
ក្រុងខេមរភូមិន្ទ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានលាតត្រដាង និងបើកកាយផែនការដ៏ធំមួយ ពាក់ព័ន្ធនឹងការរៀបចំបង្កើតមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអ៊ីនធឺណិត (Online Scams) រៀបចំឡើងដោយលោកមេឃុំព្រែកខ្សាច់ រួមជាមួយបក្ខពួក លើផ្ទៃដីមានទំហំរហូតដល់ទៅ៥ហិកតា...។

យោងតាមលទ្ធផលនៃការស៊ើបអង្កេតយ៉ាងស៊ីជម្រៅរបស់អង្គភាពប្រឆាំងអំពើពុករលួយ ភាគទី១ នៃសំណុំរឿងនេះ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា លោកមេឃុំព្រែកខ្សាច់ និងក្រុមសហការី បានប្រើប្រាស់តួនាទី និងអំណាចអាជ្ញាធរមូលដ្ឋានរបស់ខ្លួន ប្រមូលពួកអនឡាញស្គេមបែកខ្ញែកពីការបង្ក្រាបរបស់រដ្ឋបាលខេត្តកោះកុង មកបន្តប្រព្រឹត្តការឆបោកដោយផ្តល់ដី៥ហិចតារបស់ខ្លួន រៀបចំរោងធំ (ដូចជាឃ្លាំងធ្វើពីស័ង្កសី) ក្នុងនោះដាក់ផ្ទះកុងតែន័រស័ង្កសីឆ្នេរជាច្រើន ដែលងាយដាក់ម៉ាស៊ីនត្រជាក់ ងាយស្នាក់នៅ ងាយធ្វើការ ហើយសាងសង់បានលឿនជាទីបំផុត។ ការរៀបចំដីធ្លី ការពារ និងសម្របសម្រួលហេដ្ឋារចនាសម្ព័ន្ធលើផ្ទៃដី៥ហិកតានេះ ដើម្បីប្រែក្លាយទៅជាទីតាំងប្រកបអាជីវកម្មឆបោកអនឡាញឆ្លងដែន និងលាក់បាំងសកម្មភាពខុសច្បាប់ពីភ្នែកសមត្ថកិច្ច។

លោក រៀម រុំ មេឃុំព្រែកខ្សាច់ ទទួលផល និងប្រាក់សំណូកពីមេក្រុមអនឡាញហ្គេមដឹកនាំដោយជនជាតិចិនឈ្មោះ កៃ យូ យៀន (Cai You Yeun) ហៅត្រងោល រយៈពេល២ខែ នូវទឹកប្រាក់ប្រមាណ៣ម៉ឺនដុល្លារអាម៉េរិក តាមរយៈការផ្ទេរពីគណនីធនាគារ និងមានជាសាច់ប្រាក់សុទ្ធមួយចំនួនទៀត ពីមេខ្លោងជនជាតិចិន ប្រធានក្រុមអនឡាញស្កេម (ឈ្មោះ OD) ឈ្មោះ កៃ យូ យៀន។ លុះដល់កំលុងខែឧសភា មន្ត្រីនគរបាលស្រុកគិរីសាគរ ចុះបង្ក្រាបទីតាំងអនឡាញស្កេម លើទីតាំងដីរបស់មេឃុំព្រៃខ្សាច់ បែរជាគ្មានពួកអនឡាញស្កេមណាម្នាក់ទាល់តែសោះ ដែលសមត្ថកិច្ចអាចចាប់បាន ព្រោះអ្នកទាំងនោះ ត្រូវលោក រៀម រុំ ឱ្យដំណឹង និងបានជម្លៀសចេញផុតពីដៃសមត្ថកិច្ចទាំងបន្សល់មីស្រុះទឹកក្ដៅនៅហ៊ុយៗ ពងមាន់កំពុងស្ងោរជិតឆ្អិន លើឆ្នាំងនៅទីកន្លែងចុះបង្ក្រាប។

ACU បន្តថា បន្ទាប់ពីជួយពួកអនឡាញស្កេម ជម្លៀសខ្លួនមិនឱ្យសមត្ថកិច្ចចាប់ខ្លួនបានដោយជោគជ័យ ១ថ្ងៃក្រោយមក លោកមេឃុំ រៀម រុំ បានទទួលប្រាក់រង្វាន់ពីមេក្រុមអនឡាញស្កេម OD ចំនួន៨៣៥០ដុល្លារអាម៉េរិក ព្រោះមានអធិការរងស្រុកម្នាក់ លួចផ្ដល់ព័ត៌មានជាប្រចាំឱ្យមេឃុំព្រែកខ្សាច់ ដែលធ្វើឱ្យប្រតិបត្តិការបង្ក្រាបមិនអាចចាប់ជនល្មើសឆបោកណាម្នាក់បានទាល់តែសោះ សូម្បីតែឈ្មោះក្រុមឆបោក ក៏រកមិនឃើញ រកមិនមាន។ ក្រោយមក ACU ចាប់ផ្តើមបើកការស៊ើបអង្កេតព្រមគ្នា ជាមួយសមត្ថកិច្ចស្រុក និងខេត្តកោះកុង ហើយក៏រកឃើញភស្តុតាង និងចម្លើយទទួលស្គាល់លែងបដិសេធរបស់ជនសង្ស័យ ព្រមទាំងបានបញ្ជូនសំណុំរឿង ជនសង្ស័យ និងវត្ថុតាងទៅកាន់តុលាការរាជធានីភ្នំពេញ។

តំណាងអយ្យការ និងចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការចោទប្រកាន់ទៅលើជនត្រូវចោទរួមមាន៖ ទី១.ឈ្មោះ រៀម រុំ ជនត្រូវចោទពីបទ ស៊ីសំណូក សម្អាតប្រាក់ និងសមគំនិតរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ទី២.ឈ្មោះ ជា សុទ្ធ (កំពុងជាប់ឃុំស្រាប់ ពីបទមានគ្រាប់កាំភ្លើង៨៩គ្រាប់) និងទី៣. ឈ្មោះ ជា វាសនា ជាជនត្រូវចោទពីបទសមគំនិត ក្នុងអំពើស៊ីសំណូក សម្អាតប្រាក់ និងរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងទី៤.ជាមេខ្លោងក្រុមអនឡាញស្កេម OD ឈ្មោះ កៃ យូ យៀន ហៅត្រងោល (កំពុងគេចខ្លួន) ជាប់ ចោទពីបទសូកប៉ាន់ សម្អាតប្រាក់ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា៕




