹទ្ធសភា មកពីកគណបក្សប្រជាធិបតេយ្យផ្សេងទៀត កំពុងជំរុញរដ្ឋាភិបាលរដ្ឋធានីវ៉ាស៊ីនតោន ឱ្យបន្តគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះការការពារខ្លួនរបស់កោះតៃវ៉ាន់ និងទាមទារឱ្យមានការបកស្រាយពីមេដឹកនាំចិន ពាក់ព័ន្ធនឹងទំនាក់ទំនងរបស់រដ្ឋធានីប៉េកាំង ជាមួយមេដឹកនាំរុស្ស៊ី និងអ៊ីរ៉ង់...។

សេតវិមានរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក
សេតវិមានរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក

សារព័ត៌មាន The Politico បានចេញផ្សាយនៅព្រឹកថ្ងៃពុធទី២៣ ខែកញ្ញាថា ប្រធានទីភ្នាក់ងារប្រដាប់អាវុធរបស់ព្រឹទ្ធសភាសហរដ្ឋអាម៉េរិក លោក រ៉ូជើរ វីកឃើរ (Roger Wicker) បានជំរុញឱ្យប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) សង្កត់ធ្ងន់ទៅលើមេដឹកនាំចិន លោក ស៊ី ជិនពីង អំពីបញ្ហាបង្កើនកម្លាំងយោធារបស់ប្រទេសចិន និងបញ្ហាសិទ្ធិមនុស្ស។ ទន្ទឹមគ្នា លោកប្រធានទីភ្នាក់ងារប្រដាប់អាវុធរបស់ព្រឹទ្ធសភា បានរិះគន់យ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់សេតវិមាន ជុំវិញការអញ្ជើញលោកប្រធានាធិបតីចិន មកជប់លាងរាត្រីសមោសរផ្លូវរដ្ឋ នៅចុងសប្ដាហ៍នេះ ជាមួយនឹងការហៅប្រមុខរដ្ឋបរទេសរូបនេះ ថា៖«ជាមេដឹកនាំផ្តាច់ការដ៏ឃោរឃៅ មិនបានជាប់ឆ្នោត និងគាបសង្កត់ ដែលមិនអាចទុកចិត្ត»

វិមានកាពីតូល នៃសភាអាម៉េរិក
វិមានកាពីតូល នៃសភាអាម៉េរិក

ប្រធានទីភ្នាក់ងារប្រដាប់អាវុធរបស់ព្រឹទ្ធសភាសហរដ្ឋអាម៉េរិក លោក រ៉ូជើរ វីកឃើរ ជាធម្មតា គឺជាអ្នកការពារដ៏រឹងមាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងជាអ្នកស្មោះត្រង់ ចំពោះគណបក្សសាធារណរដ្ឋ។ ប៉ុន្ដែការរិះគន់របស់គាត់ ភាគច្រើនបំផុត តែងវាយប្រហារទៅលើមេដឹកនាំចិន លោក ស៊ី ជិនពីង និងគោលនយោបាយរបស់ចិន ក្នុងអំឡុងពេលថ្លែងសុន្ទរកថា នៅក្នុងព្រឹទ្ធសភា កាលពីថ្ងៃអង្គារទី២២ ខែកញ្ញា។ តែទោះជាយ៉ាងណាក៏ដោយ ការអត្ថាធិប្បាយរបស់លោក រ៉ូជើរ គឺជាការស្តីបន្ទោសដ៏គួរឱ្យភ្ញាក់ផ្អើល ចំពោះការទាក់ទាញរបស់លោកប្រធានាធិបតី ត្រាំ ចំពោះរដ្ឋធានីប៉េកាំង ក្នុងចំណោមការព្រួយបារម្ភកាន់តែខ្លាំងឡើង ដូចជា ភាពធន់ នៃការប្តេជ្ញាចិត្តលើសន្តិសុខរបស់សហរដ្ឋអាម៉េរិក ចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក រួមទាំងការទប់ស្កាត់នូវការឈ្លានពាន ដែលអាចកើតមាន ទៅលើកោះតៃវ៉ាន់ ពីកងទ័ពរំដោះប្រជាជនចិន។

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ និងសមភាគីចិន លោក ស៊ី ជិនពីង
ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ និងសមភាគីចិន លោក ស៊ី ជិនពីង

ស្របគ្នានេះដែរ ក្រុមសមាជិកជាន់ខ្ពស់ នៃព្រឹទ្ធសភាសហរដ្ឋអាម៉េរិក មកពីគណបក្សប្រជាធិបតេយ្យ ក៏បានជំរុញឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ រក្សាការគាំទ្ររបស់សហរដ្ឋអាម៉េរិក ចំពោះការការពារជាតិតៃវ៉ាន់ និងប្រកួតប្រជែង ជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង ជុំវិញទំនាក់ទំនងរបស់រដ្ឋធានីប៉េកាំង ជាមួយរុស្ស៊ី និងអ៊ីរ៉ង់ នៅមុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់មេដឹកនាំចិន បានមកដល់។ សមាជិកព្រឹទ្ធសភាសហរដ្ឋអាម៉េរិក បានព្រមានថា ប្រទេសចិន បង្កការគំរាមកំហែងដែលមិនធ្លាប់មានពីមុនមក ចំពោះសន្តិសុខ និងវិបុលភាពរបស់សហរដ្ឋអាម៉េរិក ជាមួយនឹងការលើកឡើង អំពីការគាំទ្ររបស់រដ្ឋធានីប៉េកាំង ចំពោះអ៊ីរ៉ង់ និងរុស្ស៊ី និងសម្ពាធយោធារបស់ចិន ប្រឆាំងនឹងកូនកោះតៃវ៉ាន់។ ការចេញសារព្រមានរបស់ក្រុមសមាជិកព្រឹទ្ធសភាសហរដ្ឋអាម៉េរិក ទាំងនេះ ត្រូវបានចុះហត្ថលេខាដោយសមាជិកគណៈកម្មាធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភា លោកស្រី ជេនណេ សាហ៊ីន (Jeanne Shaheen) និងសមាជិកព្រឹទ្ធសភា លោក គ្រីស ឃូនស៍ (Chris Coons), លោកស្រី ផាតធី មួររ៉ាយ (Patty Murray), លោក ជេកខ៍ រីដ (Jack Reed), លោក ម៉ាក វ៉ាណឺរ (Mark Warner), លោកស្រី អេលីហ្សាបែត វ៉ារ៉ែន (Elizabeth Warren) និង អានឌី គីម (Andy Kim)។

ប្រធានទីភ្នាក់ងារប្រដាប់អាវុធរបស់ព្រឹទ្ធសភាសហរដ្ឋអាម៉េរិក លោក រ៉ូជើរ វីកឃើរ 
ប្រធានទីភ្នាក់ងារប្រដាប់អាវុធរបស់ព្រឹទ្ធសភាសហរដ្ឋអាម៉េរិក លោក រ៉ូជើរ វីកឃើរ 

ក្រុមសមាជិកព្រឹទ្ធសភាអាម៉េរិកាំងទាំងនេះ បានចោទប្រកាន់អង្គភាពជាច្រើនរបស់មហាយក្សចិន ថា បានផ្តល់រូបភាពផ្កាយរណប បច្ចេកវិទ្យា និងចារកម្មសមរភូមិកូនកាត់របស់ចិន ដល់ប្រទេសអ៊ីរ៉ង់ សម្រាប់ការប្រើប្រាស់ដើម្បីកំណត់គោលដៅវាយប្រហារទៅលើកងកម្លាំងយោធារបស់សហរដ្ឋអាម៉េរិក។ ទន្ទឹមគ្នា ក្រុមសមាជិកព្រឹទ្ធសភា បានរិះគន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ចិន នៅក្នុងការទិញបន្ទះឈីបទំនើបៗ និងឧបករណ៍ផលិត សម្រាប់ការអភិវឌ្ឍប្រព័ន្ធ AI ដោយកេងប្រវញ្ចលើចំណុចខ្សោយ នៅក្នុងការគ្រប់គ្រងនៃការនាំចេញរបស់សហរដ្ឋអាម៉េរិក។ ក្រុមសមាជិកសភាអាម៉េរិក សង្កត់ធ្ងន់ថា៖«យោធាចិនបន្តយុទ្ធនាការដាក់សម្ពាធ ប្រឆាំងដៃគូប្រជាធិបតេយ្យដ៏សំខាន់របស់យើង គឺតៃវ៉ាន់ ចំពេលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានដកថយពីការប្តេជ្ញាចិត្តផ្នែកសន្តិសុខយូរអង្វែង»។ សមាជិកសភាទាំងនេះ ក៏បានចោទប្រកាន់រដ្ឋធានីប៉េកាំងថា បានគាំទ្រសង្គ្រាមរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) នៅលើទឹកដីអ៊ុយក្រែន តាមរយៈការផ្ដល់បច្ចេកវិទ្យា និងប្រាក់ចំណូល ពីការទិញប្រេង៕

សមាជិកព្រឹទ្ធសភា មកពីគណបក្សប្រជាធិបតេយ្យ
សមាជិកព្រឹទ្ធសភា មកពីគណបក្សប្រជាធិបតេយ្យ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត