
ភ្នំពេញ៖ កម្ពុជាមានអនីតិជនដែលមានអាយុក្រោម១៨ឆ្នាំចំនួន១៤២២នាក់ដែលបានប្រព្រឹត្តបទល្មើសផ្សេងៗ ត្រូវបានឃុំខ្លួននៅតាមមណ្ឌលអប់រំកែប្រែក្នុងរាជធានីខេត្ត។ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងប្រាប់បែបនេះនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមណ្ឌលយុវនីតិសម្បទាក្នុងឃុំបាគួរ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលនាព្រឹកថ្ងៃទី២៨ ខែធ្នូ។
សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់ថា អនីតិជនដែលកំពុងតែឃុំខ្លួនទាំង១៤២២នាក់នោះ គឺមានអាយុចាប់ពី១៤ឆ្នាំទៅ១៧ឆ្នាំ។ បើតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនិតិជនទាំងនោះមិនត្រូវបានដាក់ក្នុងពន្ធនាគាររួមជាមួយនឹងអ្នកទោសដែលមានអាយុចាប់ពី១៨ឆ្នាំឡើយ គឺពួកគេត្រូវបានឃុំខ្លួននៅកន្លែងមួយដាច់ដោយឡែក។
សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់ថា អនីតិជនទាំងជាង១៤០០នាក់នោះ គឺមានអនីតិជនចំនួន៤៥០នាក់ស្ថិតជាជនត្រូវចោទ មានជនជាប់ចោទចំនួន៣១០នាក់ ពិរុទ្ធជនចំនួន៤២១នាក់ និងទណ្ឌិតចំនួន២៤១នាក់។
អនីតិជនទំាង១៤២២នាក់នោះ គឺមានអនីតិជនប្រព្រឹត្តិបទល្មើសគ្រឿងញៀនចំនួន៤៥២នាក់ ឬស្មើនឹង៣១,៨ភាគរយ។ ប្លន់ និងលួចមានស្ថានទម្ងន់ទោសចំនួន១២៥នាក់ ឬស្មើនឹង៨,៧៩ភាគរយ។ លួច១០៩នាក់ ឬស្មើនឹង៧,៦៧ភាគរយ។ មនុស្សឃាត និងឃាតកម្ម៣៤នាក់ ឬស្មើនឹង២,៣៩ភាគរយ។ រំលោភសេពសន្ថវៈមាន៣១នាក់ ឬស្មើនឹង២,១៨ភាគរយ និងបទល្មើសផ្សេងៗចំនួន៦៧១នាក់ ឬស្មើនឹង៤៧,៧២ភាគរយ។
សម្តេច ស ខេង ចាត់ទុកចំនួនអតីនិជនដែលត្រូវបានឃុំខ្លួនទាក់ទងនឹងបទល្មើសផ្សេងៗនោះគឺជាក្តីបារម្ភមួយដែលអាចប៉ះពាល់ដល់សង្គមនាពេលអនាគត។ សម្តេចក្រឡាហោម បាននិយាយដូច្នេះថា៖«បើទំពាំងពុកពីឥឡូវទៅហើយ បានអីស្នងកើត នេះជាបញ្ហាអនាគតសម្រាប់ប្រទេសយើង»៕


