
រាជធានីបាងកក៖ ទូកនេសាទថៃមួយគ្រឿង បានក្រឡាប់លិចនៅក្នុងលម្ហសមុទ្ទ បន្ទាប់ពីមានរលកបោកបក់ និងខ្យល់កន្ត្រាក់ខ្លាំង នៅភាគខាងកើតនៃឆ្នេរសមុទ្ទក្នុងស្រុកសាត់ហ៊ីប (สัตหีบ) ខេត្តជលបុរី (ชลบุรี) បណ្ដាលឱ្យមនុស្ស៣នាក់បាត់បង់ជីវិត និងមនុស្ស៤នាក់ផ្សេងទៀត នៅបន្តបាត់ខ្លួន។ នេះបើយោងតាមការចុះផ្សាយដោយកាសែតថៃ នៅថ្ងៃទី២២ ខែកញ្ញានេះ។

ផ្អែកតាមរបាយការណ៍បឋមពីមជ្ឈមណ្ឌលប្រតិបត្តិការនៃបញ្ជាការដ្ឋានកងទ័ពជើងទឹកភូមិន្ទថៃ ភូមិភាគ១ ហេតុការណ៍នេះ បានបណ្ដាលឱ្យនាវិក៣នាក់បាត់បង់ជីវិត (ស្រង់សពបានរួចរាល់) និង៤នាក់ទៀតកំពុងបាត់ខ្លួន ដោយមិនដឹងជោគវាសនាពួកគេទៅជាយ៉ាងណានៅឡើយទេ។ ដោយឡែក នាវិកចំនួន១៥នាក់ផ្សេងទៀត ត្រូវបានកងកម្លាំងជួយសង្គ្រោះ ស្រង់ចេញពីទឹកបានដោយសុវត្ថិភាព។ សូមជម្រាបថា ភ្លាមៗបន្ទាប់ពីទទួលបានសញ្ញាប្រកាសអាសន្ន បញ្ជាការដ្ឋានកងទ័ពជើងទឹកភូមិន្ទថៃ បានចល័តកម្លាំងអន្តរាគមន៍ជាបន្ទាន់ ដោយបានដាក់ពង្រាយនាវាល្បាត T.112, ឧទ្ធម្ភាគចក្រប្រឆាំងនាវាមុជទឹក ASH-1, និងឧទ្ធម្ភាគចក្រសង្គ្រោះ H.P.D.1 រួមជាមួយក្រុមប្រតិបត្តិការពិសេស និងបរិក្ខារសង្គ្រោះតាមផ្លូវសមុទ្ទ ដើម្បីបើកការស្វែងរកពីលើអាកាស ខណៈមន្ត្រីជំនាញបើកការស៊ើបអង្កេតបន្ត៕




