
សព្វាវុធ៖ សហរដ្ឋអាម៉េរិកបានបញ្ចេញអាវុធយុទ្ធសាស្ត្រដ៏មហាប្រល័យបំផុតមួយរបស់ខ្លួន នោះគឺ ស្តេចមីស៊ីលនុយក្លេអ៊ែរអន្តរទ្វីបជំនាន់ថ្មី ដែលមានរហ័ស្សនាមថា«បិសាចនុយក្លេអ៊ែរ Sentinel»។ Sentinel មិនមែនជាមីស៊ីលនុយក្លេអ៊ែរធម្មតាទេ ប៉ុន្តែវាជាគ្រាប់មីស៊ីលផ្លោងអន្តរទ្វីប ដែលជាស្ដេចនុយក្លេអ៊ែរជំនាន់ថ្មីរបស់អាម៉េរិក...។

បិសាចនុយក្លេអ៊ែរ LGM-35A Sentinel នឹងត្រូវបំពាក់ដោយក្បាលគ្រាប់នុយក្លេអ៊ែរមហាប្រល័យ W871 ដែលមានកម្លាំងផ្ទុះរហូតដល់ ៤៧៥គីឡូតោន(kilotons)។ អាវុធមហាប្រល័យនេះ មានកម្លាំងផ្ទុះខ្លាំងជាងគ្រាប់បែកបរមាណូ«Little Boy» ៣២ដង ដែលអាម៉េរិកធ្លាប់បានប្រើដើម្បីទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ា កាលពីជំនាន់សង្គ្រាមលោកលើកទី២។ W871 ជាក្បាលគ្រាប់នុយក្លេអ៊ែរ ដែលមានកម្លាំងផ្ទុះខ្លាំងបំផុតក្នុងចំណោមអាវុធរបស់សហរដ្ឋអាម៉េរិក រហូតដល់ត្រូវបានគេប្រសិទ្ធនាមថាជា «មាតានៃអាវុធនុយក្លេអ៊ែរ (Mother of all nukes)»។

គម្រោងដែលអភិវឌ្ឍដោយក្រុមហ៊ុន Northrop Grumman (ណស់រ៉ាប់ ហ្ក្រាំមែន) នេះ មានតម្លៃរហូតដល់ជាង ១៤០ពាន់លានដុល្លារ ដោយអាម៉េរិកគ្រោងនឹងផលិតបិសាចមីស៊ីល Sentinel នេះចំនួនជាង ៦០០ដើម ដើម្បីប្រើប្រាស់រហូតដល់យ៉ាងហោចណាស់ឆ្នាំ ២០៧០។ បិសាចនុយក្លេអ៊ែរមួយក្បាលនេះ អាចបាញ់បានចម្ងាយឆ្ងាយជាង ៩០០០គីឡូម៉ែត្រ។ វាមានជំហានរុញច្រាន ចំនួន ៣ដំណាក់កាលធំៗ៖ ដំណាក់កាលបាញ់ចេញ, ដំណាក់កាលហោះហើរក្រៅបរិយាកាស, និងដំណាក់កាលធ្លាក់ចូលមកក្នុងបរិយាកាសផែនដីវិញ។ វាមានល្បឿនលឿនជាងសំឡេង២៣ដង ឬប្រមាណ ២៩០០០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលធ្វើឱ្យវាក្លាយជាអាវុធស្ទើរតែមិនអាចស្ទាក់ចាប់បាន។

គោលបំណងនៃការបង្កើតមីស៊ីល Sentinel នេះឡើង គឺដើម្បីជំនួសប្រព័ន្ធមីស៊ីល Minuteman III ដែលបានដាក់ឱ្យប្រតិបត្តិការតាំងពីដើមទសវត្សរ៍ឆ្នាំ១៩៧០ ក្នុងសម័យសង្គ្រាមត្រជាក់។ សូមជម្រាបថា ការផ្ដល់កំណើតឱ្យបិសាចនុយក្លេអ៊ែរនេះ ធ្វើឡើងចំពេលដែលមហាអំណាចធំៗដូចជា រុស្ស៊ី និងចិន កំពុងអភិវឌ្ឍបច្ចេកវិទ្យាមីស៊ីលនុយក្លេអ៊ែរយ៉ាងគំហុក និងនាំមុខលើបច្ចេកវិទ្យាមីស៊ីលល្បឿនលឿនជាងសំឡេង។ ដូច្នេះ ការបង្កើតអាវុធដ៏ប្រល័យនេះ សហរដ្ឋអាម៉េរិកចង់ផ្ញើសារព្រមានទៅកាន់ពិភពលោកថា រដ្ឋធានីវ៉ាសស៊ីនតោននៅតែជាមហាអំណាចទី១លើលោក ដែលគ្មាននរណាអាចប៉ះពាល់បាន៕




