នាវាចម្បាំងកាណាដា HMCS Regina មកដល់កម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹក
អុន សម្ផស្ស
12 ម៉ោងមុន

អត្ថបទដោយ៖ ហៀប ស៊ីថេត+អុន សម្ផស្ស
ក្រុងព្រះសីហនុ៖ នាវាចម្បាំងកងទ័ពជើងទឹកកាណាដា HMCS Regina (FFH-334) បានចូលចតដោយសុវត្ថិភាពនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជារយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤កញ្ញា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ។ កងទ័ពជើងទឹកកម្ពុជា ប្រកាសព័ត៌មាននេះ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦..។

នាវាចម្បាំងកងទ័ពជើងទឹកកាណាដា HMCS Regina (FFH-334) ចូលដល់
នាវាចម្បាំងកងទ័ពជើងទឹកកាណាដា HMCS Regina (FFH-334) ចូលដល់

លោកឧត្តមនាវីត្រី អ៊ិន សុខេមរា មេបញ្ជាការរងមូលដ្ឋានសមុទ្ទរាម ជាអ្នកទទួលស្វាគមន៍ដំណើរមកដល់របស់គណៈប្រតិភូកងទ័ពជើងទឹកកាណាដា នាពេលនេះ។ ទស្សនកិច្ចនាវាចម្បាំងកងទ័ពជើងទឹកកាណាដានេះ មានគោលបំណងពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកកម្ពុជា-កាណាដា ព្រមទាំងជំរុញការផ្លាស់ប្ដូរបទពិសោធ និងទំនាក់ទំនងរវាងកងទ័ពជើងទឹកទ្វេភាគី។ ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា គណៈប្រតិភូកងទ័ពជើងទឹកកាណាដា គ្រោងចូលជួបលោកអភិបាលខេត្តព្រះសីហនុ មេបញ្ជាការមូលដ្ឋានសមុទ្ទរាម និងថ្នាក់ដឹកនាំក្រសួងការពារជាតិមួយចំនួនទៀត។ លើសពីនេះ ក៏មានកម្មវិធីកីឡាមិត្តភាព និងការចែករំលែក ផ្លាស់ប្ដូរបទពិសោធ រវាងកងទ័ពជើងទឹកទ្វេភាគី។

HMCS Regina គឺជានាវាចម្បាំងប្រភេទហ្វ្រីហ្គេត (Frigate) ថ្នាក់ Halifax របស់កងទ័ពជើងទឹកកាណាដា ដែលដាក់ឈ្មោះតាមទីក្រុង Regina នៃខេត្ត Saskatchewan។ មានប្រវែងជាង១៣៤ម៉ែត្រ ទទឹងជាង១៦ម៉ែត្រ ជម្រៅទឹកជាង៧ម៉ែត្រ អាចផ្ទុកទម្ងន់បានប្រមាណជាង៥ពាន់តោន។ វាត្រូវបានដាក់ឱ្យប្រតិបត្តិការជាផ្លូវការនៅខែកញ្ញា ឆ្នាំ១៩៩៤។ ទោះជាយ៉ាងណា នៅចន្លោះខែឧសភា ឆ្នាំ២០១៥ មកដល់ខែមេសា ឆ្នាំ២០១៦ នាវានេះ ត្រូវបានបញ្ចូលទៅក្នុងរោងចក្រម្ដងទៀត ដើម្បីដំឡើង និងធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យា បង្កើនសមត្ថភាពប្រយុទ្ធឱ្យកាន់តែទាន់សម័យ។ HMCS Regina បំពាក់កាំភ្លើងធំចំនួន១ដើម និងកាំភ្លើងយន្តធន់ធ្ងន់ចំនួន ៤ដើម អាចព្រួសគ្រាប់ Torpedo បានចំនួន២៤គ្រាប់ និងមានទីលានចុះចតឧទ្ធម្ភាគចក្រផងដែរ។

HMCS Regina ដំណើរការដោយម៉ាស៊ីនទួរប៊ីនឧស្ម័ន LM2500 ចំនួន២ និងម៉ាស៊ីនម៉ាស៊ូត SEMT Pielstickចំនួន១ ផ្លាស់ទីបានល្បឿនជិត៦០គីឡូម៉ែត្រក្នុង១ម៉ោង ហើយធ្វើប្រតិបត្កិការបានចម្ងាយជាង១៧៦០០គីឡូម៉ែត្រ HMCS Regina ផ្ទុកទាហាន និងនាវិកសរុបចំនួន២៥៥នាក់។ ជាការកត់សម្គាល់ ចន្លោះខែសីហា ដល់ដើមខែកញ្ញា ឆ្នាំ២០២៦នេះ នាវាចម្បាំងប្រទេសធំៗបានបន្តចូលចតក្នុងដែនសមុទ្ទកម្ពុជា។ ក្នុងនោះរួមមាន៖ ចក្រភពព្រីតថេន រុស្ស៊ី និងឥណ្ឌា ខណៈដំណើរទស្សនកិច្ចរបស់នាវាទាំងនេះ ត្រូវបានគេមើលឃើញ ជាឱកាសសម្រាប់កងទ័ពជើងទឹកកម្ពុជា បន្តពង្រឹងទំនាក់ទំនង ការផ្លាស់ប្ដូរបទពិសោធ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ ជាមួយបណ្តាប្រទេសទាំងនោះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត