ដឹងតែកក្រើកភូមិសាស្ត្រនយោបាយសកល! ស្តេចនាគរាជ ស៊ី ជីនពីង ត្រៀមហោះទៅជួបស្តេចឥន្រ្តី ដូណាល់ ត្រាំ ក្នុងសប្តាហ៍នេះ
ហៀប ស៊ីថេត
12 ម៉ោងមុន

រដ្ឋធានីប៉េកាំង៖ ក្រសួងការបរទេសចិនបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃចន្ទទី២១​ ខែកញ្ញានេះថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសហរដ្ឋអាម៉េរិក ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា តបតាមការអញ្ជើញពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ខណៈពិភពលោកទាំងកំពុងទ​ន្ទឹងរង់ចាំមើលយ៉ាងអន្ទះសា ថា តើកំពូលមេដឹកនាំទាំង២ នឹងជជែកគ្នាអ្វីខ្លះ...?

លោក ដូណាល់ ត្រាំ (ឆ្វេង) និងលោក ស៊ី ជីនពីង
លោក ដូណាល់ ត្រាំ (ឆ្វេង) និងលោក ស៊ី ជីនពីង

ក្នុងអំឡុងពេលទស្សនកិច្ចដ៏គួរចាប់អារម្មណ៍នេះ លោក ស៊ី នឹងបើកកិច្ចប្រជុំកំពូលពិភាក្សាស៊ីជម្រៅ និងផ្លាស់ប្ដូរទស្សនៈយ៉ាងជិតដិតជាមួយប្រធានាធិបតី ត្រាំ លើបញ្ហាស្នូលធំៗដែលកំពុងរង្គោះរង្គើដល់ទំនាក់ទំនងរវាងចិន និងអាម៉េរិក ក៏ដូចជាជោគវាសនានៃសន្តិភាព និងការអភិវឌ្ឍរបស់ពិភពលោក។ នេះបើយោងតាមការគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ពីអ្នកនាំពាក្យក្រសួងការបរទេសចិន នៅក្នុងសន្និសីទសារព័ត៌មាន។ លោក ហ្គូ ជៀគុន (Guo Jiakun) អ្នកនាំពាក្យក្រសួងការបរទេសចិន បានសង្កត់ធ្ងន់ដោយវាយតម្លៃធ្ងន់ៗថា ការផ្លាស់ប្ដូរនៃដំណើរទស្សនកិច្ចទៅវិញទៅមករវាងប្រមុខរដ្ឋនៃមហាអំណាចទាំង២ ក្នុងរយៈពេលត្រឹមតែ ៦ខែនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានសារសំខាន់ និងជាសមិទ្ធផលដ៏ធំធេង។ លោក ហ្គូ បានបន្តបញ្ជាក់ជំហរយ៉ាងរឹងមាំថា៖«ប្រទេសចិនប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើការជាមួយសហរដ្ឋអាម៉េរិក ដើម្បីពង្រឹងកិច្ចសន្ទនាកម្រិតខ្ពស់ និងកិច្ចសហប្រតិបត្តិការ រក្សាការគ្រប់គ្រងលើការខ្វែងគំនិតគ្នាតាមរបៀបសមស្រប ជំរុញសុខុមាលភាពប្រជាជននៃប្រទេសទាំង២ដោយឥតរអាក់រអួល និងធានាឱ្យបាននូវសន្តិភាព ស្ថិរភាព និងភាពរុងរឿងរបស់ពិភពលោក»។

លោក ហ្គូ ជៀគុន
លោក ហ្គូ ជៀគុន

សូមជម្រាបថា ដំណើរទស្សនកិច្ច លោក ស៊ី ជីនពីង ហោះទៅជជែកជាមួយលោក ដូណាល់ ត្រាំ ដល់ទឹកដីសហរដ្ឋអាម៉េរិក នាសប្តាហ៍នេះ ត្រូវងបានគេរំពឹងថា​​ មហាអំណាចទាំង២ មានរបៀបវារៈបន្ទាន់ជាច្រើន ដែលត្រូវដោះស្រាយដោយផ្ទាល់នៅក្នុងជំនួបកម្រិតកំពូល ខណៈសង្គ្រាមពាណិជ្ជកម្ម និងពន្ធគយ, បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI), សន្តិសុខតំបន់ និងច្រកសមុទ្ទតៃវ៉ាន់, និងភូមិសាស្ត្រនយោបាយសកល ដូចជា៖ វិបត្តិសង្គ្រាមនៅអ៊ុយក្រែន, ឥទ្ធិពលកាន់តែធំរបស់ចិននៅក្នុងប្លុក BRICS ជាពិសេសភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលកំពុងតែរីករាលដាលកាន់តែធំ។  គេនៅចាំបានថា ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅដល់រដ្ឋធានីប៉េកាំង កាលពីយប់ថ្ងៃទី១៣ ខែឧសភា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៣ថ្ងៃ។ យ៉ាងណា នៅពេលនោះ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានចាកចេញពីទឹកដីចិននៅថ្ងៃសុក្រទី១៦ ខែឧសភា ដោយគ្មានលទ្ធផលជាដុំកំភួនណាមួយលើបញ្ហាពាណិជ្ជកម្ម ឬជំនួយជាក់ស្តែងពីរដ្ឋធានីប៉េកាំង ដើម្បីបញ្ចប់សង្គ្រាមអ៊ីរ៉ង់នោះទេ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត