កម្ពុជា-វៀតណាម ឯកភាពគ្នាបន្តជំរុញទំនាក់ទំនងជាអ្នកជិតខាងល្អ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិ
S
Soriya Sou
09 មិថុនា 2026 10:00 AM

រាជធានីភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-វៀតណាម ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណីជាបងប្អូន…។

នាយករដ្ឋមន្រ្តីកម្ពុជា-វៀតណាម
នាយករដ្ឋមន្រ្តីកម្ពុជា-វៀតណាម

ស្មារតីឯកភាពគ្នារវាងនាយករដ្ឋមន្រ្តីកម្ពុជា-វៀតណាម ក្នុងជំនួបពិភាក្សាការងារ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសសម្ដេចធិបតីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦ នៅរដ្ឋធានីហាណូយ។ ក្នុងឱកាសនៃជំនួប នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ បានសម្ដែងនូវការពេញចិត្ត ចំពោះភាពរីកចម្រើនយ៉ាងល្អប្រសើរនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ដោយបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យទាំងអស់។

ជាមួយគ្នានេះ ប្រមុខរាជ/រដ្ឋាភិបាលទាំងពីរ បានឯកភាព និងប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងឈានទៅដល់កម្រិតខ្ពស់ថ្មីមួយទៀត ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។ នាឱកាសនោះ នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ បានផ្លាស់ប្ដូរទស្សនៈគ្នាអំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យគន្លឹះសំខាន់ៗផងដែរ រួមមាន៖ នយោបាយ, សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ, សន្តិសុខ និងការពារជាតិ, អប់រំ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ, សុខាភិបាល, ទេសចរណ៍, វប្បធម៌, ថាមពល, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, និងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន។

ឆ្លៀតក្នុងឱកាសនោះ សម្តេច​ធិបតី​បាន​គូស​បញ្ជាក់អំពី​សារសំខាន់នៃការពន្លឿនការសម្រេចលើចំណុចការតភ្ជាប់នៃផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងព្រៃនគរ-ម៉ុកបៃ,​ ការតភ្ជាប់ការធ្វើដំណើរតាមផ្លូវទឹក និងការពង្រីកជើងហោះហើរបន្ថែមរវាងប្រទេសទាំងពីរ។ ក្នុងវិស័យសេដ្ឋកិច្ច ​ និងពាណិជ្ជកម្ម​ សម្តេច​ធិបតី​ បាន​ស្នើដល់ការកែសម្រួលនីតិវិធី​សម្រាប់ការដឹកជញ្ជូនទំនិញឆ្លងកាត់ត្រង់ រវាងប្រទេសទាំងពីរ សំដៅកាត់បន្ថយពេលវេលាដឹកជញ្ជូន។ លើសពីនេះ ​ប្រមុខរាជ/រដ្ឋាភិបាលទាំងពីរ ក៏បានផ្លាស់ប្ដូរទស្សនៈលើកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍រួមនៃប្រទេសទាំងពីរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត