ដឹងតែផ្អើលហើយម្ដងនេះ! ព្រឹត្តិការណ៍គុនខ្មែរអំបោះឆៅ ប៉ះ កុងហ្វូចិន នឹងបង្កើតទំព័រប្រវត្តិសាស្ត្រថ្មី
Chanmarady Chuon
មួយថ្ងៃមុន

គុនខ្មែរ៖ ជាការបង្កើតអ្វីដែលប្លែក និងទាក់ទាញចិត្តអ្នកគាំទ្រក្បាច់គុនយ៉ាងខ្លាំង សម្រាប់ព្រឹត្តិការណ៍គុនខ្មែរអំបោះឆៅ ប៉ះ កុងហ្វូចិន ដែលនឹងនាំយកការប្រកួតលាយបញ្ចូលគ្នារវាងក្បាច់គុនបុរាណខ្មែរ (អំបោះឆៅ) និងកីឡាឃីកបុកស៊ីង (Kickboxing) ដោយតម្រូវឱ្យកីឡាកររុំអំបោះឆៅជំនួសឱ្យការប្រើហ្គង់ធម្មតា...។

បញ្ជាក់៖ និមិត្តសញ្ញា Ganzberg និង Town មាននៅក្នុងរូបនេះស្រាប់ ដែលបង្កើតឡើង និងផ្សព្វផ្សាយដោយ Ganzberg និង Town។ 
បញ្ជាក់៖ និមិត្តសញ្ញា Ganzberg និង Town មាននៅក្នុងរូបនេះស្រាប់ ដែលបង្កើតឡើង និងផ្សព្វផ្សាយដោយ Ganzberg និង Town។ 

ព្រឹត្តិការណ៍ដ៏ធំនេះ រៀបចំឡើងដោយស្ថានីយទូរទស្សន៍ ថោន (Town Full HDTV) ក្នុងគោលបំណងនាំយកស្នាមញញឹម កម្លាំងចិត្ត និងស្មារតីរួបរួមតស៊ូជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ព្រមទាំងបង្កើតអនុស្សាវរីយ៍ដ៏មានន័យមួយនៅក្នុង «ភូមិរង់ចាំ»។ ការប្រកួតនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ថ្លែងប្រាប់ SBM News នៅរសៀលថ្ងៃពុធ ទី០៩ ខែកញ្ញានេះ លោក MC វុត្ថា អ្នករៀបចំកម្មវិធី បានឱ្យដឹងថា ព្រឹត្តិការណ៍លើកនេះមហាជននឹងទទួលបានអារម្មណ៍ប្លែកភ្នែកយ៉ាងខ្លាំង ដោយកម្មវិធីបានរៀបចំជំនួបរវាងកីឡាករគុនខ្មែរ ៨រូប តតាំងជាមួយអ្នកលេងក្បាច់គុនកុងហ្វូចិន៨រូប។ លោកបានបញ្ជាក់ថា ការប្រកួតសរុបមានចំនួន៨គូ ដោយក្នុងនោះ វិញ្ញាសាគុនខ្មែរអំបោះឆៅមានចំនួន៥គូ វិញ្ញាសាឃីកបុកស៊ីងរុំអំបោះឆៅមានចំនួន២គូ និងវិញ្ញាសាគុនខ្មែរប្រើហ្គង់ធំធម្មតាមានចំនួន១គូ គឺគូឯកប្រចាំកម្មវិធី កីឡាករ ឈឿង ល្វៃ។

លោក MC វុត្ថា បានសង្កត់ធ្ងន់ថា ការបង្កើតវិញ្ញាសា «ឃីកបុកស៊ីងរុំអំបោះឆៅ» នេះឡើង គឺមានគោលដៅធំពីរ៖ ទី១ គឺដើម្បីពង្រឹងភាពធន់ និងសមត្ថភាពរបស់កីឡាករគុនខ្មែរ និងទី២ គឺដើម្បីផ្សព្វផ្សាយមរតកអំបោះឆៅរបស់ដូនតាខ្មែរដែលមានអាយុកាលរាប់ពាន់ឆ្នាំទៅកាន់ពិភពលោក។ លោកបានរំឭកពីមេរៀនកន្លងមកថា៖ «ជាក់ស្ដែងដូចជាការប្រកួតនៅប្រទេសជប៉ុននាពេលថ្មីៗនេះ យើងបានបញ្ជូនកីឡាករលំដាប់ជួរមុខទៅចូលរួម រួមមាន ម៉ឺន មេឃា, អេ អាំម៉ារីន និង គោរមៈ ចន្ទរាជ ប៉ុន្តែលទ្ធផលមិនសូវសមប្រកបនោះទេ។ ដូច្នេះ នេះជាបទពិសោធន៍ដែលយើងត្រូវតែពង្រឹងខ្លួនឯងឱ្យកាន់តែខ្លាំង។ ឱ្យតែកីឡាករហ៊ានប្រកួត ខ្ញុំនឹងបន្តផ្តល់ឱកាសលើវិញ្ញាសានេះ ដើម្បីសម្រួចសមត្ថភាពពួកគេបន្ថែមទៀត»

ភូមិរង់ចាំ
ភូមិរង់ចាំ

ការសម្រេចចិត្តដើរមុនគេមួយជំហានរបស់ស្ថានីយទូរទស្សន៍ ថោន ក្នុងការបម្លែងការប្រកួតឃីកបុកស៊ីងមកប្រើអំបោះឆៅបែបនេះ មិនត្រឹមតែជាការសាកល្បងសមត្ថភាព និងភាពស៊ូទ្រាំរបស់កីឡាករប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាយុទ្ធសាស្ត្រដ៏មុតស្រួចមួយក្នុងការលើកកម្ពស់គុនខ្មែរលើឆាកអន្តរជាតិផងដែរ។ អ្នកគាំទ្រកីឡាប្រដាល់ទូទាំងប្រទេស កំពុងរង់ចាំអន្ទះសាដើម្បីទស្សនាថា តើជំនួបផ្លាស់ប្ដូរក្បាច់គុនរវាងគុនខ្មែរអំបោះឆៅ និង កុងហ្វូចិន លើកម្ពុជានេះ នឹងបង្កើតនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏កក្រើកកម្រិតណា..?

រូបពីវេបសាយ៖ tripadvisor
រូបពីវេបសាយ៖ tripadvisor
បញ្ជាក់៖ និមិត្តសញ្ញា Ganzberg និង Town មាននៅក្នុងរូបនេះស្រាប់ ដែលបង្កើតឡើង និងផ្សព្វផ្សាយដោយ Ganzberg និង Town។ 
បញ្ជាក់៖ និមិត្តសញ្ញា Ganzberg និង Town មាននៅក្នុងរូបនេះស្រាប់ ដែលបង្កើតឡើង និងផ្សព្វផ្សាយដោយ Ganzberg និង Town។ 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត