
រដ្ឋធានីសិង្ហបុរី៖ ស្ថិតក្នុងសមរភូមិការទូតលើដែនកោះសិង្ហបុរី នៅថ្ងៃអង្គារទី១៥ ខែកញ្ញានេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងសារដ៏មុតស្រួចក្នុងកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការផ្សះផ្សារដោយចាប់បង្ខំ លើសំណុំរឿងទំនាស់វិវាទព្រំដែនសមុទ្ទ រវាងកម្ពុជា និងថៃ ខណៈរដ្ឋមន្រ្តីការបរទេសថៃ លោក សីហស័ក្តិ ភួងកេតកែវ ដែលជាភ្នាក់ងារតំណាងរាជរដ្ឋាភិបាលនៃរាជធានីបាងកក នៅតែទន្ទេញជាប់មាត់ដដែលជាដដែលថា ភាគីទាំង២ គួរតែត្រឡប់មកចូលតុចរចាទ្វេភាគីដោយផ្ទាល់ឡើងវិញ។(Sic)...

រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានលើកឡើងថា ដំណើរការផ្សះផ្សារដោយចាប់បង្ខំ ជាមួយប្រទេសថៃ ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្ទ គឺជាវិធីសាស្ដ្រមួយក្នុងការកសាងទំនុកចិត្តឡើងវិញ។ កម្ពុជាបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ លើការដោះស្រាយវិវាទព្រំដែនសមុទ្ទជាមួយថៃ ដោយសន្តិវិធី និងតាមច្បាប់អន្តរជាតិ (UNCLOS)។ ថ្លែងនៅចំពោះមុខគណៈកម្មាធិការលើទឹកដីប្រទេសសិង្ហបុរី លោករដ្ឋមន្ត្រីការបរទេសគូសបញ្ជាក់ថា កម្ពុជាបានសម្រេចចិត្តចាប់ផ្តើមដំណើរការនីតិវិធីផ្សះផ្សាដោយចាប់បង្ខំ ក្រោមអនុសញ្ញាសហប្រជាជាតិ ស្តីពីច្បាប់សមុទ្ទ (ឬ UNCLOS) គឺដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី យុត្តិធម៌ និងប្រកបដោយចីរភាព លើវិវាទព្រំដែនសមុទ្ទជាមួយប្រទេសថៃ។ ដំណើរការនេះ មិនមែនជាការបង្កើនភាពតានតឹងនោះទេ ប៉ុន្តែជាយន្តការ[ការទូត]ស្ថាបនាមួយ ដើម្បីស្តារទំនុកចិត្តជាមួយគ្នាឡើងវិញ។

តើកត្តាអ្វីខ្លះ ដែលជំរុញឱ្យកម្ពុជាប្រើប្រាស់យន្តការអន្តរជាតិ ដើម្បីដោះស្រាយលើវិវាទនេះ..? នៅក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា បើទោះបីជាមានការខិតខំប្រឹងប្រែងចរចាជាច្រើនទសវត្សរ៍ ពោលគឺចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០ និងការចុះ MoU ឆ្នាំ២០០១ ក៏ភាគីទាំង២នៅតែមិនទាន់អាចឈានដល់កិច្ចព្រមព្រៀងលើការខណ្ឌសមុទ្ទ ឬការអភិវឌ្ឍរួមបានឡើយ។ បញ្ហានេះកាន់តែប្រឈម បន្ទាប់ពីភាគីថៃ បានប្រកាសលុបចោល MoU ឆ្នាំ២០០១ ជាឯកតោភាគី កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦។ គោលបំណងចម្បងរបស់កម្ពុជា គឺសម្រេចឱ្យបាននូវខ្សែព្រំដែនសមុទ្ទតែមួយ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ច្បាស់លាស់ និងស្របតាមច្បាប់អន្តរជាតិ។ នៅក្នុងសេចក្តីថ្លងការណ៍ បានបន្ថែមថា កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការចុះកិច្ចព្រមព្រៀងលើព្រំដែនសមុទ្ទ និងកិច្ចព្រមព្រៀងអភិវឌ្ឍរួម និងចែករំលែកធនធានដោយសមធម៌។

ការធានាបាននូវការ[ការពារ]អធិបតេយ្យភាព ផលប្រយោជន៍ជាតិ និងបង្កើតបរិយាកាសល្អរវាងប្រជាជននៃប្រទេសទាំង២ គឺជាបំណងរបស់ភាគីកម្ពុជា។ សូមជម្រាបថា កម្ពុជាមានប្រវត្តិ និងបទពិសោធជឿជាក់យ៉ាងមុតមាំលើប្រព័ន្ធយុត្តិធម៌អន្តរជាតិ ដូចជា តុលាការយុត្តិធម៌អន្តរជាតិ ICJ នៅក្នុងការដោះស្រាយទំនាស់។ ដូចគ្នានេះដែរ កម្ពុជាក៏បានបង្ហាញនូវការជឿជាក់ថា គណៈកម្មាធិការផ្សះផ្សា UNCLOS នឹងជួយសម្រួលឱ្យភាគីកម្ពុជា-ថៃ ទទួលបាននូវលទ្ធផលស្រប ខណៈរាជរដ្ឋាភិបាលរាជធានីភ្នំពេញ បានប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការ និងភាគីថៃ ដោយឈរលើស្មារតីស្មោះត្រង់ និងការគោរពគ្នាទៅវិញទៅមក។

ដោយឡែក រដ្ឋមន្ត្រីការបរទេសថៃ លោក សីហសក្តិ ភួងកែវកែវ បានរលាស់អណ្តាតដដែលៗប្រាប់អង្គប្រជុំថា ភាគីថៃ បានចូលរួមក្នុងដំណើរការនេះ ដោយស្មោះស្ម័គ្រ ប៉ុន្តែបានឆ្លៀតកត់សម្គាល់ថា ថៃបានស្នើឱ្យមានការចរចាដោយផ្ទាល់លើព្រំដែនសមុទ្ទជាមុនសិន សឹមឈានទៅរកដំណើរការនៃអនុសញ្ញា UNCLOS។ លោកថ្លែងបន្តថា ការណ៍ដែលថៃប្រកាសបញ្ចប់អនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០១ ឬ MOU 44 គឺដោយសារតែកិច្ចព្រមព្រៀងនេះ គ្មានភាពរីកចម្រើនសោះអស់រយៈពេលជាង ២០ឆ្នាំមកហើយ ហើយថៃចង់បើកផ្លូវថ្មីមួយដើម្បីឱ្យភាគីទាំង២ ត្រឡប់ទៅធ្វើការចរចាទ្វេភាគីដោយផ្ទាល់ឡើងវិញ។ លោករដ្ឋមន្ត្រីការបរទេសថៃរូបនេះ បាននិយាយទាំងរដិរដុបទៀតថា «កោះគជ់ ឬកោះគុត(ភាសាសៀម)» គឺជាអធិបតេយ្យភាពរបស់ថៃ ដោយគ្មានការសង្ស័យ និងមិនមែនជាប្រធានបទសម្រាប់ការចរចា ឬដោះដូរឡើយ៕




