សូមបញ្ឈប់ការភ្ញាក់ផ្អើល! ក្រសួងបញ្ជាក់ គ្មានទេគ្រោះរញ្ជួយដី កម្ពុជាមានតែរងឥទ្ធិពលពីព្យុះទី២៥ «ឌូជូអាន»
Chanmarady Chuon
9 ម៉ោងមុន

រាជធានីភ្នំពេញ៖ ផ្អើលអស់មហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គម បន្ទាប់ពីមានបណ្តាញសារព័ត៌មានក្រៅប្រទេសមួយចំនួន បានចុះផ្សាយព័ត៌មានព្រមានថា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ អាចនឹងមានគ្រោះរញ្ជួយដីកើតឡើងជាបន្តបន្ទាប់នៅប្រទេសវៀតណាម ឡាវ កម្ពុជា និងថៃ ក្នុងកម្រិតចាប់ពី,៥ ដល់៥,៥mw។ ការយករូបភាព និងខ្លឹមសារទាំងនោះមកចុះផ្សាយបន្តពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួន បានបង្កឱ្យមានការភ័យខ្លាច និងយល់ច្រឡំជាខ្លាំងក្នុងចំណោមប្រជាពលរដ្ឋ...។

យ៉ាងណា យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបានចេញផ្សាយនៅព្រឹកថ្ងៃពុធទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នេះ បង្ហាញថា ប្រទេសកម្ពុជាមិនមានបាតុភូតនៃគ្រោះរញ្ជួយដីនោះទេ។ អ្វីដែលកម្ពុជាកំពុងជួបប្រទះ គឺឥទ្ធិពលនៃ ព្យុះទី២៥ ឈ្មោះ ឌូជូអាន (Dujuan) T2625 ដែលបានបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី បក់បោកលើសមុទ្ទអាន់ដាម៉ាន់ សមុទ្ទចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្ទកម្ពុជា និងមកលើព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែកម្ពុជា ក៏ពុំស្ថិតនៅក្នុងគន្លងផ្លូវដើរផ្ទាល់របស់ព្យុះនេះឡើយ។

ស្ថានភាពធាតុអាកាសបែបនេះ នឹងធ្វើឱ្យប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅតំបន់វាលទំនាប៖ មានសីតុណ្ហភាពមធ្យមអប្បបរមា២៥អង្សាសេ និងអតិបរមា៣៣អង្សាសេ។ ខ្យល់បក់មកពីទិសនិរតី និងទិសពាយ័ព្យ មានល្បឿនមធ្យម៣ម៉ែត្រក្នុង១វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី ៧០ភាគរយ។ រីឯតំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា២៤អង្សាសេ និងអតិបរមា៣១អង្សាសេ ខ្យល់បក់មកពីទិសនិរតី និងទិសបូព៌ា មានល្បឿនមធ្យម៥ម៉ែត្រក្នុង១វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី៧០ភាគរយ។

ចំមណែក តំបន់មាត់សមុទ្ទ មានសីតុណ្ហភាពមធ្យមអប្បបរមា២៥អង្សាសេ និងអតិបរមា៣៤អង្សាសេ។ ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ មានល្បឿនមធ្យម៣ម៉ែត្រក្នុង១វិនាទី ខេត្តកោះកុង ក្រុងព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី៦០ភាគរយ។ ឯរលកសមុទ្ទមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងអតិបរមា១,៧៥ម៉ែត្រ។ អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងកុំមានការភិតភ័យចំពោះព័ត៌មានមិនពិត និងបន្តតាមដានការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម ជាបន្តទៀត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត