ថៃប្រកាសអាសន្នគ្រោះទឹកជំនន់ និងបាក់ដីនៅខេត្តចំនួន១៥ ខណៈភ្លៀងបន្តធ្លាក់យ៉ាងគំហុក
ហៀប ស៊ីថេត
18 ម៉ោងមុន

រាជធានីបាងកក៖ នាយកដ្ឋានឧតុនិយមថៃ (TMD) និងនាយកដ្ឋានធនធានរ៉ែ បានចេញសេចក្តីព្រមានជាបន្ទាន់ដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះទឹកជំនន់ឆាប់រហ័ស និងគ្រោះបាក់ដី រហូតដល់ថ្ងៃទី១ ខែសីហា ខណៈភ្លៀងបង្អុរធ្លាក់យ៉ាងគំហុកនៅទូទាំងប្រទេស។

រូបភាព៖ ខាវសដ
រូបភាព៖ ខាវសដ

បាតុភូតនេះបណ្ដាលមកពីប្រព័ន្ធសម្ពាធទាប ដែលកំពុងអូសបន្លាយកាត់តំបន់ភាគខាងជើង និងភាគឦសាន បូករួមនឹងសម្ពាធខ្យល់មូសុងនិរតី បានបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាជាច្រើនថ្ងៃ រហូតដល់កម្រិតទឹកភ្លៀងកើនឡើងលើសពី១៥០មិល្លីម៉ែត្រនៅតំបន់ខ្លះ។ អាជ្ញាធរបានកំណត់ខេត្តចំនួន១៥ ដែលស្ថិតក្នុងកម្រិតប្រឈមគ្រោះថ្នាក់ខ្ពស់ រួមមាន៖ ខេត្តតាក (Tak), ម៉ែហុងសុន (Mae Hong Son), ឈៀងម៉ៃ (Chiang Mai), លំពែង (Lamphun), ឈៀងរ៉ៃ (Chiang Rai), ណាន (Nan), ផាយ៉ាវ (Phayao), ព្រែ (Phrae), ឧត្តរទិត្យ (Uttaradit), ពេជ្របូរណ៍ (Phetchabun), កញ្ចនបុរី (Kanchanaburi), ចន្ទបុរី (Chanthaburi), ត្រាច (Trat), រ៉ាណង (Ranong) និង ផាងង៉ា (Phang Nga)

ការព្យាករធាតុអាកាសតាមតំបន់ចន្លោះថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា នៅតំបន់ភាគខាងជើង ភាគខាងកើត និងភាគខាងត្បូងឆ្នេរខាងលិច នឹងមានភ្លៀងធ្លាក់រហូតដល់៧០ភាគរយ គ្របដណ្ដប់លើផ្ទៃដី ដោយមានភ្លៀងធ្លាក់ខ្លាំងនៅខេត្តមួយចំនួនដូចជា៖ ឈៀងរ៉ៃ, ពេជ្របូរណ៍, ព្រះជិនបុរី, រយ៉ង, ចន្ទបុរី, ត្រាច និងរ៉ាណង។ រាជធានីបាងកក និងតំបន់ជុំវិញ រួមទាំងភាគកណ្តាល និងភាគឦសាន នឹងមានភ្លៀងធ្លាក់ផ្គររន្ទះប្រមាណ៧០ភាគរយគ្របដណ្ដប់លើផ្ទៃដី ដោយមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់មួយចំនួន។ សម្រាប់ស្ថានភាពសមុទ្ទ និងការធ្វើដំណើរតាមផ្លូវទឹកវិញ ទោះបីជាខ្យល់បក់ថយចុះបន្តិច ប៉ុន្តែរលកសមុទ្ទនៅឈូងសមុទ្ទអាន់ដាម៉ាន់ (Andaman) និងឈូងសមុទ្ទថៃភាគខាងលើ នៅតែមានកម្ពស់ប្រមាណ២ម៉ែត្រ ហើយអាចខ្ពស់ជាង ២ម៉ែត្រ នៅពេលមានខ្យល់កន្ត្រាក់ ឬព្យុះ។ អាជ្ញាធរបានអំពាវនាវឱ្យអ្នកនេសាទ និងអ្នកធ្វើនាវាចរណ៍បង្កើនការប្រុងប្រយ័ត្ន និងចៀសវាងការធ្វើដំណើរឆ្លងកាត់តំបន់ដែលមានព្យុះ៕

រូបភាព៖ The Nation
រូបភាព៖ The Nation
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត