
រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួការបរទេស នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានបន្តការតវ៉ាជាផ្លូវការយ៉ាងខ្លាំងបន្ថែមទៀត ចំពោះការបន្តរំលោភបំពានជាបន្តបន្ទាប់របស់ភាគីថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា តាមបណ្តោយព្រំដែន ដោយបានសាងសង់សំណង់ និងនិមិត្តរូបសាសនា ដោយខុសច្បាប់ជាច្រើន...។

ក្រសួការបរទេសកម្ពុជា បញ្ជាក់ថា ក្រោយធ្វើសកម្មភាពឈូសឆាយដី នៅថ្ងៃទី១៨ ខែកញ្ញា កងកម្លាំងប្រដាប់អាវុធថៃ អមដោយព្រះសង្ឃថៃផង បានដំឡើងរូបចម្លាក់ព្រះពុទ្ធមួយអង្គ ក្នុងភូមិសាស្ត្រភ្នំបេង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ រូបព្រះពុទ្ធមួយអង្គនោះ ត្រូវបានភាគីថៃ ដាក់នៅចន្លោះបង្គោលព្រំដែនលេខ២ និងលេខ៣។ ក្រសួងហៅសកម្មភាពនេះថា៖«គឺជាករណីមួយទៀត[..]ដែលប្រទេសថៃ បន្តប្រើប្រាស់សំណង់ និងនិមិត្តរូបសាសនា ដើម្បីពង្រឹងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់»។

ចំពោះមុខបញ្ហាខាងលើ រាជរដ្ឋាភិបាលកម្ពុជា តវ៉ាយ៉ាងដាច់អហង្កាប្រឆាំង និងទាមទារឱ្យប្រទេសថៃ បញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ បញ្ឈប់រាល់សកម្មភាពជាឯកតោភាគី ហើយត្រូវធ្វើការដើម្បីបន្ធូរបន្ថយភាពតានតឹង លើកកម្ពស់ទំនុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងរក្សាសន្តិភាព និងភាពជាអ្នកជិតខាងល្អ នៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ។ ជាមួយគ្នាផងដែរ កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ដែលមានស្រាប់ ព្រមទាំងប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍ ខ្សែបន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្ដូរដោយកម្លាំងនោះឡើយ៕





