
អាស៊ាន៖ យោងតាមរបាយការណ៍ចុងក្រោយរបស់មជ្ឈមណ្ឌលអាស៊ានសម្រាប់ថាមពល ហៅកាត់ ACE បានបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងថា កម្ដៅខ្លាំងបានក្លាយជាបញ្ហាប្រឈមរចនាសម្ព័ន្ធរយៈពេលវែងសម្រាប់តំបន់មួយនេះ ដោយទីក្រុងធំៗត្រូវបានគេព្យាករថា នឹងមានសីតុណ្ហភាពមធ្យមក្នុងរដូវក្ដៅកើនឡើងជិត៤អង្សាសេបន្ថែមទៀត។

របាយការណ៍បានបញ្ជាក់ថា ទីក្រុងធំៗក្នុងតំបន់នឹងត្រូវរស់នៅក្រោមអាកាសធាតុក្ដៅខ្លាំង ដែលលើសពីកម្រិតធម្មតាដែលធ្លាប់មាន ដោយសីតុណ្ហភាពនឹងហក់ឡើងលើស៣៤អង្សាសេ នៅឆ្នាំ២០៣០ និងកើនដល់លើស៣៦អង្សាសេ នៅឆ្នាំ២០៥០ ដែលបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាពមនុស្ស ផលិតភាពការងារ និងប្រព័ន្ធផ្គត់ផ្គង់ថាមពលទាំងមូល។ ក្នុងចំណោមទីក្រុងដែលរងគ្រោះខ្លាំងជាងគេ រាជធានីបាងកក ត្រូវបានគេព្យាករថា នឹងមានការកើនកម្ដៅខ្ពស់បំផុតដល់ទៅ៣,៩អង្សាសេបន្ថែមទៀត ពោលគឺហក់ឡើងពី៣៤,២អង្សាសេ ទៅដល់៣៨,១អង្សាសេ ខណៈទីក្រុងសិង្ហបុរីត្រូវបានព្យាករថានឹងមានការកើនឡើងទាបជាងគេបន្តិច គឺកើនឡើង៣,៥អង្សាសេបន្ថែម។

អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺ ចំនួនថ្ងៃដែលមានកម្ដៅលើស៣៥អង្សាសេ នឹងមានរយៈពេលដល់១២០ថ្ងៃក្នុង១ឆ្នាំ ដោយរដូវក្ដៅនឹងចាប់ផ្ដើមលឿនជាងមុន និងអូសបន្លាយពេលយូរជាងមុន។ អ្នកជំនាញពីមជ្ឈមណ្ឌល ACE បានព្រមានថា កាលមុន រលកកម្ដៅដែលធ្លាប់កើតឡើងត្រឹម២ទៅ៣ដងក្នុង១ឆ្នាំ បានកើនឡើងដល់៨ទៅ១២ដងក្នុង១ឆ្នាំ។

កម្ដៅដ៏សាហាវនេះ មិនត្រឹមតែអាចបង្កឱ្យមានគ្រោះអាសន្នផ្នែកសុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងដាក់សម្ពាធយ៉ាងខ្លាំងលើប្រព័ន្ធទឹក និងអគ្គិសនី ព្រមទាំងរំខានដល់សកម្មភាពសេដ្ឋកិច្ច ជាពិសេសសម្រាប់ប្រជាជនដែលងាយរងគ្រោះ។ លើសពីនេះ អ្នកជំនាញក៏បានកត់សម្គាល់ផងដែរថា ការព្យាករនេះ អាចនឹងនៅមានកម្រិតទាបជាងការពិត ប្រសិនបើគិតបញ្ចូលនូវកម្រិតសំណើមខ្ពស់នៅក្នុងទីក្រុងដូចជាបាងកក ដែលនឹងធ្វើឱ្យស្ថានភាពកាន់តែគ្រោះថ្នាក់ខ្លាំងសម្រាប់រាងកាយមនុស្ស៕




