ជនល្មើសបន្សល់ទុកតែម៉ូតូ និងសាច់ទន្សោង! មហាជនអំពាវនាវសមត្ថកិច្ច វែកមុខរកជនប្រព្រឹត្តបទល្មើសបំផ្លាញសត្វព្រៃកម្រ
Chanmarady Chuon
មួយម៉ោងមុន

ក្រុងសែនមនោរម្យ៖ ជនសង្ស័យម្នាក់ បានសម្រេចចិត្តផ្តួលម៉ូតូចោល ហើយហែកព្រៃរត់គេចខ្លួនយ៉ាងប្រញាប់ប្រញាល់ បន្ទាប់ពីកម្លាំងសមត្ថកិច្ចនគរបាល តាមប្រមាញ់យ៉ាងក្ដៅគគុក ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសសត្វព្រៃមួយ ដែលជនសង្ស័យបន្សល់ទុកម៉ូតូមួយគ្រឿង និងសាច់សត្វព្រៃដ៏កម្រ ដែលសមត្ថកិច្ចធ្វើការសន្និដ្ឋានបឋមថា អាចជាសាច់សត្វទន្សោង…។

ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង៤:១៥នាទីទៀបភ្លឺថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមបទបញ្ជាផ្ទាល់ពីលោកស្នងការនគរបាលខេត្តមណ្ឌលគិរី និងលោកអធិការនគរបាលស្រុកកោះញែក ដោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសុខសាន្ត បានចុះល្បាតក្នុងភូមិសាស្ត្រតំបន់ការពារ និងអភិរក្សសត្វព្រៃ។ ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅពេលកំពុងដើរល្បាត កម្លាំងជំនាញបានប្រទះឃើញមុខសញ្ញាជិះម៉ូតូមួយគ្រឿង កំពុងធ្វើសកម្មភាពដឹកជញ្ជូនរបស់ដែលគួរឱ្យសង្ស័យ ជាសត្វព្រៃខុសច្បាប់។ ភ្លាមៗ សមត្ថកិច្ចបានធ្វើការស្ទាក់ និងឡោមព័ទ្ធនៅខាងមុខប៉ុស្តិ៍នគរបាលរដ្ឋបាលសុខសាន្ត ក្នុងបំណងស្ទាក់ត្រួតពិនិត្យ ប៉ុន្តែជនសង្ស័យមិនបង្អង់ល្បឿនម៉ូតូឡើយ ហើយថែមទាំងជិះគេចខ្លួន ធ្វើឱ្យកម្លាំងសមត្ថកិច្ចសម្រេចចិត្តដេញតាមពីក្រោយយ៉ាងប្រកិត។ លុះមកដល់ចំណុចស្ពានបេតុងឆ្លងអូរច្បារ ដោយឃើញសមត្ថកិច្ចដេញតាមជិតទាន់ ជនសង្ស័យ ក៏បានផ្តួលម៉ូតូចោល ហើយរត់ចូលទៅក្នុងព្រៃក្បែរនោះបាត់ស្រមោល ទុកចោលការ៉ុងដាក់សាច់សត្វ នៅជាមួយម៉ូតូ។

ពេលធ្វើដំណើរមកដល់ សមត្ថកិច្ចបានប្រមូលយកវត្ថុតាងរួមមាន៖ ម៉ូតូម៉ាក ឌ្រីមសង់ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ មណ្ឌលគិរី ១A-៩៣២៥ រួមជាមួយសាច់សត្វព្រៃ ដែលសង្ស័យជាសាច់សត្វទន្សោង សរុបទម្ងន់២៥គីឡូក្រាម បច្ចុប្បន្ន វត្ថុតាងត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសុខសាន្ត ប្រគល់ជូនមន្ត្រីជំនាញបរិស្ថាន ដើម្បីបន្តនីតិវិធីច្បាប់។ ទោះជាយ៉ាងណា មហាជនកំពុងបានសំណូមពរយ៉ាងទទូច ដល់មន្ត្រីសមត្ថកិច្ច សូមបន្តនីតិវិធីស្រាវជ្រាវរកជនល្មើស ដែលបានប្រព្រឹត្តអំពើបំផ្លាញសត្វព្រៃ ព្រោះម៉ូតូជាភស្តុតាងដ៏ល្អក្នុងការស្វែងរកម្ចាស់ ដ្បិតអីស្លាកលេខវាបានបញ្ជាក់អត្តសញ្ញាណម្ចាស់ម៉ូតូរួចជាស្រេចទៅហើយ។ ទោះជាយ៉ាងណា សមត្ថកិច្ចស្រុកកោះញែក បានបញ្ជាក់ថា កម្លាំងជំនាញ បាននិងកំពុងបន្តនីតិវិធីស្រាវជ្រាវយ៉ាងក្ដៅគគុក ដើម្បីស្វែងរកមុខសញ្ញាខាងលើ ឱ្យមកទទួលខុសត្រូវចំពោះមុខច្បាប់ ឱ្យខាងតែបាន៕

រូបតំណាង ៖ សត្វទន្សោង
រូបតំណាង ៖ សត្វទន្សោង
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត