សង្គ្រាមប្រឆាំងអ៊ីរ៉ង់ ជាមេរៀនដ៏សំខាន់សម្រាប់មហាយក្សចិន សម្លឹងមើលមហាអំណាចអាម៉េរិក
S
Sinuon Nop
13 ម៉ោងមុន

បទបរិយាយ៖ ការវាយប្រយុទ្ធគ្នាអស់រយៈពេលប្រាំមួយខែ នៅតំបន់មជ្ឈិមបូព៌ា បានបង្ហាញអំពីអំណាចយោធារបស់សហរដ្ឋអាម៉េរិក ប៉ុន្តែសង្គ្រាមនេះ បានបង្ហាញពីការប្តេជ្ញាចិត្តដ៏លំបាកបំផុតមួយរបស់រដ្ឋាភិបាលរដ្ឋធានីវ៉ាស៊ីនតោន សម្រាប់សម្ព័ន្ធមិត្តរបស់ខ្លួន នៅទ្វីបអាស៊ី...។

សារព័ត៌មាន The National Interest បានចេញផ្សាយនៅព្រឹកថ្ងៃអង្គារទី២២ ខែកញ្ញានេះថា សម្រាប់សម្ព័ន្ធមិត្តរបស់សហរដ្ឋអាម៉េរិក នៅទ្វីបអាស៊ី សង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ គួរតែបញ្ជាក់ពីសេណារីយ៉ូនៃក្ដីសុបិន ដែលគាំទ្រដល់ផែនការការពារជាតិរបស់ពួកគេ។ ស្របពេលអ៊ីស្រាអែល ប្រឈមមុខនឹងការគំរាមកំហែងដ៏ខ្លាំងក្លានោះ រដ្ឋធានីវ៉ាស៊ីនតោន បានធ្វើអន្តរាគមន៍ដោយផ្ទាល់នៅក្នុងទ្រង់ទ្រាយធំ ជាមួយដៃគូរបស់ខ្លួន នៅតំបន់មជ្ឈិមបូព៌ា ដែលមានសមត្ថភាពបំផុត ប្រឆាំងនឹងអ៊ីរ៉ង់ ដោយធ្វើអ្វីៗតាមអ្នកធានាសន្តិសុខ ដែលមិនអាចខ្វះបាន ហើយគួរតែធ្វើ។ តែទោះជាយ៉ាងណាក៏ដោយ លទ្ធផលទទួលបានត្រឡប់មកវិញ មិនសូវសមប្រកបនោះឡើយ។

ប្រតិបត្ដិការយោធាអេពិកហ្វូរី (Operation Epic Fury) បានធ្វើឱ្យសមត្ថភាពយោធារបស់អ៊ីរ៉ង់ចុះខ្សោយ និងកាត់បន្ថយហានិភ័យ សម្រាប់អ៊ីស្រាអែល។ ប៉ុន្តែសង្គ្រាមនេះ មិនបាននាំមកនូវសណ្តាប់ធ្នាប់ និងសន្ដិសុខនៅក្នុងតំបន់ ឬធ្វើឱ្យដៃគូរបស់សហរដ្ឋអាម៉េរិក មានសុវត្ថិភាពច្រើនជាងមុននោះទេ។ អ៊ីរ៉ង់ នៅតែបន្តវាយប្រហារទៅលើបណ្តាប្រទេសនានា នៅក្នុងតំបន់ឈូងសមុទ្ទ ជាពិសេស តាមរយៈកងកម្លាំងតំណាង ឬក្រុមប្រយុទ្ធកូនកាត់។ ជម្លោះនេះ បានគំរាមកំហែងដល់ផ្លូវដឹកជញ្ជូនតាមសមុទ្ទ នៅច្រកហ័រមូស្ស (Strait of Hormuz)។ ស្របគ្នានេះដែរ ការវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ូទី (Houthi) នៅក្នុងប្រទេសយេម៉ែន និងការវាយប្រហារទៅលើប្រទេសអារ៉ាប៊ីសាអូឌីត បានដាក់សម្ពាធកាន់តែខ្លាំង លើការដឹកជញ្ជូនតាមសមុទ្ទក្រហម និងវិស័យថាមពល។

កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ស្ថានភាពនៃច្រកសមុទ្ទហ័រមូស្ស និងអនាគត នៃរបបដឹកនាំរបស់អ៊ីរ៉ង់ នៅតែជាបញ្ហាដែលមិនទាន់បានដោះស្រាយ។ ប៉ុន្តែរឿងទាំងអស់នេះ មិនមែនមានន័យថា សហរដ្ឋអាម៉េរិក មានភាពទន់ខ្សោយនោះដែរ។ មួយវិញទៀត ក៏គ្មានប្រទេសណាមួយផ្សេងៗទៀត អាចមានសមត្ថភាពដាក់ពង្រាយកងកម្លាំងយោធា នៅក្នុងកម្រិតដ៏ធំធេងបែបនេះឡើយ ហើយឆន្ទៈរបស់រដ្ឋធានីវ៉ាស៊ីនតោន នៅក្នុងការធ្វើអន្តរាគមន៍ ក៏អាចនៅតែជួយបង្កើនទំនុកចិត្ត ដល់សម្ព័ន្ធមិត្តរបស់ខ្លួន។ យ៉ាងណា សង្គ្រាមនេះ បានបង្ហាញឱ្យឃើញការពិតដ៏តឹងរ៉ឹងមួយ នៅត្រង់ថា អំណាចរបស់សហរដ្ឋអាម៉េរិក នៅមានដែនកំណត់។ កងនាវាទី៥ នៃកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក មានមូលដ្ឋានសម្រាប់សកម្មភាពគាំទ្រកងទ័ពជើងទឹក នៅប្រទេសបារ៉ែន (Bahrain) ក្លាយជាមូលដ្ឋានកងទ័ពជើងទឹកតែមួយគត់របស់សហរដ្ឋអាម៉េរិក នៅតំបន់ឈូងសមុទ្ទ។

កងនាវាទី៥នេះ ដើរតួនាទីយ៉ាងសំខាន់ធានាដល់ច្រកសមុទ្ទយុទ្ធសាស្ត្រសំខាន់ៗចំនួន៣ នៅតែអាចធ្វើដំណើរឆ្លងកាត់បាន រួមមាន៖ ច្រកសមុទ្ទហ័រមូស្ស, ច្រកសមុទ្ទ បាប អែល-ម៉ាន់ដែប (Bab el-Mandeb) ដែលជាចំណុចដ៏សំខាន់តភ្ជាប់រវាងសមុទ្ទក្រហម-ឈូងសមុទ្ទអាដែន (Aden) និងព្រែកជីកស៊ុយអេ (Suez)។ ក្រោយសង្គ្រាម រយៈពេល៦ខែ ប្រទេសអ៊ីរ៉ង់នៅតែបន្តបិទខ្ទប់ច្រកសមុទ្ទហ័រមូស្ស ហើយក្រុមឧទ្ទាមហ៊ូទី នៅតែបង្កការគំរាមកំហែង ដល់ច្រកបាប អែល-ម៉ាន់ដែប ខណៈព្រែកជីកស៊ុយអេវិញ គឺអាចធ្វើដំណើរឆ្លងកាត់បាន ត្រឹមតែក្នុងន័យថា គ្មាននរណាម្នាក់ទៅបិទខ្ទប់ដោយផ្ទាល់ប៉ុណ្ណោះ ប៉ុន្តែការធ្វើដំណើរទៅកាន់ទីនោះបាន ពីទិសខាងត្បូង តម្រូវឱ្យឆ្លងកាត់តំបន់ច្រកសមុទ្ទបាប អែល-ម៉ាន់ដែប ជាមុនសិន។ មីស៊ីលបាល្លិស្ទីក (Ballistic) របស់អ៊ីរ៉ង់ និងដ្រូនអត្ដឃាដ ប្រភេទហ្សាហ៊ីឌ (Shahed) មានតម្លៃថោក បានបាញ់ជាបន្តបន្ទាប់នៅក្នុងចំនួនដ៏ច្រើនលើសលុប រហូតធ្វើឱ្យប្រព័ន្ធការពារដែនអាកាស មិនអាចទប់ស្កាត់ទាន់ពេលវេលា។

ការវាយប្រហារបែបនេះ បានបង្កឱ្យមានការខូចខាត ដែលមានតម្លៃប៉ាន់ស្មានប្រមាណ៤០០លានដុល្លារ ដល់មូលដ្ឋាន NSA នៅប្រទេសបារ៉ែន ដែលជាហេតុធ្វើឱ្យចុះខ្សោយ ដល់មជ្ឈមណ្ឌលភស្តុភារកម្មដ៏សំខាន់របស់កងទ័ពជើងទឹកអាម៉េរិក នៅក្នុងតំបន់។ គំរូនៃការដាក់ពង្រាយកងកម្លាំង នៅមូលដ្ឋានជួរមុខនេះ គឺជាមូលដ្ឋានគ្រឹះ នៃអំណាចរបស់សហរដ្ឋអាម៉េរិក នៅក្នុងតំបន់ឈូងសមុទ្ទ ហើយវាក៏ជាមូលដ្ឋានគ្រឹះ សម្រាប់កងនាវាទី៧របស់កងទ័ពជើងទឹកសហរដ្ឋអាម៉េរិក នៅក្នុងតំបន់ប៉ាស៊ីហ្វិកផងដែរ។ សម្រាប់សម្ព័ន្ធមិត្តរបស់សហរដ្ឋអាម៉េរិក នៅទ្វីបអាស៊ី ពិតជាមានការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះប្រទេសចិន និងកូរ៉េខាងជើង។ ករណីនេះ មានសំណួរចោទសួរ ថាតើសហរដ្ឋអាម៉េរិក អាចផ្តល់ការគាំទ្របានគ្រប់គ្រាន់ដែរឬទេ? ខណៈរដ្ឋាភិបាលរដ្ឋធានីវ៉ាស៊ីនតោន ត្រូវបែងចែកកម្លាំង ទៅកាន់តំបន់ជម្លោះ២ ដែលកាន់តែមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ។

ជាមួយគ្នា ក៏នៅមានសំណួរលើកឡើងទៀតថា តើការគាំទ្រនោះ នឹងនៅតែអាចទុកចិត្តបាន នៅក្នុងគោលនយោបាយរបស់ខ្លួនដែរឬទេ ខណៈជម្លោះផ្ទុះឡើង? តើទប់ស្កាត់ការឈ្លានពាន ចេញពីច្រកសមុទ្ទហ័រមូស្ស រហូតដល់ច្រកសមុទ្ទតៃវ៉ាន់ នឹងត្រូវប្រឈមមុខនឹងសេណារីយ៉ូ ដ៏អាក្រក់បែបណាខ្លះ?..។ ផលប៉ះពាល់ នៃសង្គ្រាមជាមួយអ៊ីរ៉ង់ បានរាលដាលមកដល់ទ្វីបអាស៊ីរួចទៅហើយ សង្គ្រាមនេះ បានធ្វើឱ្យឃ្លាំងស្តុកគ្រាប់រំសេវដ៏សំខាន់របស់សហរដ្ឋអាម៉េរិក ថយចុះ ខណៈប្រព័ន្ធការពារមីស៊ីល បានបញ្ជូនបង្វែទៅកាន់តំបន់មជ្ឈិមបូព៌ា។ ការបញ្ជូនកងនាវាផ្ទុកយន្តហោះវាយប្រហារ USS George Washington ទៅជំនួសកងនាវាផ្ទុកយន្ដហោះវាយប្រហារ USS Abraham Lincoln នៅតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីវាបំពេញបេសកកម្មយ៉ាងយូរ នៅដែនសមុទ្ទ អស់រយៈពេលជាង២៥០ថ្ងៃ​ គឺជារឿងភ្ញាក់ផ្អើលមួយសម្រាប់សម្ព័ន្ធមិត្ត។ សកម្មភាពនេះ ក៏ធ្វើឱ្យតំបន់ប៉ាស៊ីហ្វិកខាងលិច គ្មាននាវាផ្ទុកយន្តហោះសហរដ្ឋអាម៉េរិក ជាបណ្តោះអាសន្ន ជាហេតុការណ៍មិនធ្លាប់កើតឡើង នៅក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក។

ដោយឡែក ច្រកសមុទ្ទតៃវ៉ាន់ មិនដូចច្រកសមុទ្ទហ័រមូស្សទេ កាលៈទេសៈនានា រួមទាំងភូមិសាស្ត្រ បរិបទច្បាប់ និងតុល្យភាពយោធា គឺមានភាពខុសគ្នាជាចម្បង។ ដូច្នេះ រដ្ឋធានីប៉េកាំង ទំនងជាមិនចម្លងយុទ្ធសាស្ត្ររបស់រដ្ឋធានីតេហេរ៉ង់ទាំងស្រុងនោះដែរ ប៉ុន្តែរដ្ឋធានីប៉េកាំង កំពុងតាមដានសមត្ថភាពយោធារបស់រដ្ឋធានីវ៉ាស៊ីនតោន នៅក្នុងការរក្សាគោលជំហរយូរអង្វែង ខណៈជម្លោះអូសបន្លាយពេលយូរនៅមជ្ឈិមបូព៌ា បានដាក់សម្ពាធលើធនធាន និងការគាំទ្ររបស់ពលរដ្ឋនៅក្នុងប្រទេសអាម៉េរិកដូចគ្នាដែរ។ ស្របពេលតំបន់មជ្ឈិមបូព៌ា និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក កាន់តែមានទំនាក់ទំនង ជាប់ពាក់ព័ន្ធគ្នានោះ ផលវិបាក មិនត្រឹមតែប៉ះពាល់ដល់ឃ្លាំងស្តុកសម្ភារយោធាប៉ុណ្ណោះទេ ប៉ុន្តែ វាថែមទាំងប៉ះពាល់ដល់ភាពជឿជាក់លើការប្តេជ្ញាចិត្តរបស់សហរដ្ឋអាម៉េរិក ថែមទៀតផង។

កាលពីខែឧសភា លោក ហុង កាវ (Hung Cao) រដ្ឋមន្ត្រីស្តីទីនៃកងទ័ពជើងទឹក បានបញ្ជាក់ថា រដ្ឋបាលសហរដ្ឋអាម៉េរិក បានផ្អាកកញ្ចប់លក់គ្រឿងសព្វាវុធមានតម្លៃរហូតដល់១៤ពាន់លានដុល្លារអាម៉េរិក ទៅឱ្យតៃវ៉ាន់ ដើម្បីធានាថា មានគ្រាប់រំសេវគ្រប់គ្រាន់ សម្រាប់សង្គ្រាមជាមួយអ៊ីរ៉ង់។ ដោយឡែក ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) បានលើកឡើងថា កញ្ចប់គ្រឿងសព្វាវុធទាំងនោះ អាចក្លាយជាឧបករណ៍ សម្រាប់ចរចាជាមួយចិន។ ការពន្យារពេល នៅក្នុងការបញ្ជូនគ្រឿងសព្វាវុធទំនើបៗទៅតៃវ៉ាន់ ជារឿងធម្មតាទេ ប៉ុន្តែការភ្ជាប់បញ្ហាការពារជាតិរបស់កោះតៃវ៉ាន់ ទៅនឹងសង្គ្រាមនៅមជ្ឈិមបូព៌ា និងការចរចាជាមួយរដ្ឋធានីប៉េកាំង ដោយបើកចំហ គឺជារឿងមិនធម្មតាឡើយ។ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦ កិច្ចព្រមព្រៀងនេះ នៅមិនទាន់ទទួលបានការអនុញ្ញាតឱ្យដំណើរការនៅឡើយទេ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត