
បទវិចារណកថា៖ ក្នុងប្រវត្តិសាស្ត្រនៃជម្លោះជាង៥០០ឆ្នាំរវាងខ្មែរ-សៀម បានកត់ត្រាយ៉ាងច្បាស់អំពីពូជសាសន៍ពនេចរមួយដែលមានឈ្មោះដើមថា តៃ ក្រោយមកប្តូរជា សៀម និងបច្ចុប្បន្នប្តូរមកជា ថៃឡង់ដ៏ បានចាកចេញពីដែនដីកំណើតនៅឯខេត្តយូណាន ប្រទេសចិន ចាប់តាំងពីសតវត្សរ៍ទី១០ ដោយបានមកសុំនគរខ្មែរជ្រកកោន ស្នាក់អាស្រ័យ និងធ្វើជាបាវព្រាវ(ខ្ញុំបម្រើ)ឱ្យព្រះរាជាខ្មែរអស់រយៈកាលជាង៣០០ឆ្នាំ ទម្រាំពូជសាសន៍ពនេចរមួយនេះ ក្រោកបះបោរកាប់សម្លាប់មន្ត្រីរាជការនៃរដ្ឋអំណាចខ្មែរ ដើម្បីដណ្ដើមយកខេត្តខណ្ឌរបស់ខ្មែរមួយចំនួននៅភាគខាងលិច បង្កើតជារដ្ឋឯករាជ្យ នៅពាក់កណ្តាលសតវត្សរ៍ទី១៣ ដែលឈ្មោះថា ព្រះនគរស្រីអយុធ្យា។

ចាប់តាំងពីបង្កើតនគរនៅឆ្នាំ១៣៥០នៃគ.ស ដែលបានផ្តាច់ខ្លួនចេញពីនគរខ្មែរទាំងស្រុងហើយនោះ ជនជាតិសៀម ឬ(តៃ) តែងតែធ្វើទុក្ខបុកម្នេញមហានគរខ្មែរដែលបាននិងកំពុងចុះខ្សោយនៃរដ្ឋអំណាចកណ្តាល និងបានបន្តដណ្តើមយកខេត្តខណ្ឌខ្មែរម្ដងមួយខេត្តៗជាបន្តបន្ទាប់ នាំយកទាំងសម្បត្តិធនធាន ប្រពៃណី វប្បធម៌ ទំនៀមទម្លាប់ និងកែនអ្នកប្រាជ្ញអក្សរសាស្ត្រ កវី បណ្ឌិត អ្នករបាំ និងកៀរ(នាំយក)ប្រជារាស្ត្រខ្មែររាប់ម៉ឺនសែននាក់ យកទៅនគររបស់ខ្លួនកំលុងពេលវាយដណ្តើមកាន់កាប់ទឹកដីខ្មែរម្ដងៗ។ យូរៗទៅជនជាតិសៀមទាំងនោះ បានបំភ្លេចអក្សរសាស្ត្រ ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ដូនតាដើមរបស់ខ្លួន ដោយស្រវាចាប់យកប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ដូនតាខ្មែរមកធ្វើជារបស់ខ្លួនវិញ និងក្រោយមកស្តេចសៀមបានយកអក្ខរក្រមខ្មែរសរសេរបំប្លែងជាសំនៀងភាសាសៀម (មានន័យថា៖ អក្សរខ្មែរតែអានជាសំនៀងភាសាសៀម) ដោយព្រះចៅរាមាកំហែង នៅឆ្នាំ១២៨៣ ក្នុងអាណាចក្រសុខោទ័យ និងក្រោយមកក៏បង្កើតអក្សរសៀម តាមរយៈការកែអក្ខរក្រមខ្មែរ ទៅជាអក្សរថៃដោយកាត់សក់ កែតួរអក្សរខ្លះ កុំឱ្យដូចអក្សរខ្មែរពេក និងបានបង្ហាត់បង្រៀនកូនចៅឱ្យចាប់យកវប្បធម៌ខ្មែរធ្វើជារបស់ខ្លួនតែម្ដង។

យើងស្លេះឈប់និយាយរឿងប្រវត្តិដើមនៃការកកើតរដ្ឋសៀមដំបូងត្រឹមប៉ុណ្ណេះ ដោយបង្វែរអារម្មណ៍លោកអ្នកនាងប្រិយមិត្ត SBM News មកមើលស្ថានការបច្ចុប្បន្នក្នុងសតវត្សរ៍ទី២១នេះវិញម្ដង ព្រោះការបរិយាយល្បើកខាងលើ គ្រាន់តែពន្យល់ពីប្រវត្តិជនជាតិសៀម ថាកើតមកពីណាប៉ុណ្ណោះ ដើម្បីឱ្យងាយយល់ថា រាល់ការចោទប្រកាន់មកលើខ្មែរ ថាបានលួចវប្បធម៌សៀមនោះវាសមដែរឬយ៉ាងណា។ យើងផ្តើមបរិយាយត្រឹមជម្លោះឆ្នាំ២០០៨ បន្ទាប់ពីកម្ពុជាបានដាក់ប្រាសាទព្រះវិហារ ចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) នៅថ្ងៃទី៧ ខែកក្កដា នាទីក្រុងកេបិក ប្រទេសកាណាដា ក្នុងសម័យប្រជុំលើកទី៣២ ទាហានថៃបានចាប់ផ្តើមបើកការឈ្លានពានទឹកដីកម្ពុជា សាជាថ្មី ដែលនាំឱ្យមេដឹកនាំកម្ពុជាស្វែងរកការបកស្រាយសាលក្រមពីតុលាការអន្តរជាតិទីក្រុងឡាអេ ភ្លាមៗ ខណៈដែលកម្ពុជាធ្លាប់ឈ្នះក្តីនៅតុលាការអន្តរជាតិមួយនេះម្ដងរួចមកហើយ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។ យ៉ាងណា ថៃនៅតែបង្កសង្គ្រាមនៅឆ្នាំ២០១១ឱ្យខាងតែបាន ប៉ុន្តែវា បានបិទបញ្ចប់ទៅ ក្រោយសាលក្រមបានបកស្រាយម្ដងទៀតថា ប្រាសាទព្រះវិហារ និងតំបន់ជុំវិញប្រាសាទស្ថិតក្នុងដែនអធិបតេយ្យកម្ពុជា ធ្វើឱ្យយោធាកម្ពុជាទទួលបានជ័យជម្នះទាំងលើសង្គ្រាមផ្ទាល់ផង និងផ្នែកការទូតផង។

លុះមកដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ព្រិន្ទបាលឯក សួន រ៉ោន បានពលីជីវិត តាមរយៈការលួចរុលចូលមកបាញ់សម្លាប់យោធាកម្ពុជា ដោយទាហានថៃ នៅច្រកមុំបី ដែលជាជំហានឆ្ពោះទៅរកការលុកលុយឈ្លានពានកម្ពុជាយ៉ាងពេញទំហឹង ពីសំណាក់យោថៃ រហូតដល់មានកិច្ចព្រមព្រៀងបទឈប់បាញ់ដល់ទៅពីរលើក ទើបអាចបង្អាក់មហិច្ឆតាឈ្លានពានរបស់យោធាចោរតជំនាន់មួយនេះបាន។ បទឈប់បាញ់ លើកទី១ មានកិច្ចអន្តរាគមន៍ពីសំណាក់លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងមានការសម្របសម្រួលពីប្រធានអាស៊ានប្តូរវេនម៉ាឡេស៊ី បទឈប់បាញ់ ត្រូវបានចូលជាធរមាននៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ប៉ុន្តែយោធាថៃនៅតែប្រើកលឧបាយ រកលេសចោទប្រកាន់យោធាកម្ពុជា តាមរយៈការបញ្ជាឱ្យកូនទាហានខ្លួនដើរចូលចម្ការមីនផ្ទុះដាច់ជើងជាបន្តបន្ទាប់ រហូតបើកការវាយប្រហារសាជាថ្មី ដោយបានសម្លាប់ជនស៊ីវិល យោធាកម្ពុជាឈរជើងការពារទឹកដីជាង១០០នាក់ ទើបមានបទឈប់បាញ់លើកទី២ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីមានកិច្ចព្រមព្រៀងរវាងប្រមុខការពារជាតិនៃប្រទេសទាំងពីរ។

យ៉ាងណា ដ្បិតថា សង្គ្រាមប្រដាប់អាវុធត្រូវបានផ្អាក ប៉ុន្តែសង្គ្រាមការទូត សង្គ្រាមព័ត៌មាន សង្គ្រាមដណ្តើមអរិយធម៌ វប្បធម៌ ប្រពៃណីទំនៀមទម្លាប់ខ្មែរ ពីសំណាក់ប្រទេសថៃ នៅតែបន្តកើតមានឥតដាច់ ដោយអស់ពីរឿងមួយ ចូលរឿងថ្មីមួយទៀត តាមរយៈការទាមទារសិទ្ធិជាម្ចាស់លើសម្បត្តិបេតិកភណ្ឌដូនតាខ្មែរ។ ជាក់ស្តែង ថ្មីៗនេះ លោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ សាបីដា ថៃសេដ (ซาบีดา ไทยเศรษฐ์) បានចោទប្រកាន់ និងប្រកាសថា ក្រសួងវប្បធម៌ថៃ កំពុងប្រមូលភស្តុតាង ចាត់វិធានការតាមផ្លូវច្បាប់ទាមទារកម្មសិទ្ធិលើរូបស្ត្រីបុរាណម្នាក់ ដោយអះអាងថា ស្ត្រីរូបនោះ មានប្រភពដើមនៅប្រទេសថៃ តាំងតែពីឆ្នាំ១៩០៦ មកម្ល៉េះ។ ប៉ុន្តែ យោងតាមការបញ្ជាក់ពីអ្នកជំនាញខ្មែរ រូបនាដការីម្នាក់ ដែលថៃអះអាងថាជាស្ត្រីរបាំរបស់ខ្លួននោះ មានឈ្មោះ នាង សុខ មានស្វាមីជាជនជាតិបារាំង ត្រូវបានថតដោយអ្នកថតរូបជនជាតិបារាំងម្នាក់ ឈ្មោះ Émile Gsell កាលពីកំលុងទសវត្សរ៍ឆ្នាំ១៨៦០ ដល់ឆ្នាំ១៨៧០ ខណៈអ្នកថតរូបជនជាតិបារាំងរូបនោះ ជាអ្នកថតរូបពាណិជ្ជកម្មដំបូងគេបង្អស់ ដែលបានបង្កើតស្ទូឌីយោថតរូបនៅទីក្រុងព្រៃនគរ ដែនដីកម្ពុជា (បច្ចុប្បន្នជាទីក្រុងហូជីមិញ) ស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសវៀតណាម តពីអាណានិគមបារាំងសេស។

មានសំណួរជាច្រើនចោទសួរថា តើលោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ ខ្វះចំណេះដឹងលើការស្រាវជ្រាវ ឬមួយក៏ក្លែងធ្វើជាមិនដឹង ដើម្បីសាបព្រោះគំនិតជាតិនិយមជ្រុលរបស់រាជរដ្ឋាភិបាលថៃ ជំរុញឱ្យប្រជាជាតិទាំងពីរមានទំនាស់ជាមួយគ្នា កាន់តែជ្រៅទៅៗ? តើលោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ ពិតជាមិនបានសិក្សាជ្រៅជ្រះ អំពីអ្វីទៅជាវប្បធម៌ខ្មែរ និងអ្វីខ្លះទៅជាវប្បធម៌ថៃ ទើបបានចេញមកចោទប្រកាន់កម្ពុជា ទាំងទទឹងទិសបែបនេះ? ទាំងនេះ សុទ្ធសឹងជាចម្ងល់មហាជនខ្មែរ ដែលបានដេញដោលគ្នា លើបណ្តាញសង្គម រហូតមានកូនខ្មែរខ្លះ មិនច្បាស់អំពីអត្តសញ្ញាជាតិខ្លួន បានទាំងសង្ស័យថា រូបថតនោះជាស្ត្រីជនជាតិថៃពិត ហើយម្ចាស់កម្មវិធីរៀបចំបវរកញ្ញាខ្មែរមួយនៅរាជធានីភ្នំពេញ បានលួចចម្លងពីគេទៅវិញ។ ដោយមើលឃើញភាពមិនច្បាស់លាស់កុលបុត្រកុលធីតាខ្មែរទាំងនោះ មន្ត្រីជំនាញកម្ពុជាជាច្រើនរូប នាំគ្នាចេញមកពន្យល់ថា កម្ពុជាជាម្ចាស់នៃវប្បធម៌ និងអរិយធម៌ខ្មែរ ដូច្នេះ ប្រជាជនខ្មែរ គឺជាអ្នកទទួលមរតកពីបុព្វបុរស និងមានភារកិច្ចបន្តថែរក្សា ការពារ អភិវឌ្ឍ និងប្រគល់មរតកនេះ បន្តទៅកាន់កូនចៅជំនាន់ក្រោយ។ អរិយធម៌ខ្មែរ មានសក្ខីភាពរស់នៅពាសពេញទឹកដីកម្ពុជា។

ចំណុចដ៏រសើប មានសារសំខាន់នេះ ត្រូវបាន លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកយកមកបរិយាយថា ក្នុងនាមជាម្ចាស់មរតក មិនមែនមានន័យថា មានតែមោទកភាពតែម្យ៉ាងប៉ុណ្ណោះទេ តែភាពជាម្ចាស់ ត្រូវភ្ជាប់ជាមួយនឹងការទទួលខុសត្រូវ។ ប្រសិនបើនិយាយពីវប្បធម៌ អរិយធម៌ខ្មែរ ថា ជារបស់យើង យើងក៏ត្រូវសួរខ្លួនឯងថា តើយើងបានធ្វើអ្វីខ្លះដើម្បីការពារវា? តើយុវជនខ្មែរយល់ដឹងអំពីប្រវត្តិសាស្ត្រ ភាសា សិល្បៈ និងតម្លៃវប្បធម៌របស់ខ្លួនបានកម្រិតណា? តើយើងកំពុងប្រើបច្ចេកវិទ្យាឌីជីថល ដើម្បីផ្សព្វផ្សាយមរតករបស់យើង ឬទុកឱ្យមរតករបស់យើង ត្រូវបានគេនិយាយជំនួស? លោកបញ្ជាក់បន្ថែមថា «វប្បធម៌ខ្មែរ ជាព្រលឹងរបស់ជាតិ អរិយធម៌ខ្មែរ ជាសក្ខីភាពនៃប្រវត្តិសាស្ត្រ» ដូច្នេះ តើយើងជាខ្មែរជំនាន់ក្រោយ និងជាអ្នកបន្តវេនរបស់ដូចតា តើបានធ្វើអ្វីខ្លះហើយសម្រាប់ការការពារ ថែរក្សាមរតកដូចតាឱ្យនៅគង់វង្ស និងលើកតម្កើងមរតកទាំងនេះ ជាអត្តសញ្ញាជាតិកម្ពុជា សម្រាប់មនុស្សជំនាន់ក្រោយ។

សរុបជារួមមក ការបរិយាយរឿងរ៉ាវល្បើកប្រវត្តិសាស្ត្រនៃការករកើតរដ្ឋសៀម និងការលើកឡើងអំពីបញ្ហាកំពុងតែកើតមាននាពេលបច្ចុប្បន្ននេះ គឺជាសារជំនួយស្មារតីមួយ ដែលចង់បង្ហាញកូនខ្មែរគ្រប់ជំនាន់ ឱ្យបានយល់ដឹងច្បាស់ពីតម្លៃនៃមរតកវប្បធម៌ដូចតា និងការការពារបេតិកភណ្ឌជាតិដោយស្មារតីទទួលខុសត្រូវ កុំចាំដល់គេដណ្តើមយក ឬបាត់បង់ទៅហើយ ទើបនាំគ្នាស្ដាយក្រោយនោះ វាមិនសក្តិសមជាអ្នកបន្តវេន ឬអ្នកថែរក្សាមរតកដូចតារបស់ខ្លួនឡើយ៕




