
រាជធានីភ្នំពេញ៖ បន្ទាប់ពីមានរលកសំឡេងរិះគន់នៅលើបណ្តាញផ្សព្វផ្សាយសង្គម ជុំវិញចំណាត់ការរបស់សមត្ថកិច្ចមូលដ្ឋាន ដែលបានអនុវត្តទៅលើបុគ្គលប្រើហិង្សាបង្ករបួសស្នាមធ្ងន់ធ្ងរដល់ភាគីម្ខាងទៀត ពេលនេះ ស្នងការរាជធានីភ្នំពេញ បានដាក់បទបញ្ជាឱ្យមានចំណាត់ការបន្ទាន់ ខណៈគ្រួសារជនរងគ្រោះបានសម្ដែងការខកចិត្តជាខ្លាំង…។

យោងតាមការរៀបរាប់ពីប្អូនស្រីរបស់ជនរងគ្រោះ បានឱ្យដឹងថា ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១៦:០០នាទីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅតារាងបាល់ទាត់វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន កោះដាច់ ស្ថិតក្នុងភូមិល្វា សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ដើមហេតុនៃការកើតឡើងនូវអំពើហិង្សា ផ្តើមចេញពីទំនាស់ពាក្យសម្តី រវាងជនរងគ្រោះឈ្មោះ ធី សុគន្ធា អាយុ១៩ឆ្នាំ និងជនបង្កឈ្មោះ ឌីណា ដែលបានប្រកួតបាល់ទាត់នៅទីលានខាងលើ។ ក្រោយលោកអាជ្ញាកណ្ដាលធ្វើការសម្របសម្រួលមិនស្តាប់ លោកអាជ្ញាកណ្ដាលក៏បានផ្អាកឈ្មោះ ឌីណា មិនឱ្យលេងបន្ត(ផ្តល់កាតក្រហម) ស្រាប់តែឈ្មោះ ឌីណា ស្ទុះមកដាល់ចំផ្ទៃមុខផ្នែកខាងស្តាំរបស់ឈ្មោះ ធី សុគន្ធា ទាំងមិនដឹងខ្លួន បណ្ដាលឱ្យបាក់ឆ្អឹងក្រោមភ្នែក និងសន្លប់នៅនឹងកន្លែងតែម្ដង។

នារីជាប្អូនស្រីជនរងគ្រោះឱ្យដឹងបន្តថា ភ្លាមៗក្រោយកើតហេតុ គ្រួសារនាងបានទៅដាក់ពាក្យបណ្តឹងប្តឹងជនបង្ក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កោះដាច់ ប៉ុន្តែសមត្ថកិច្ចមូលដ្ឋានមិនបានចុះអន្តរាគមន៍ ឬឃាត់ខ្លួនជនដៃដល់ភ្លាមៗទេ។ លុះមកដល់ថ្ងៃទី១៤ ខែកញ្ញា ដោយឃើញជនបង្ក និងក្រុមគ្រួសារមិនទាន់ចេញមុខទទួលខុសត្រូវ ខណៈសមត្ថកិច្ចក៏ស្ងាត់ជ្រងំ គ្រួសារនាង ក៏បានសម្រេចចិត្តបង្ហោះព័ត៌មាននេះ លើបណ្តាញសង្គម ស្នើសុំយោបល់ពីបងប្អូនប្រជាពលរដ្ឋ ជុំវិញចំណាក់ការរបស់អាជ្ញាធរមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កោះដាច់ ដែលមិនមានចំណាត់ការច្បាប់លើជនបង្ក។ បន្ទាប់មក ក៏មានការជជែកដេញដោលគ្នានៅលើបណ្តាញសង្គមយ៉ាងផុលផុស និងបានរិះគន់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កោះដាច់ ថា មិនសក្តិសមជាសមត្ថកិច្ចនគរបាលទេ ព្រោះមិនអើពើនឹងបណ្តឹងពលរដ្ឋ និងបានប្រព្រឹត្តផ្ទុយពីការណែនាំរបស់លោកឧបនាយករដ្ឋមន្ត្រី អភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានថ្លែងម្ដងហើយម្ដងទៀត ឱ្យអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ខ្ពស់ លើពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ដែលបានដាក់ពាក្យប្តឹងនៅក្នុងមូលដ្ឋានរបស់ខ្លួន។

ក្រោយរឿងរ៉ាវនេះផ្អើលលើបណ្តាញសង្គម និងរងការរិះគន់ដូចទឹកបាក់ទំនប់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាផ្ទាល់ទៅលោកស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ បើកការស្រាវជ្រាវបន្ទាន់មួយ ដើម្បីតាមចាប់ខ្លួនជនបង្ក យកមកផ្តន្ទាទោសតាមច្បាប់។ បច្ចុប្បន្ន សមត្ថកិច្ច បាននិងកំពុងកំណត់មុខសញ្ញាជនបង្ក ឈ្មោះ ឌីណា ដែលបានរត់គេចខ្លួនក្រោយវាយជនរងគ្រោះឱ្យរបួសធ្ងន់សន្លប់បាត់ស្មារតី។ ទោះយ៉ាងណា សាធារណជន និងគ្រួសារជនរងគ្រោះ បានសម្ដែងការហួសចិត្តជាខ្លាំង ជុំវិញការគ្មានចំណាត់ការរបស់អាជ្ញាធរមូលដ្ឋាន ដែលបានបណ្តោយឱ្យជនបង្ករត់ចេញពីសំណាញ់ច្បាប់បានដោយសុវត្ថិភាព ក្នុងនាមខ្លួនជាមន្ត្រីអនុវត្តច្បាប់នៅមូលដ្ឋាន។ ជាមួយគ្នាផងដែរ គ្រួសារជនរងគ្រោះ កំពុងរង់ចាំមើលភាពយុត្តិធម៌ដែលសមត្ថកិច្ចនឹងផ្តល់ឱ្យ ថាតើជនបង្កនឹងមកទទួលទោសទណ្ឌបាននៅពេលណា? ហើយថា តើមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កោះដាច់ ដែលមិនមានចំណាត់ការច្បាប់លើជនបង្កតាមបណ្តឹងពលរដ្ឋនោះ អាចនឹងទទួលរងការពិន័យបែបណាដែរ? ព្រោះបើបណ្តោយឱ្យវប្បធម៌ហិង្សាកើតឡើងដោយគ្មានចំណាត់ការច្បាប់បែបនេះ វានឹងក្លាយជាគំរូអាក្រក់ក្នុងសង្គមមិនខាន៕






