
ក្រុងបាត់ដំបង៖ មកទល់ពេលនេះ មន្រ្តីជំនាញក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធ នៅតែសហការគ្នាបន្តទប់ស្កាត់ ក៏ដូចជាហាមឃាត់ប្រជាពលរដ្ឋ មិនឱ្យចូលដួសយកប្រេង ដែលលេចចេញពីទូស៊ីទែនរថភ្លើង ដែលធ្លាក់ក្រឡាប់ នៅក្នុងភូមិអណ្តូងចេញ សង្កាត់អូចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្រសួងបរិស្ថាន គូសបញ្ជាក់ថា កាលពីថ្ងៃទី២១កញ្ញា ក្រុមការងារបានសហការជួយឱ្យក្រុមហ៊ុន ស្ទូចស៊ីទែនប្រេងទាំង៥ ដែលធ្លាក់ចេញពីផ្លូវរថភ្លើង។ មួយវិញទៀត មន្រ្តីក្រសួងបរិស្ថាន បានសម្អាតសំណល់ប្រេងនៅលើដីទីតាំងចំណីផ្លូវប្រវែង២២០ម៉ែត្រ ដោយកាយយករុក្ខជាតិតូចៗ កាយដីប្រឡាក់សំណល់ប្រេង និងដាក់ពង្រាយចំបើង ស្របតាមបទដ្ឋានបច្ចេកទេសការពារការសាយភាយដំណក់ប្រេង។ មន្រ្តីបរិស្ថាន ក៏បានចាត់ធានការជាមួយក្រុមហ៊ុន ឱ្យដាក់ខណ្ឌជារនាំងឈើមួយចំនួនបន្តទៀត នៅតាមមុខលូប្រឡាយទាំងអស់ ដើម្បីការពារការហូរទៅទីតាំងផ្សេងទៀត។ ក្រសួងបរិស្ថានបន្ថែមថា មន្រ្តីជំនាញនឹងបន្តសហការជាមួយក្រុមហ៊ុន រៀបចំដាក់រនាំងទប់ស្កាត់នៅតាមប្រឡាយ និងពន្លឿនដំណើរការសម្អាតប្រេង បន្ថែមកម្លាំងកម្មករ និងគ្រឿងចក្រ។

លើសពីនេះ ជំរុញឱ្យក្រុមហ៊ុនដឹកជញ្ជូន សម្អាតសំណល់ប្រេង នៅលើដីចំណីរថភ្លើង ចំនួនបីតំបន់។ តែយ៉ាងណា មន្រ្តីបរិស្ថានក៏ជួយក្រុមហ៊ុនជីករណ្តៅចំនួនបីកន្លែង ដើម្បីបង្ហូរសំណល់ប្រេងចូល ដើម្បីងាយស្រួលក្នុងការបូម និងសម្អាត។ គួរជ្រាបថា កាលពីវេលាម៉ោងប្រមាណជិត១ថ្ងៃត្រង់ទី១៩កញ្ញា កន្លងទៅ នៅលើខ្សែរថភ្លើងភាគខាងជើង ចំណុចគីឡូម៉ែត្រលេខ២៧៧ មានគ្រោះថ្នាក់រថភ្លើងដឹកជញ្ជូនប្រេងសាំង និងម៉ាស៊ូត បានជួបឧប្បតិហេតុធ្លាក់ចេញពីផ្លូវដែក បណ្ដាលឱ្យក្រឡាប់ផ្ងាពោះខ្ជាក់ប្រេងចេញជាច្រើនទូរ បង្កឱ្យប្រេងរាប់ពាន់លីត្រហៀរហូរចូលប្រឡាយ និងដីក្បែរនោះ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិមកដួស។ តែយ៉ាងណា ក្នុងករណីនេះ មិនមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ដល់ជីវិតឡើយ៕






