
រាជធានីបាងកក៖ រាជរដ្ឋាភិបាលថៃ តែងតែព្យាយាមបៀមឈាមព្រោះដាក់កម្ពុជា អំពីករណីស្កេមអនឡាញ និងការជួញដូរគ្រឿងញៀន ប៉ុន្ដែឥឡូវប៉ូលិសថៃខ្លួនឯង បែរជាបង្ក្រាបបានគ្រឿងញៀនទ្រង់ទ្រាយធំមួយ មានតម្លៃប្រហែលជាង២១លានដុល្លារអាម៉េរិក នៅកណ្ដាលរាជធានីបាងកក ក្រោយការបង្រ្កាបស្កេមអនឡាញ ដោយឃាត់ខ្លួនជនជាតិថៃ ជប៉ុន ចិន និងចិនតៃវ៉ាន់ ជាច្រើននាក់ នៅកណ្ដាលរាជធានី កាលពីថ្ងៃទី១៧កញ្ញា ឆ្នាំ២០២៦។

សារព័ត៌មាន The Pattaya News បានចេញផ្សាយនៅរសៀលថ្ងៃអង្គារទី២២ ខែកញ្ញានេះថា អាជ្ញាធររាជធានីបាងកក បានប្រកាសថា តម្រួតនគរបាលថៃ បានឃាត់ខ្លួនបុរសជនជាតិចិនហុងកុង អាយុ២៦ឆ្នាំម្នាក់ និងរឹបអូសគ្រឿងញៀន ប្រភេទមេតំហ្វេតាមីនគ្រីស្ដាល់ ឬម៉ាទឹកកក ប្រហែល៣៥០គីឡូក្រាម មានតម្លៃប៉ាន់ស្មានសម្រាប់ការនាំចេញ ប្រហែល៧០០លានបាតលុយថៃ ឬប្រមាណជាង២១លានដុល្លារអាម៉េរិក នៅឯផ្ទះមួយកន្លែង ស្ថិតក្នុងខណ្ឌមីនបុរី (มีนบุรี) រាជធានីបាងកក កាលពីយប់ថ្ងៃចន្ទ។ តម្រួតប្រឆាំងបទល្មើសឧក្រិដ្ឋកម្ម ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ភទនៈស័ក្តិ បុផ្ផាសុវណ្ណ (พัฒนศักดิ์ บุบผาสุวรรณ) រួមជាមួយការិយាល័យប្រឆាំងគ្រឿងញៀន (ផ្នែកទី១) បានចុះត្រួតពិនិត្យផ្ទះមួយកន្លែង នៅផ្លូវតាមសយរ៉មក្លាវ ១១ (ซอยร่มเกล้า 11) ស្ថិតក្នុងសង្កាត់សែនសែប (แสนแสบ) បន្ទាប់ពីទទួលបានព័ត៌មានសម្ងាត់ថា មានបណ្តាញមួយ មានទំនាក់ទំនងជាមួយទីក្រុងហុងកុង កំពុងប្រើប្រាស់ប្រទេសថៃ ជាទីតាំងសម្រាប់ឆ្លងកាត់ លាក់ទុក និងនាំចេញគ្រឿងញៀនទាំងនោះ។

អាជ្ញាធរថៃ បន្ដថា ប៉ូលិសបានប្រទះឃើញជនសង្ស័យឈ្មោះ វ៉ាង អ៊ី-ក្វាន់ (Wang Yi-kwan) កំពុងរស់នៅម្នាក់ឯង នៅខាងក្នុងផ្ទះនោះ។ បន្ទាប់មក តម្រួតនគរបាលបានត្រួតពិនិត្យ និងរកឃើញគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន ដែលបានលាក់រក្សាទុក នៅក្នុងធុងប្លាស្ទិកចំនួនបី និងបានរៀបចំរួចរាល់សម្រាប់ការវេចខ្ចប់បន្ថែម និងលាក់ទុកដើម្បីដឹកជញ្ជូនទៅក្រៅប្រទេស។ ក្រៅពីនេះ ប៉ូតម្រួតនគរបាល ក៏បានរកឃើញសម្ភារវេចខ្ចប់ជាច្រើន រួមមាន ថង់ប្លាស្ទិក ប្រអប់ក្រដាសកាតុង ជញ្ជីងឌីជីថល ម៉ាស៊ីនក្រឡុក ម៉ាស៊ីនបឺតខ្យល់ វ៉ាលីស អាងប្លាស្ទិក និងធុងដាក់ទំនិញផងដែរ។

ជនសង័្សយ បានប្រាប់តម្រួតនគរបាលថា នេះជាករណីដំបូង ដែលគាត់បានមកដល់ប្រទេសថៃ ហើយគាត់បានចូលមកក្នុងប្រទេសនេះ កាលពីថ្ងៃទី១៤ ខែកញ្ញា ដោយប្រើទិដ្ឋាការទេសចរណ៍ បន្ទាប់ពីធ្វើដំណើរតាមយន្តហោះ ចាកចេញពីរាជធានីគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ស្របគ្នានេះដែរ ក៏មានបណ្តាញមួយដែលកំពុងដំណើរការស្រាប់ នៅក្នុងប្រទេសថៃ បានរៀបចំផ្ទះ និងដឹកជញ្ជូនគ្រឿងញៀន មកឱ្យគាត់វេចខ្ចប់ ខណៈគាត់រង់ចាំការណែនាំបន្ថែម។ សម្រាប់ការងារនេះ គាត់ទទួលបានប្រាក់ឈ្នួល ចំនួន ២ម៉ឺនដុល្លារហុងកុង ឬប្រមាណជាង២៥០០ដុល្លារអាម៉េរិក។

ក្រោយការបង្រ្កាបរួចមក ប៉ូលិសបានបញ្ជូនជនសង័្សយទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀន ខណៈតម្រួតនគរបាល កំពុងពង្រីកការស៊ើបអង្កេតបន្ថែម ដើម្បីកំណត់អត្តសញ្ញាណអ្នកដែលបានបញ្ជាឱ្យធ្វើប្រតិបត្តិការ។ ករណីនេះ ជាផ្នែកមួយនៃការរឹបអូសគ្រឿងញៀន ប្រភេទទឹកកក ដែលមានបរិមាណដ៏ច្រើន នៅក្នុងការបង្ក្រាបជាបន្តបន្ទាប់ ទាំងនៅក្នុង និងជុំវិញរាជធានីបាងកក នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅថ្មីៗ ខណៈអាជ្ញាធរកំពុងកំណត់គោលដៅ លើបណ្តាញជួញដូរគ្រឿងញៀនឆ្លងដែន ដែលប្រើប្រាស់ប្រទេសថៃ ជាចំណុចឆ្លងកាត់។

តម្រួតនគរបាលអន្តោប្រវេសន៍ទថៃ កាលពីព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ទី១៧ ខែកញ្ញា បានឆ្មក់ចុះត្រួតពិនិត្យវីឡាដ៏ប្រណីតមួយកន្លែង ដែលមានរចនាប័ទ្មអឺរ៉ុប ស្ថិតក្នុងរាជធានីបាងកក ប្រទេសថៃ។ ជាលទ្ធផល នៃប្រតិបត្ដិការនេះ តម្រួតនគរបាលភូមិន្ទថៃ បានឃាត់ខ្លួនជនសង័្សយជាច្រើនជាតិសាសន៍ ចំនួន១៥នាក់ រួមមាន៖ ជនជាតិថៃ ជប៉ុន ចិន និងតៃវ៉ាន់៕


