ប្រមុខការទូតអ៊ីរ៉ង់ហោះទៅជាន់ដីអាម៉េរិកដល់ទីក្រុងញូវយ៉ក ចំពេលរដ្ឋធានីវ៉ាស៊ីនតោន គំរាមបិទផ្លូវអាកាសចរណ៍តេហេរ៉ង់ជុំវិញពិភពលោក
ហៀប ស៊ីថេត
2 ថ្ងៃមុន

ទីក្រុងញូវយ៉ក៖ យោងតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបបាស អារ៉ាក់ឈី (Abbas Araghchi) បានហោះទៅដល់ទីក្រុងញូវយ៉ក នៅថ្ងៃអង្គារទី២២ ខែកញ្ញានេះ ដើម្បីចូលរួមសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨១ ខណៈប្រមុខការទូតអ៊ីរ៉ង់រូនេះត្រូវបានរំពឹងថានឹងពិគ្រោះយោបល់លើការវិវត្តចុងក្រោយក្នុងតំបន់ កំលុងមហាសន្និបាត។

លោក អាបបាស អារ៉ាក់ឈី
លោក អាបបាស អារ៉ាក់ឈី

ដោយឡែក ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ប៉េសេគៀន (Masoud Pezeshkian) ក៏នឹងធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉កនៅថ្ងៃពុធទី២៣ ខែកញ្ញានេះដែរ ដើម្បីចូលរួមក្នុងសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨១ ក្នុងនាមជាតំណាងសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ ចំពេលមានជម្លោះ និងតានតឹងជាបន្តបន្ទាប់ជាមួយសហរដ្ឋអាម៉េរិក។ ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក ប៉េសេគៀន ត្រូវបានរំពឹងថានឹងឡើងថ្លែងការណ៍ទៅកាន់មហាសន្និបាតសហប្រជាជាតិ និងលើកឡើងពីជំហររបស់អ៊ីរ៉ង់លើការវិវត្តជាអន្តរជាតិ ជាពិសេសលើបញ្ហាសង្គ្រាមរួមគ្នារបស់អាម៉េរិក និងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់។ នេះយោងតាមសារព័ត៌មាន IRNA។ លោក ប៉េសេគៀន ត្រូវបានកំណត់ឱ្យឡើងថ្លែងការណ៍ទៅកាន់មហាសន្និបាតនៅថ្ងៃពុធ ទី២៤ ខែកញ្ញា ខណៈប្រធានាធិបតីអ៊ីរ៉ង់រូបនេះ ក៏ត្រូវបានរំពឹងថានឹងរៀបចំជំនួបពិភាក្សា និងពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់មកពីប្រទេសជាច្រើនទៀតនៅខាងក្រៅសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិផងដែរ។

លោក ម៉ាស៊ូដ ប៉េសេគៀន 
លោក ម៉ាស៊ូដ ប៉េសេគៀន 

យ៉ាងណា ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA បានរាយការណ៍ថា រដ្ឋាភិបាលសហរដ្ឋអាម៉េរិកបានបដិសេធផ្តល់ទិដ្ឋាការ (Visa) ដល់សមាជិកមួយចំនួននៃគណៈប្រតិភូជាន់ខ្ពស់អ៊ីរ៉ង់ រួមទាំងសមាជិកនៃក្រុមព័ត៌មានរបស់ប្រធានាធិបតីផងដែរ។ IRNA បានពិពណ៌នាថា វាជាសកម្មភាពអរិភាពដែលមិនធ្លាប់មានពីមុនមកពីសំណាក់ទីក្រុងវ៉ាស៊ីនតោន។ ការទៅដល់នៃគណៈប្រតិភូអ៊ីរ៉ង់កើតឡើង នៅពេលដែលរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាម៉េរិក លោក ស្កុត បេសសិន (Scott Bessent) បានព្រមានថា ក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់អាចនឹងត្រូវបិទមិនឱ្យធ្វើការហោះហើរជាអន្តរជាតិ ចាប់ពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញាតទៅ ខណៈរដ្ឋធា​នីវ៉ាស៊ីនតោនគំរាមដាក់ទណ្ឌកម្មបន្ទាប់បន្សំលើក្រុមហ៊ុនបរទេសណា ដែលបន្តផ្តល់សេវាកម្មដល់ក្រុមហ៊ុនដឹកជញ្ជូនរបស់អ៊ីរ៉ង់។ ជាក់ស្តែង យោងតាមសារព័ត៌មាន Al Jazeera លោក បេសសិន បានអះអាងថា នៅថ្ងៃទី២៤ ខែកញ្ញា ក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ទាំងអស់នឹងត្រូវបិទទ្វារនៅជុំវិញពិភពលោក ខណៈរដ្ឋបាលលោក ត្រាំ បង្កើនសម្ពាធសេដ្ឋកិច្ចកាន់តែខ្លាំងលើរដ្ឋធានីតេហេរ៉ង់។

លោក ស្កុត បេសសិន
លោក ស្កុត បេសសិន

ការព្រមាននេះមិនត្រឹមតែគ្របដណ្ដប់លើក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរាប់បញ្ចូលទាំងព្រលានយន្តហោះបរទេស អ្នកផ្គត់ផ្គង់ប្រេងឥន្ធនៈ ក្រុមហ៊ុនលក់សំបុត្រ និងអាជីវកម្មផ្សេងទៀតដែលពាក់ព័ន្ធនឹងការគាំទ្រប្រតិបត្តិការអន្តរជាតិរបស់ក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ទាំងនោះ។ លោក បេសសិន បានបោះសម្តីធ្ងន់ៗថា៖«ប្រសិនបើពួកគេចុះចត អ្នកមិនអាចផ្តល់ប្រេងឥន្ធនៈ មិនអាចផ្តល់សេវាចុះចត មិនអាចលក់សំបុត្រឱ្យពួកគេបានឡើយ បើមិនដូច្នេះទេ អ្នកនឹងត្រូវបណ្តេញចេញពីប្រព័ន្ធប្រាក់ដុល្លារ»។ ការគំរាមកំហែងចុងក្រោយនេះ បានកើតឡើងចំពេលមានយុទ្ធនាការទណ្ឌកម្មកាន់តែទូលំទូលាយរបស់រដ្ឋបាលលោក ត្រាំ ទៅក្នុងបណ្តាញហិរញ្ញវត្ថុ និងពាណិជ្ជកម្មអន្តរជាតិរបស់អ៊ីរ៉ង់។

គួរបញ្ជាក់ថា សម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដែលត្រូវបានរៀបចំឡើងក្រោមប្រធានបទ «អង្គការសហប្រជាជាតិផ្តល់លទ្ធផលផលប្រយោជន៍សម្រាប់ទាំងអស់គ្នា» ត្រូវបានកំណត់ធ្វើឡើងចាប់ពីថ្ងៃទី ២២ ដល់ ២៦ ខែកញ្ញា និងបន្តនៅថ្ងៃទី២៨ ខែកញ្ញា នៅទីក្រុងញូវយ៉ក ដោយថ្នាក់ដឹកនាំជុំវិញពិភពលោក នឹងពិភាក្សាអំពីបញ្ហាប្រឈមធំៗជាអន្តរជាតិ។ របៀបវារៈនៃសម័យប្រជុំនេះ ក៏រួមបញ្ចូលទាំងកិច្ចប្រជុំកម្រិតជាន់ខ្ពស់ស្តីពីសកម្មភាពអាកាសធាតុ ការអភិវឌ្ឍ ការកើនឡើងនៃកម្ពស់ទឹកសមុទ្ទ ការត្រៀមលក្ខណៈឆ្លើយតបនឹងជំងឺរាតត្បាត និងបញ្ហាសកលផ្សេងៗទៀត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត