
រាជធានីបាងកក៖ អាជ្ញាធរេជធានីបាងកក បានចេញប្រកាសអាសន្នពណ៌ក្រហម នៅថ្ងៃចន្ទទី៤ ខែឧសភានេះ បន្ទាប់ពីសន្ទស្សន៍កម្ដៅក្នុងរាជធានីមួយនេះ ហក់ឡើងខ្ពស់លើសពី៥២អង្សាសេ ដែលជាកម្រិតគ្រោះថ្នាក់ខ្លាំងបំផុតចំពោះសុខភាពមនុស្ស។

នាយកដ្ឋានបរិស្ថាននៃរដ្ឋបាលរាជធានីបាងកក បានព្រមានថា កម្រិតកម្ដៅនេះអាចបង្កឱ្យមានជំងឺដែលបណ្ដាលមកពីកម្ដៅ ជាពិសេសគឺជំងឺ Heatstroke។ អាជ្ញាធរបានអំពាវនាវយ៉ាងទទូចឱ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកដែលធ្វើការនៅខាងក្រៅ ជៀសវាងរាល់សកម្មភាពនៅក្រោមពន្លឺថ្ងៃ និងត្រូវស្នាក់នៅតែក្នុងទីជម្រកដែលមានម្លប់ ឬម៉ាស៊ីនត្រជាក់។ ការព្រមាននេះមិនត្រឹមតែសំដៅលើអ្នកធ្វើការងារធ្ងន់ប៉ុណ្ណោះទេ ប៉ុន្តែក៏បានសង្កត់ធ្ងន់លើក្រុមមនុស្សដែលងាយរងគ្រោះបំផុត រួមមាន៖ កុមារតូចៗ និងមនុស្សចាស់ ស្ត្រីមានផ្ទៃពោះ និងអ្នកដែលមានជំងឺប្រចាំកាយ មនុស្សធាត់ខ្លាំង អ្នកដែលពិសាគ្រឿងស្រវឹង និងភ្ញៀវទេសចរដែលមិនទាន់ស៊ាំនឹងអាកាសធាតុក្ដៅ។

ស្ថានភាពកម្ដៅនៅថ្ងៃទី៤ឧសភានេះ ត្រូវបានចាត់ទុកថា ជាវិបត្តិអាកាសធាតុដ៏ធ្ងន់ធ្ងរ ដែលតម្រូវឱ្យពលរដ្ឋតាមដានសុខភាពខ្លួនឯងឱ្យបានដិតដល់។ បច្ចុប្បន្ន អាជ្ញាធរកំពុងតាមដានសន្ទស្សន៍កម្ដៅនេះយ៉ាងយកចិត្តទុកដាក់ ខណៈដែលរលកកម្ដៅកំពុងបន្តវាយប្រហារតំបន់អាស៊ីអាគ្នេយ៍យ៉ាងដំណំក្នុងឆ្នាំនេះ៕




