
រាជធានីភ្នំពេញ៖ ក្រសួងព័ត៌មាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសហការគ្នា រៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ«គេហទំព័ររបស់មន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥» កាលពីថ្ងៃទី២១កញ្ញា ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត ដើម្បីសម្រេចគោលដៅរួមតែមួយ គឺការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីផ្តល់ព័ត៌មានដល់ពលរដ្ឋឱ្យកាន់តែឆាប់រហ័ស ទូលំទូលាយ មានប្រសិទ្ធភាព និងកាន់តែមានភាពជឿទុកចិត្តបាន...។

លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានគូសបញ្ជាក់ថា ថ្នាលគ្រប់គ្រងមាតិកាព័ត៌មានដែលកំពុងប្រើប្រាស់ ដើម្បីដាក់ដំណើរការប្រព័ន្ធគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ទាំង២៥ កំពុងក្លាយជាហេដ្ឋារចនាសម្ព័ន្ធឌីជីថលថ្មីមួយទៀត និងជាឃ្នាស់សម្រាប់ជំរុញការដាក់ឱ្យដំណើរការប្រព័ន្ធគេហទំព័រនៃស្ថាប័នរាជរដ្ឋាភិបាលផ្សេងៗទៀត មិនថាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលធានាបាននូវអធិបតេយ្យភាពឌីជីថល និងសន្តិសុខប្រព័ន្ធ ។ល។ ជាមួយគ្នា លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន នេត្រ ភក្ត្រា បានលើកទ្បើងថា ការសម្ពោធគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ទាំង២៥នេះ មិនមែនជាចំណុចបញ្ចប់ទេ វាគឺជាការចាប់ផ្តើមដំណើរថ្មីនៃការផ្សព្វផ្សាយព័ត៌មានផ្លូវការ តាមប្រព័ន្ធឌីជីថល។ ក្រសួងចង់ឃើញគេហទំព័រទាំងនេះ ក្លាយជាប្រភពព័ត៌មានផ្លូវការដែលរស់រវើក ទាន់ពេលវេលា មានគុណភាព និងមានប្រយោជន៍ពិតប្រាកដសម្រាប់ពលរដ្ឋ។

មួយវិញទៀត ត្រូវឱ្យប្រជាពលរដ្ឋដឹងថា នៅពេលពួកគាត់ចង់ស្វែងរកព័ត៌មានផ្លូវការ នឹងមានប្រភពដែលអាចពឹងផ្អែកបាន។ នេះជាការកសាងទំនុកចិត្តរបស់សាធារណជន ចំពោះប្រព័ន្ធព័ត៌មានរបស់រដ្ឋ ដើម្បីធានានូវនិរន្តរភាពនៃគេហទំព័រនេះ ក្រសួងព័ត៌មាន ក៏បានណែនាំដល់មន្ទីរនីមួយៗ កំណត់មន្ត្រីទទួលបន្ទុកឱ្យបានច្បាស់លាស់ ទាំងការគ្រប់គ្រងប្រព័ន្ធ ការសរសេរ ការកែសម្រួល និងការបញ្ចូលមាតិកា។ មុននឹងផ្សព្វផ្សាយព័ត៌មាន ត្រូវឆ្លងកាត់ការត្រួតពិនិត្យប្រភព ភាពត្រឹមត្រូវ អក្ខរាវិរុទ្ធ ចំណងជើង រូបភាព និងព័ត៌មានពាក់ព័ន្ធ ដោយគោរពតាមស្ដង់ដារវិជ្ជាជីវៈ។ លើសពីនេះ មន្ទីរត្រូវយកចិត្តទុកដាក់លើសុវត្ថិភាព ប្រព័ន្ធការគ្រប់គ្រងគណនី ការកំណត់សិទ្ធិអ្នកប្រើប្រាស់ ដើម្បីការពារប្រភពព័ត៌មានផ្លូវការ ពីហានិភ័យសន្តិសុខឌីជីថល៕





