
រាជធានីភ្នំពេញ៖ ស្ថានទូតចក្រភពព្រីតថេន ប្រចាំកម្ពុជា នៅថ្ងៃទី២២កញ្ញានេះ បានជូនដំណឹងអំពីដំណើរទស្សនកិច្ចរបស់លោក ឡដ ហេនសុន (Lord Hanson) រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃចក្រភពព្រីតថេន នឹងអញ្ជើញមកប្រទេសកម្ពុជា នៅសប្ដាហ៍នេះ ដើម្បីពិភាក្សាការងារជាមួយមន្ត្រីជំនាញកម្ពុជា ជុំវិញកិច្ចសហការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន និងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ និងការក្លែងបន្លំ...។

ស្ថានទូតចក្រភពព្រីតថេន បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃចក្រភពព្រីតថេន មកកាន់កម្ពុជា គឺជាការចូលរួមជាមួយដៃគូអន្តរជាតិនានាក្នុងសន្និសីទអន្តរជាតិ ស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជា និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់ថ្មីមួយ រវាងចក្រភពព្រីតថេន និងកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការប្រឈមមុខនឹងការគំរាមកំហែងសកល ដែលកំពុងកើនឡើង។ លើសពីនេះ លោក ក៏នឹងជួបពិភាក្សាការងារ ជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិ អ្នកសារព័ត៌មាន ដើម្បីស្វែងយល់បន្ថែមអំពីការវិវត្តនៃបញ្ហាខាងលើនេះផងដែរ។

ស្ថានទូតចក្រភពព្រីតថេន បានឱ្យដឹងបន្ថែមថា កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ពិតជាមានសារសំខាន់ ហើយតាមរយៈការប្រមូលផ្ដុំដៃគូអន្តរជាតិ និងការពង្រឹងកិច្ចសហប្រតិបត្តិការ កម្ពុជាកំពុងរួមចំណែកយ៉ាងសកម្មក្នុងការចូលរួមដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ដែលកំពុងរីកលូតលាស់យ៉ាងលឿនស្លេវ នៅទូទាំងសកលលោក៕



