ចេះតែភ័យខ្លួន! នាយករដ្ឋមន្រ្ដីថៃ រត់រក​យ័ន្តការពារនៅមុនឡើងយន្ដហោះ ទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ
S
Sinuon Nop
15 ម៉ោងមុន

រាជធានីបាងកក៖ ការឈ្លានពានរបស់ទាហានថៃដោយខុសច្បាប់ មកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ទំនងជាធ្វើឱ្យអារម្មណ៍លោកនាយករដ្ឋមន្រ្ដីថៃ អនុទីន ឆាន វិរគុល មិនស្ងប់ក្នុងចិត្ត និងមានការភិតភ័យ ទើបដើរស្វែងរកមន្ដអាគមន៍ យ័ន្តគាថា ផ្លូវងងឹត ឱ្យមកជួយការពារខ្លួន នៅមុនពេលឡើងជិះយន្ដហោះ ធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក ចូលរួមមហាសន្ដិបាតរបស់អង្គការសហប្រជាជាតិ...។

សារព័ត៌មានថៃ ខាវសដ (Khaosod) បានចុះផ្សាយជាមួយនឹងការដាក់ចំណងជើងលើអត្ថបទរបស់ខ្លួនថា៖«អនុទីន ដើរស្វែងរកពរជ័យនៅក្នុងវត្តមួយ ស្ថិតក្នុងខេត្តពិស្ណុលោក (พิษณุโลก) នៅមុនពេលគាត់ ធ្វើដំណើរទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ»។ លោកនាយករដ្ឋមន្ត្រី អនុទីន ឆានវីរគុល (อนุทิน ชาญวีรกุล) និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃផងនោះ កាលពីថ្ងៃទី១៩ ខែកញ្ញា បានអញ្ជើញទៅកាន់វត្តរាជបូរណៈ (วัดราชบุรณะ) ស្ថិតក្នុងខេត្តពិស្ណុលោក ដើម្បីធ្វើសក្ការបូជា និងសុំពរជ័យ នៅមុនពេលធ្វើដំណើរទៅកាន់បុរីញូវយ៉ក កំលុងពេលចូលរួមសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA 81) ចាប់ពីថ្ងៃទី២០-២៧ ខែកញ្ញា។ លោក អនុទីន បានបង្ហោះរូបភាពអំពីការធ្វើដំណើរទៅកាន់វត្តនោះ នៅលើទំព័របណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ដោយបានសរសេររៀបរាប់ថា លោកទៅគោរពទីសក្ការបូជា ជិនរ័ត្ន (ชินรัตน์) ស្ថិតក្នុងខេត្ដពិស្ណុលោក និងបានសុំពរជ័យពីលោកឪព្រះគ្រូ សាមលី (หลวงพ่อสำลี) ព្រមទាំងទទួលបានការចារយ័ន្តដ៏ស័ក្តិសិទ្ធិ នៅលើបាតដៃថែមទៀតផង។

សារព័ត៌មានជាច្រើន ធ្លាប់ចុះផ្សាយព្រោងព្រាតកាលពីពេលកន្លងទៅថ្មីៗ​ ថា លោក អនុទីន តែងដើរស្វែងរកវត្ថុស័ក្ដិសិទ្ធិ ឱ្យជួយការពារខ្លួន មិនត្រឹមតែនៅក្នុងប្រទេសថៃប៉ុណ្ណោះទេ គឺលោកនាយករដ្ឋមន្ត្រីថៃរូបនេះ ក៏ធ្លាប់មកស្វែងរកមន្តអាគម និងវត្ថុស័ក្ដិសិទ្ធិ និងការប្រោះទឹកមន្ដ ពីព្រះសង្ឃខ្មែរនៅប្រទេសកម្ពុជាផងដែរ។ អ្វីដែលចម្លែកប្លែកពីមនុស្សម្នាផងទាំងពួងនោះ លោក អនុទីន ថែមទាំងចំណាយលុយរាប់សិបម៉ឺនដុល្លារ ដើម្បីទិញបណ្ដោងខ្សែ-ក ចារយ័ន្ត រហូតនាំឱ្យមានការរិះគន់យ៉ាងខ្លាំង ខណៈកាលពីពេលថ្មីៗ ព្រះគ្រូរបស់លោក អនុទីន ជាមន្រ្ដីសង្ឃជាន់ខ្ពស់ បានកើតរឿងអាស្រូវផ្លូវភេទជាមួយស្ត្រីជំនួយការម្នាក់ និងការលាងលុយកខ្វក់ជាង៩២លានបាត ឬស្មើប្រមាណជាង៣លានដុល្លារអាម៉េរិក ត្រូវបានអាជ្ញាធរថៃ ចាប់ផ្សឹក និងបន្ដនីតិវិធីផ្លូវច្បាប់។ បើតាមព្រះពុទ្ធោវាទ ទ្រង់ផ្ដល់ឱវាទដល់ពុទ្ធបរិស័ទរបស់ព្រះអង្គ ត្រូវប្រកាន់ខ្ជាប់នូវអំពើល្អ ទាំងកាយ វាចា ចិត្ត ព្រោះអំពើល្អ និងអាក្រក់ ចែកដាច់ដោយឡែកពីគ្នា មិនអាចយកអំពើល្អមកទូទាត់លុបលាងជាមួយអំពើអាក្រក់ដែលខ្លួនបានសាងនោះឡើយ។ ចំពោះ អនុទីន បច្ចុប្បន្នកំពុងសាបព្រោះនូវអំពើបាប តាមរយៈការគាំទ្រឱ្យយោធាថៃ បើកការឈ្លានពានដីខ្មែរ សម្លាប់យោធា និងជនស៊ីវិលកម្ពុជា ជាច្រើននាក់ ដូច្នេះ អំពើដ៏អប្បលក្ខណ៍របស់ អនុទីន នេះ មិនអាចទទួលបានការជួយអំពីទសបារមីផ្លូវល្អ បានឡើយ។

មួយវិញទៀត ថ្វីបើប្រជាជនខ្មែរ និងថៃ សុទ្ធតែគោរពព្រះពុទ្ធសាសនាដូចគ្នា ប៉ុន្ដែព្រះពុទ្ធោវាទ (ព្រះពុទ្ធឱវាទ) និងការប្រៀនប្រដៅរបស់ព្រះអង្គ ជាមាគ៌ាតែមួយ ប្រៀនប្រដៅដល់បរិស័ទឱ្យប្រព្រឹត្ដតែអំពើល្អ ទាំងកាយ វាចា និងចិត្ត។ អំពើល្អ និងអំពើអាក្រក់ ប្រៀបបីដូចជាទឹក និងប្រេង មិនអាចរលាយចូលគ្នាបានឡើយ ពោលគឺធ្វើល្អ បានល្អ ធ្វើអាក្រក់បានអាក្រក់។ ករណីដើរស្វែងរកវត្ថុស័ក្ដិសិទ្ធិ ដើម្បីការពារខ្លួននេះ ទំនងជាលោកនាយករដ្ឋមន្រ្ដីថៃ កំពុងភ័យនឹងការប្រព្រឹត្ដអំពើអាក្រក់ច្រើន ដែលបានជំរុញឱ្យមានការឈ្លានពានកម្ពុជា ទើបចេះតែភ័យខ្លាចនៅក្នុងចិត្ត ហើយខ្លាចអំពើអាក្រក់នោះ លងបន្លាចខ្លួនដូចស្រមោលអន្ទោលតាមប្រាណ ក៏ចេះតែនឹកនាផ្ដេសផ្ដាសរកព្រះសង្ឃចេះមន្តអាគមខ្មៅឱ្យជួយខ្លួនទៅ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត