ចៅអធិការ និងព្រះសង្ឃ២អង្គផ្សេងទៀតនៅប្រទេសថៃ យកបច្ច័យទៅទិញថ្នាំញៀនជក់ ត្រូវចាប់ផ្សឹក
ហៀប ស៊ីថេត
8 ម៉ោងមុន

ខេត្តបុរីរម្យ៖ កងកម្លាំងនគរបាលថៃ បានចុះឆែកឆេរវត្តមួយក្នុងខេត្តបុរីរម្យ និងបានចាប់ខ្លួនព្រះចៅអធិការវត្ត ព្រមទាំងព្រះសង្ឃ២អង្គផ្សេងទៀត ពីបទយកប្រាក់បច្ច័យបានពីការប្រគេនរបស់អ្នកស្រុក និងពីពិធីបុណ្យផ្សេងៗ ទៅទិញថ្នាំញៀនមេតំហ្វេតាមីន ឬម៉ាទឹកកក ហើយសេព និងស្តុកទុករហូតដល់ជិត២០០គ្រាប់។ នេះបើតាមការចុះផ្សាយដោយកាសែតថៃ Amrin TV នៅថ្ងៃសៅរ៍ទី១៨កញ្ញា ឆ្នាំ២០២៦។

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ លោក សុវត្ថិ ណាមមង្គល (Suwat Nammongkol) ប្រធានអង្គភាពប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបុរីរម្យ បានដឹកនាំកងកម្លាំងចម្រុះ រួមមាន៖ នគរបាលការពារព្រំដែន រដ្ឋបាលស្រុក កងកម្លាំងសន្តិសុខផ្ទៃក្នុង និងកងទ័ពជើងគោក ចុះបង្រ្កាបបទល្មើសគ្រឿងញៀន និងបានឃាត់ខ្លួនព្រះសង្ឃដែលពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ដោយរឹបអូសបានម៉ាទឹកកកចំនួន១៨៤គ្រាប់។ ប្រតិបត្តិការនេះ បានចាប់ផ្តើម បន្ទាប់ពីសមត្ថកិច្ចទទួលបានតម្រុយពីការដឹកជញ្ជូនថ្នាំញៀននៅតំបន់ព្រំប្រទល់ស្រុកឃូមឿង (Khu Muang) និងស្រុកពុទ្ធថៃសុង (Phutthaisong)។

សមត្ថកិច្ចបានតាមដានរថយន្តស៊េរីទំនើបពណ៌ខ្មៅមួយគ្រឿង ដែលបានបើកបំពានភ្លើងស្តុបជាច្រើនកន្លែងចម្ងាយជាង៤០គីឡូម៉ែត្រ រហូតដល់ជួបស្តុបក្រហមនៅស្តុបណងគង់ (Nong Kung) ក្នុងស្រុកមឿងបុរីរម្យ (Mueang Buriram) ទើបសមត្ថកិច្ចចូលអន្តរាគមន៍ និងសុំឆែកឆេរ។ នៅក្នុងរថយន្តនោះ មានព្រះសង្ឃ២អង្គ។ ក្នុងអំឡុងពេលឆែកឆេរ ព្រះសង្ឃមួយអង្គបានជ្រុះថ្នាំញៀន១០គ្រាប់ចេញពីស្បង់ចីវរ។ ក្រោយមក ការឆែកឆេរបន្តបានរកឃើញថ្នាំញៀន៨៩គ្រាប់ទៀតលាក់ក្នុងស្បង់ចីវរ និង ៨២គ្រាប់ទៀតលាក់នៅក្រោមកម្រាលតាបឡូរថយន្ត។ សរុបថ្នាំញៀនដែលរឹបអូសបានក្នុងឡាននោះមានចំនួន១៨១គ្រាប់។

តាមរយៈការពិនិត្យទូរសព្ទដៃ សមត្ថកិច្ចបានរកឃើញសារជាសំណេរ សំឡេង និងភស្តុតាងផ្ទេរប្រាក់ទិញថ្នាំញៀន ដែលបានភ្ជាប់តម្រុយទៅកាន់ព្រះសង្ឃមួយអង្គទៀតនៅវត្តសុណ្ណារាម (Suwannaram) ក្នុងស្រុកពុទ្ធថៃសង។ ក្រោយមក សមត្ថកិច្ចបាននាំខ្លួនព្រះសង្ឃទាំងនោះទៅចាប់ផ្សឹក រួចបន្តស្វែងរកជាព្រះសង្ឃ ព្រះនាមថា ប្រា ពីផាត (Phra Pipat) ជាគ្រូចៅអធិការផាណងហិន (PaNong Hin) ក្នុងស្រុកប្រាកនឆៃ (Prakhon Chai)។ គួររំឭកថា ព្រះសង្ឃដាច់អាបត្តិអង្គនេះ ក៏ធ្លាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀនផងដែរ កាលពីមុនសាងផ្នួស៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត