បញ្ចប់ជម្លោះដោយឈា.មស្រស់! យុវជន២នាក់ត្រូវប៉ូលិសចាប់ខ្លួន ក្រោយព្រួតគ្នាកា.ប់ស.ម្លា.ប់គូទំនាស់នៅស្រុកសាមគ្គីមានជ័យ
ហាក់ អ៊ីឌី
11 ម៉ោងមុន

ក្រុងកំពង់ឆ្នាំង៖ ករណីអំពើហិង្សាព្រួតគ្នាកាប់សម្លាប់ដៃគូបដិបក្ខ បណ្ដាលឱ្យមនុស្សម្នាក់បាត់បង់ជីវិតភ្លាមៗនៅក្នុងថ្លុកឈាម បន្ទាប់ពីយុវជន២នាក់ព្រួតគ្នាកាប់ប្រហារទៅលើជនរងគ្រោះ យ៉ាងឃោរឃៅ នៅក្នុងភូមិសាស្ត្រស្រុកសាមគ្គីមានជ័យ និងបានព្យាយាមគេចខ្លួនពីកន្លែងកើតហេតុ ប៉ុន្តែចុងក្រោយនៅតែជាប់អន្ទាក់សមត្ថកិច្ច...។  

ផ្អែកតាមរបាយការណ៍ពីអគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ រវាងក្រុមជនសង្ស័យ និងជនរងគ្រោះ កើតមានទំនាស់ពាក្យសម្តីគ្នាយ៉ាងតានតឹង។ ហើយទំនងជាជម្លោះពាក្យសម្តីនោះឆាបឆេះកាន់តែខ្លាំងកកើតជាភ្លើងកំហឹង រហូតឈានដល់ការប្រើអំពើហិង្សា ដោយភាគីជនសង្ស័យពីររូប ជិះម៉ូតូចំនួន២គ្រឿង ធ្វើសកម្មភាពទាញកាំបិតព្រួតគ្នាកាប់ប្រហារទៅលើជនរងគ្រោះជាច្រើនកាំបិត បណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ និងបានបាត់បង់ជីវិតនៅនឹងកន្លែងហេតុ។ ក្រោយធ្វើសកម្មភាពកាប់ប្រហារដៃគូទំនាស់រួច ជនដៃដល់ទាំងពីរ បានបបួលគ្នាគេចខ្លួន ពីការតាមចាប់របស់សមត្ថកិច្ចនគរបាលយុត្តិធម៌។

ប៉ុន្តែទោះជាយ៉ាងណា ភ្លាមៗ..បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានករណីឃាតកម្ម កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង និងខេត្តមណ្ឌលគិរី ធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ ដោយកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ក្រុមជនសង្ស័យខាងលើ ព្រមទាំងឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ញឿន ចាន់អ៊ីម និងម្នាក់ទៀតឈ្មោះ រ៉ាន់ សុភី។ បច្ចុប្បន្ន ជនជាប់ចោទខាងលើ រួមទាំងវត្ថុតាង ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បាននិងកំពុងធ្វើការសាកសួរ ដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់ជាធរមាន៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត