ធ្លាយសារសំឡេងម្ចាស់គណនីហ្វេសប៊ុក«Hok Nave» ប្រើពាក្យប្រមាថកងទ័ព និងសារភាពពីការធ្វើសកម្មភាពមនុស្សធម៌ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន
ហាក់ អ៊ីឌី
6 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្រោយផ្ទុះការរិះគន់យ៉ាងក្ដៅគគុកនៅលើបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីមានការទម្លាយខ្សែអាត់សំឡេងមួយ ដែលត្រូវបានគេស្គាល់ថា ជាសំឡេងរបស់ម្ចាស់គណនីឈ្មោះ Hok Nave បានប្រើប្រាស់ពាក្យសម្តីដៀលត្មេះ និងមើលងាយយ៉ាងធ្ងន់ធ្ងរទៅលើកងទ័ពកម្ពុជា ព្រមទាំងបានអះអាងថា សកម្មភាពមនុស្សធម៌ដែលខ្លួនបានធ្វើនាពេលកន្លងមក គឺគ្រាន់តែជារូបភាពដើម្បីស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ....។  

វីដេអូឃ្លីបចំនួន២ ត្រូវបានចែកចាយពាសពេញបណ្ដាញសង្គម កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ គឺជាសារសំឡេងឆ្លើយឆ្លងរបស់បុគ្គលឈ្មោះ Hok Nave បានប្រើប្រាស់ពាក្យសម្តីដៀលត្មេះ និងមើលងាយលើកងទ័ពកម្ពុជា គឺជាមនុស្សដែលគ្មានប្រយោជន៍ នឹងបំបង់បាយ។ ចំពោះសកម្មភាពមនុស្សធម៌ដែលក្រុមខ្លួនធ្វើកន្លងមក គឺគ្រាន់តែដើម្បីទាញយកប្រជាប្រិយភាព អំលុងពេលសង្គ្រាមប៉ុណ្ណោះ និងជាស្ពានសម្រាប់ជាផលប្រយោជន៍នៅពេលខាងមុខ។ ភ្លាមៗ បន្ទាប់ពីសារសំឡេងនេះ ត្រូវបានផ្សព្វផ្សាយ មហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គមរាប់ម៉ឺននាក់ បានសម្ដែងការខឹងសម្បារយ៉ាងខ្លាំង និងបានចែករំលែក(Share)បន្តជាមួយនឹងការរិះគន់ធ្ងន់ៗ។ មហាជនភាគច្រើនលើកឡើងថា ទង្វើនេះ ជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងការលះបង់របស់កងទ័ពជាតិ ព្រមទាំងជាការបោកប្រាស់ទំនុកចិត្តរបស់សាធារណជនដែលធ្លាប់គាំទ្រសកម្មភាពមនុស្សធម៌ នាពេលកន្លងមក។

យ៉ាងណា នៅរសៀលថ្ងៃទី២៣ ខែកញ្ញានេះ សាម៉ីខ្លួនជាម្ចាស់គណនី Hok Nave បានបង្ហោះសំណេរដ៏វែងអន្លាយមួយ ដោយមានសេចក្តីយ៉ាងដូច្នេះថា៖«កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ខ្ញុំបាទបាននិយាយសំឡេងក្នុងការជជែកតាម Facebook ផ្ទាល់ខ្លួនជាមួយបុគ្គលម្នាក់ ក្នុងលក្ខណៈជាការជជែកគ្នា និងការផ្ដល់យោបល់ផ្ទាល់ខ្លួន។ សំឡេងរយៈពេលប្រមាណ២៦វិនាទី ដែលបានផ្សព្វផ្សាយនោះ គឺពិតជាសំឡេងរបស់ខ្ញុំ។ ចំពោះពាក្យពេចន៍ដែលខ្ញុំបាននិយាយដោយខ្វះការគិតពិចារណា ខ្ញុំបាទ សូមទទួលស្គាល់កំហុស។ ខ្ញុំមិនមានបំណងមើលងាយ ឬបន្ទាបតម្លៃការលះបង់របស់កងទ័ព និងអ្នកដែលកំពុងបំពេញភារកិច្ចការពារជាតិឡើយ។ ប៉ុន្តែទោះបីជាមានបំណងយ៉ាងណាក៏ដោយ ពាក្យសម្ដីដែលខ្ញុំបាននិយាយដោយមិនបានពិចារណាគ្រប់ជ្រុងជ្រោយ បានបង្កឱ្យមានការយល់ច្រឡំ និងការឈឺចាប់ដល់លោកមេទ័ព និងបងៗវីរកងទ័ព រួមទាំងបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់។ ចំពោះចំណុចនេះ ខ្ញុំបាទសូមទទួលស្គាល់កំហុស និងគោរពសូមអភ័យទោសដោយស្មោះ»។

ម្ចាស់គណនីហ្វេសប៊ុក ខាងលើបន្តថា៖«ចំពោះសំឡេងខ្លីៗចំនួន៣ផ្សេងទៀត ដែលមានពាក្យពាក់ព័ន្ធនឹងការហូបចុក ផឹកស្រា និងការសប្បាយ ខ្ញុំបាទសូមបញ្ជាក់ថា សំឡេងទាំងនោះ ជាការជជែកជាមួយមនុស្សផ្សេងគ្នា និងនៅក្នុងបរិបទផ្សេងគ្នា។ ខ្ញុំយល់ថា ការយកសំឡេងទាំងនោះមកកាត់តភ្ជាប់គ្នា អាចធ្វើឱ្យបរិបទដើម មានការយល់ឃើញខុសពីការពិត។ ជាចុងក្រោយ ខ្ញុំបាទសូមក្រាបសំពះសុំទោស និងសុំការអនុគ្រោះពី សម្ដេចតេជោ សម្ដេចធិបតី ថ្នាក់ដឹកនាំជាតិ មន្ត្រីរាជការ លោកមេទ័ព បងៗវីរជនកងទ័ព នគរបាល និងកងរាជអាវុធហត្ថ ចំពោះពាក្យសម្ដីរបស់ខ្ញុំ ដែលបានបង្កឱ្យមានការប៉ះពាល់ ឬជាការយល់ឃើញមិនល្អ។ ខ្ញុំបាទ ក៏សូមក្រាបសំពះសុំទោសដល់ពុកម៉ែ ពូមីង បងប្អូន ប្រជាពលរដ្ឋខ្មែរទាំងអស់ ទាំងក្នុងប្រទេស និងក្រៅប្រទេស ដែលមានការខកចិត្ត ឬមានអារម្មណ៍មិនល្អចំពោះខ្ញុំ។

រហូតមកដល់ពេលនេះ កម្តៅនៃការរិះគន់នៅលើបណ្តាញសង្គម ហ្វេសប៊ុក (Facebook) ជុំវិញករណីធ្លាយសារសំឡេងរបស់ម្ចាស់គណនីឈ្មោះ Hok Nave នៅតែមិនទាន់អន់ថយនៅឡើយទេ ខណៈមហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គមរាប់ម៉ឺននាក់ កំពុងសម្ដែងការអត់ធ្មត់មិនបាន និងទន្ទឹងរង់ចាំមើលចំណាត់ការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ថា តើបុគ្គលរូបនេះ អាចប្រឈម និងបទល្មើសធ្វើឱ្យខូចទឹកចិត្តកងទ័ព ដែរឬទេ? ខណៈកន្លងមក បុគ្គលដែលមានឥទ្ធិពលលើបណ្ដាញសង្គមជាច្រើន និងអ្នករកស៊ី ត្រូវជាប់ទោសពីបទល្មើសមួយនេះជាច្រើននាក់ រួមមាន លោកស្រី ឆេង ស្រីរ័ត្ន ហៅ Love Riya និងលោកស្រី ធី សុវណ្ណថា និងស្វាមី ផងដែរ៕

លោកស្រី ឆេង ស្រីរ័ត្ន ហៅ Love Riya    
លោកស្រី ឆេង ស្រីរ័ត្ន ហៅ Love Riya    
លោកស្រី ធី សុវណ្ណថា និងស្វាមី  
លោកស្រី ធី សុវណ្ណថា និងស្វាមី  
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត