
(គុនខ្មែរ)៖ កីឡាករជម្រើសជាតិ Kickboxing លន បញ្ញា និងជាម្ចាស់មេដាយប្រាក់ស៊ីហ្គេម នៅវៀតណាម បានឱ្យដឹងថា «ក្ដីស្រមៃខ្ញុំ ចង់វ៉ៃនៅ ស៊ីហ្គេម២០២៣ នៅស្រុកខ្មែរ ចង់យកមេដាយមាស ជូនប្រជាជន និងមាតុភូមិខ្មែរ ក្នុងឋានៈជាម្ចាស់ផ្ទះដែលកម្ពុជារៀបចំព្រឹត្តិការណ៍មួយនេះជាប្រវត្តិសាស្ត្ររបស់ជាតិយើង »។

ជើងខ្លាំងក្នុងប្រភេទទម្ងន់ ៦៣,៥០ គីឡូក្រាម បានឱ្យដឹងថា ខ្លួនពិតជាមានក្ដីស្រមៃដ៏ធំ គឺចង់យកមេដាយមាសជូនជាតិ សម្រាប់ស៊ីហ្គេម នាឆ្នាំក្រោយ។ ប៉ុន្តែយ៉ាងណា ក្ដីស្រមៃមួយនេះ ខ្លួនមិនហ៊ានអះអាងថា នឹងសម្រេចបាន ឬយ៉ាងណានោះឡើយ ដ្បិតថាកីឡាករជម្រើសជាតិគ្រប់ប្រទេស សុទ្ធតែខ្លាំងៗ ហើយប្រទេសផ្សេងៗ ក៏គេមានការពង្រឹង និងការហ្វឹកហាត់ខ្លាំងដូចគ្នា។

កីឡាករដែលមានដើមកំណើតមកពីខេត្តព្រៃវែងរូបនេះ បានបញ្ជាក់ថា «… បើទោះគោលដៅរបស់យើង គឺយើងបានកំណត់រួចហើយ ថាត្រូវតែយកមេដាយមាស តែការប្រកួត យើងមើលមិនឃើញទេ។ អ៊ីចឹង ខ្ញុំមានតែប្រឹងប្រែងហ្វឹកហាត់ប៉ុណ្ណោះ។ សម្រាប់អារម្មណ៍របស់ខ្ញុំ គឺខ្ញុំគិតថា ខ្ញុំនឹងអាចមានការខកចិត្តខ្លះៗដែរ បើសិនយើងប្រឹងប្រែងហើយ តែមិនអាចសម្រេចបានតាមក្ដីស្រមៃរបស់យើងនោះ»។

គួររម្លឹកថា កាលពីស៊ីហ្គេមនៅវៀតណាម ឆ្នាំ២០២២ កីឡាករជម្រើសជាតិកម្ពុជា ធ្វើបានល្អមែនទែន ដោយឡើងដល់វគ្គផ្ដាច់ព្រ័ត្រ តែចាញ់ម្ចាស់ផ្ទះវៀតណាម ដោយពិន្ទុ៣-០ ហើយទទួលបានមេដាយប្រាក់ លើប្រភេទកីឡា Kickboxing ក្នុងប្រភេទទម្ងន់ ៦៧គីឡូក្រាម៕


