តើអ្វីទៅជាអាថ៌កម្បាំង និងសមត្ថភាពពិតនៃនាវាហ្វឹកហ្វឺនរុស្ស៊ី Perekop ដែលគ្រោងបោះយុថ្កាសំចតក្នុងដែនទឹកកម្ពុជា?
ហៀប ស៊ីថេត
6 ម៉ោងមុន

រាជធានីភ្នំពេញ៖ ដឹងតែផ្អើលអស់ហ្វូងមច្ឆជាតិ! នាវាហ្វឹកហ្វឺន Perekop របស់សហព័ន្ធរុស្ស៊ី នឹងចូលបោះយុថ្កាសំចតនៅក្រុងព្រះសីហនុ នាថ្ងៃសុក្រទី១១ ខែកញ្ញា ខណៈព្រឹត្តិការណ៍នេះ គឺជាការចូលចតលើកទី២ របស់នាវាហ្វឹកហ្វឺនរុស្ស៊ីនៅកម្ពុជា បន្ទាប់ពីបេសកកម្មដំបូង កាលពីខែវិច្ឆិកា ឆ្នាំ២០១៩។ យ៉ាងណា ថ្ងៃនេះ SBM News នឹងលាតត្រដាងថា តើនាវា Perekop មានសមត្ថភាពពិត និងឫទ្ធានុភាពខ្លាំងប៉ុនណា..?

Perekop គឺជានាវាហ្វឹកហ្វឺនយោធាដ៏សំខាន់មួយថ្នាក់ Smolnyy-class ដែលបានបម្រើការយ៉ាងសកម្មក្នុងជួរកងទ័ពជើងទឹករុស្ស៊ី។ នាវានេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីបណ្ដុះបណ្ដាល និងហ្វឹកហ្វឺននិស្សិតយោធាជើងទឹក ព្រមទាំងផ្តល់នូវបទពិសោធជាក់ស្តែងនៅលើផ្ទៃសមុទ្ទ។ នាវា Perekop ត្រូវបានចាប់ផ្តើមសាងសង់ដោយរោងចក្រផលិតនាវា ស្យីកស្យ៊ីន ស្ពីយយៀត (Szczecin Shipyard) នាប្រទេសប៉ូឡូញ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៧៦ និងបានលែងចូលក្នុងទឹក នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ១៩៧៦។ បន្ទាប់ពីការសាងសង់ និងសាកល្បងរួចរាល់ នាវានេះ ត្រូវបានដាក់ឱ្យប្រតិបត្តិការផ្លូវការ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៧៧។ បច្ចុប្បន្ន នាវានេះ នៅតែមានភាពសកម្មក្នុងបេសកកម្មយោធា។

នាវា Perekop មានទម្ងន់ផ្ទុករហូតដល់៧២៧០តោន មានប្រវែង១៣៨ម៉ែត្រ ទទឹង១៧,២ម៉ែត្រ និងជម្រៅទឹក៥,៥៣ម៉ែត្រ។ នាវានេះ ដំណើរការដោយម៉ាស៊ីនម៉ាសូតចំនួន២ រត់បានល្បឿនអតិបរមាប្រមាណ៣៧គីឡូម៉ែត្រក្នុងកមួយម៉ោង និងមានសមត្ថភាព ធ្វើដំណើរបានចម្ងាយឆ្ងាយរហូតដល់ប្រមាណ១៧០០០គីឡូម៉ែត្រ។ នាវានេះ អាចផ្ទុកមនុស្សបានយ៉ាងច្រើន ក្នុងនោះរួមមាន៖ បុគ្គលិកនាវិក១៣២នាក់ គ្រូបង្វឹក៣០នាក់ និងនាយទាហានហ្វឹកហ្វឺនរហូតដល់៣០០នាក់។ ដ្បិតមានឈ្មោះជានាវាហ្វឹកហ្វឺន ប៉ុន្តែ Perekop ត្រូវបានបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យា និងគ្រឿងសាស្ត្រាវុធទំនើបៗ រួមមាន៖ កាំភ្លើងធំទំហំ៧៦មីលីម៉ែត្រ ចំនួន៤ដើម, កាំភ្លើងប្រឆាំងយន្តហោះទំហំ៣០មីលីម៉ែត្រចំនួន២, និងប្រព័ន្ធរ៉ុក្កែតប្រឆាំងនាវាមុជទឹក RBU-2500 ចំនួន១ប្រព័ន្ធ ក្រោពីនេះ វាក៏ត្រូវបានបំពាក់ដោយប្រព័ន្ធរ៉ាដាអាកាស និងប្រព័ន្ធសង្គ្រាមអេឡិចត្រូនិកផងដែរ

នេះមានន័យថា នាវា Perekop មិនត្រឹមតែជានាវាហ្វឹកហ្វឺនយោធា ដែលមានសមត្ថភាពការពារខ្លួនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ត្រូវបានបំពាក់អាវុធគ្រប់គ្រាន់ សម្រាប់វាយប្រហារផងដែរ ក្នុងករណីមានសត្រូវយាយី។ ដូច្នេះ ការចូលចតជាលើកទី២ របស់នាវាហ្វឹកហ្វឺន Perekop នៅក្រុងព្រះសីហនុ គឺជាការពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងការផ្លាស់ប្ដូរបទពិសោធរវាងកងទ័ពជើងទឹករុស្ស៊ី-កម្ពុជា ជាពិសេស នឹងជួយឱ្យកងទ័ពជើងទឹកកម្ពុជា កាន់តែខ្លាំងក្លាផ្នែកបច្ចេកទេសថែមមួយកម្រិតទៀត៕  

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត