
រាជធានីភ្នំពេញ៖ «ព្យុះម៉ៃសាក់» ដែលជះឥទ្ធិពលបង្កឱ្យផ្ទៃមេឃនៅកម្ពុជា មានភាពអាប់អួរ មានភ្លៀង ផ្គររន្ទះ តាំងតែពីថ្ងៃទី៣កក្កដា ឆ្នាំ២០២៦ កំពុងរលាយបាត់ទៅវិញ ប៉ុន្តែព្យុះ«បាវី» មិនទាន់ទៅវិញទេ ពោលគឺនៅបន្ត និងកំពុងវិវត្តខ្លួនទៅជាព្យុះសង្ឃរា ធ្វើឱ្យកម្ពុជាមានភ្លៀងធ្លាក់ដល់ទៅ៥០ភាគរយ រហូតដល់ថ្ងៃទី១២កក្កដា។ នេះបើតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម…។

ក្រសួងធនធានទឹក បានឱ្យដឹងនៅព្រឹកថ្ងៃទី៦កក្កដានេះថា ព្យុះទី៩ ឈ្មោះ «បាវី» និងព្យុះទី១០ ឈ្មោះ «ម៉ៃសាក់» បានវិវត្តទៅជាព្យុះសង្ឃរា និងមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្ទបេងហ្គាល សមុទ្ទអាន់ដាម៉ាន់ សមុទ្ទចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្ទកម្ពុជា និងនៅលើព្រះរាជាណាចក្រកម្ពុជាតែម្ដង។ ប៉ុន្តែព្យុះសង្ឃរានេះ ពុំស្ថិតនៅក្នុងគន្លងផ្លូវដើរចំប្រទេសកម្ពុជាឡើយ។ ទោះបីជាព្យុះម៉ៃសាក់នឹងរលាយបាត់ទៅវិញនៅថ្ងៃទី៦កក្កដាក៏ពិតមែន ប៉ុន្តែព្យុះសង្ឃរា «បាវី» នឹងបន្តមានឥទ្ធិពល ធ្វើឱ្យតំបន់វាលទំនាប រួមមាន៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង តាកែវ កណ្តាល និងរាជធានីភ្នំពេញ មានសីតុណ្ហភាពមធ្យមអប្បបរមា២៥អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៦អង្សាសេ ហើយអាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្ដប់លើផ្ទៃដី៣០ភាគរយ។

តំបន់ខ្ពង់រាប រួមមាន៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ មានសីតុណ្ហភាពមធ្យមអប្បបរមា២៤អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៥អង្សាសេ អាចមានភ្លៀងធ្លាក់ លាយឡំជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្ដប់លើផ្ទៃដី៥០ភាគរយ។ ដោយឡែក តំបន់មាត់សមុទ្ទ ដូចជា៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ មានសីតុណ្ហភាពមធ្យមអប្បបរមា២៥អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៥អង្សាសេ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្ដប់លើផ្ទៃដី៤០ភាគរយ។

ចំពោះរលកសមុទ្ទមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ។ ក្នុងន័យនេះ សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេស អ្នកទេសចរជាតិ-អន្តរជាតិ ដែលមានផែនការធ្វើដំណើរតាមផ្លូវទឹក រួមទាំងបងប្អូនប្រជានេសាទ ជ្រាបជាដំណឹង និងចូលរួមប្រុងប្រយ័ត្ន ចៀសវាងមានករណីជាយថាហេតុណាមួយកើតឡើង៕



