
រាជធានីភ្នំពេញ៖ ករណីជម្លោះពាក្យសម្តីរហូតឈានដល់ការប្រើហិង្សា នៅលើទីលានបាល់ទាត់ ក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា កាលពីពេលថ្មីៗ ត្រូវបានបញ្ចប់ដោយសន្តិវិធី និងមានការយោគយល់គ្នា ដោយភាគីជនរងគ្រោះយល់ព្រមដោះស្រាយក្រៅប្រព័ន្ធតុលាការ បន្ទាប់ពីមានការសម្របសម្រួលនៅចំពោះមុខសមត្ថកិច្ច...។

យោងតាមប្រភពព័ត៌មាន បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ គ្រួសារជនបង្ក និងគ្រួសារជនរងគ្រោះ បានចូលរួមឆ្លើយបកស្រាយ និងសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា។ ក្រោយការសាកសួរ និងទទួលបានការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ពីសំណាក់សមត្ថកិច្ច ភាគីទាំងពីរ បានស្នើសុំបញ្ចប់ទំនាស់ក្រៅប្រព័ន្ធតុលាការ ដោយស្ម័គ្រចិត្តយកការសម្រុះសម្រួល ពោលគឺគ្រួសារជនរងគ្រោះ សម្រេចចិត្តដកពាក្យបណ្តឹងវិញ ខណៈគ្រួសារជនបង្កបានយល់ព្រមទទួលខុសត្រូវ ធានាចេញថ្លៃចំណាយលើការព្យាបាលរបួសជូនជនរងគ្រោះទាំងអស់។ ជាមួយគ្នា ក្រុមគ្រួសារទាំងពីរ ក៏បានសម្ដែងអំណរគុណជូនចំពោះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ និងផ្តល់ឱកាសឱ្យមានការសម្របសម្រួល ដោះស្រាយ បញ្ចប់បញ្ហាដោយសន្តិវិធី។

សូមរម្លឹកថា ហេតុការណ៍ហិង្សានេះ កើតឡើងកាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ នៅឯតារាងបាល់ទាត់វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន កោះដាច់ ស្ថិតក្នុងភូមិល្វា សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ដើមហេតុនៃជម្លោះនេះ ផ្ដើមចេញពីការប៉ះទង្គិចពាក្យសម្តីគ្នា រវាងជនរងគ្រោះឈ្មោះ ធី សុគន្ធា អាយុ១៩ឆ្នាំ និងជនបង្កឈ្មោះ ឌីណា ខណៈដែលអ្នកទាំងពីរកំពុងប្រកួតបាល់ទាត់លើទីលានជាមួយគ្នា រហូតឈានដល់ការដាក់ពាក្យបណ្តឹងទាមទារសំណងជំងឺចិត្តចំនួន១៤០០០ដុល្លារអាម៉េរិក នាពេលកន្លងមក ដើម្បីយកមកវះកាត់ព្យាបាលមុខរបួស៕





