
ទីក្រុងញូវយ៉ក៖ មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដែលជាវេទិកានៃជំនួបការទូតពហុភាគីនិយម បានប្រែក្លាយជាឆាកសម្ញែងអំណាច និងការគំរាមកំហែងផ្នែកយោធាយ៉ាងព្រឺព្រួច។ លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានឡើងថ្លែងសុន្ទរកថា ដោយប្រើពាក្យសម្តីធ្ងន់ៗគំរាម«កម្ទេច»សាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ និងច្រានប្រទេសនេះឱ្យធ្លាក់ទៅក្នុងនរក ប្រសិនបើរបបតេអេរ៉ង់មិនព្រមឱនក្បាលទទួលយកលក្ខខណ្ឌសន្តិភាពរបស់រដ្ឋធានីវ៉ាស៊ីនតោន...។

ការគំរាមកំហែងប្រកបដោយគ្រោះថ្នាក់នេះ កើតឡើងចំពេលសង្គ្រាមនៅមជ្ឈិមបូព៌ា ផ្ទុះឡើងតាំងពីខែកុម្ភៈ ដោយមានការចូលរួមពីសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល កំពុងញ៉ាំញីសេដ្ឋកិច្ចពិភពលោក តាមរយៈការកើនឡើងគំហុកនៃតម្លៃប្រេង និងធ្វើឱ្យប្រជាប្រិយភាពនយោបាយរបស់លោក ត្រាំ ធ្លាក់ចុះយ៉ាងខ្លាំង មុនពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិនាខែវិច្ឆិកាមកដល់។ នៅចំពោះមុខប្រតិភូពិភពលោក ដែលអង្គុយចំហមាត់ស្ដាប់ទាំងតានតឹងក្នុងអារម្មណ៍ លោក ត្រាំ បានដាក់ជម្រើស២ ឱ្យអ៊ីរ៉ង់។ ជម្រើសទី១៖ បង្កើតកិច្ចព្រមព្រៀងដែលទប់ស្កាត់អាវុធនុយក្លេអ៊ែរអ៊ីរ៉ង់, និងជម្រើសទី២៖ ប្រើប្រាស់កម្លាំងយោធាសហរដ្ឋអាម៉េរិក បំផ្លាញប្រទេសនេះទាំងស្រុង។ «តើខ្ញុំត្រូវកម្ទេចសាធារណរដ្ឋអ៊ិស្លាមនេះ ហើយធ្វើវាឱ្យបានឆាប់រហ័ស ដោយមិនផ្តល់ឱកាសឱ្យពួកគេសម្លាប់ និងបំផ្លាញប្រជាជន និងប្រទេសផ្សេងទៀតជាថ្មីម្ដងទៀត..? តើខ្ញុំត្រូវរុញពួកគេឱ្យធ្លាក់ទៅក្នុងនរកអវិចីដែរឬទេ?» នេះជាសម្តីដ៏មុតស្រួចចេញពីមាត់ លោក ដូណាល់ ត្រាំ។

ការបន្លឺសម្រែកដ៏ស្រួចស្រាវនេះ បានបង្ហាញយ៉ាងច្បាស់អំពីយុទ្ធសាស្ត្រ«ការទូតបង្ខិតបង្ខំ»របស់ប្រមុខសេតវិមាន ពោលគឺ ត្រាំ បានគំរាមយកអាវុធ និងការបំផ្លិចបំផ្លាញរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ធ្វើជាឧបករណ៍គាបសង្កត់ ដើម្បីបង្ខំឱ្យគូប្រជែងចូលតុចរចា។ ទោះជាយ៉ាងណាក៏ដោយ នៅពីក្រោយការគំរាមកំហែង មានល្បែងទូតដ៏សម្ងាត់មួយកំពុងប្រព្រឹត្តទៅយ៉ាងស្ងៀមស្ងាត់។ ប្រធានបេសកជនពិសេសសហរដ្ឋអាម៉េរិក លោក ស្ទីហ្វ វីតខូហ្វ (Steve Witkoff) និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបបាស អារ៉ាក់ឈី (Abbas Araghchi) បានជួបគ្នាអស់រយៈពេល៣ម៉ោង នៅក្រៅប្រជុំ UNGA។ លោក វីតខូហ្វ បានពណ៌នាពីការចរចានេះថា ជាជំហានប្រកបដោយក្ដីសង្ឃឹម។ សូមជម្រាបថា នៅសុន្ទរកថារបស់លោក ត្រាំ មិនត្រឹមជាការព្រមានដល់អ៊ីរ៉ង់ប៉ុណ្ណោះទេ ប៉ុន្តែជាការវាយប្រហារចំៗទៅលើរចនាសម្ព័ន្ធអន្តរជាតិទាំងមូល។ ជាក់ស្តែង លោក ត្រាំ បានវាយប្រហារអង្គការសហប្រជាជាតិថា៖«គ្រប់គ្រងដោយក្រុមមន្ត្រីសកលឆ្វេងនិយមជ្រុល» និងបានប្រកាសក្តែងៗដោយអំណួតថា«គ្មានឡើយរដ្ឋាភិបាលពិភពលោក មានតែអធិបតេយ្យភាពជាតិ និងកម្លាំងយោធាអាម៉េរិក ដែលគ្មានគូប្រៀប»។

មិនត្រឹមតែប៉ុណ្ណោះ លោក ត្រាំ បានវាយប្រហារគុយបាចំៗថាជា «រដ្ឋបរាជ័យ» ដែលធ្វើឱ្យប្រតិភូនៃប្រទេសនេះ ដើរចេញពីសាលប្រជុំភ្លាមៗ។ ក្រៅពីសំណុំរឿងនេះ លោក ត្រាំ ក៏បានពង្រីកឥទ្ធិពលអំណាចរបស់លោកលើច្រើនសមរភូមិ ដោយបានអះអាងសាជាថ្មីថា នឹងបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន យ៉ាងឆាប់រហ័ស ខណៈរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រ៉ូប៊ីអូ ត្រៀមជួបប្រជុំទល់មុខជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្គី ឡាវរ៉ូវ (Sergei Lavrov) នៅទីក្រុងញូវយ៉ក។ លើសពីនេះ លោក ត្រាំ បានប្តេជ្ញាថា សហរដ្ឋអាម៉េរិកនឹងមិនបាត់បង់ការនាំមុខលើផ្នែកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ទៅឱ្យប្រទេសចិនឡើយ ដោយលោកបានផ្លាស់ប្ដូរការហៅ AI ថាជា «Super Intelligence (បញ្ញាដ៏អស្ចារ្យ)»។ លោក ត្រាំ ក៏បានប្រកាសពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធាជាប្រវត្តិសាស្ត្រជាមួយដាណឺម៉ាក និងហ្គ្រោអង់ឡង់ ឬហ្គ្រីនឡែន ដើម្បីទទួលបានសិទ្ធិចូលប្រើប្រាស់ដែនដី និងដែនអាកាសនៅលើកោះយុទ្ធសាស្ត្រមួយនេះផងដែរ។

ជាចុងក្រោយ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូតេរ៉ែស (António Guterres) បានថ្លែងសុន្ទរកថា លាឈប់ពីតំណែងជាអគ្គលេខាធិការអង្គការសហប្រជាជាតិ ដោយបានដាស់តឿនប្រទេសមហាអំណាច ដោយមិនបញ្ចេញឈ្មោះ ឱ្យទទួលស្គាល់ថា«អំណាចរបស់ពួកគេ មិនមែនអស្ចារ្យខ្លាំងណាស់ណានោះទេ។ ស្នាមប្រេះឆាក្នុងពិភពលោករបស់យើង កំពុងតែរីកធំឡើងហើយ»៕



