ក្រសួងមហាផ្ទៃរៀបចំដកបញ្ឈរជើង ស្នងការរងខេត្តបន្ទាយមានជ័យម្នាក់ ក្រោយរកឃើញផ្តល់អគារឱ្យជនជាតិថៃ ធ្វើសកម្មភាពអនឡាញស្កេម
ហាក់ អ៊ីឌី
មួយម៉ោងមុន

ក្រុងសិរីសោភ័ណ៖ ក្រសួងមហាផ្ទៃ បាននិងកំពុងរៀបចំនីតិវិធីផ្លូវការ ដើម្បីផ្អាកការងារជាបណ្តោះអាសន្ន(ដកបញ្ឈរជើង) ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យម្នាក់ ក្រោយរកឃើញថា មន្ត្រីរូបនេះ មានជាប់ពាក់ព័ន្ធនឹងការផ្ដល់ ឬជួលអគារផ្ទាល់ខ្លួនឱ្យទៅក្រុមជនជាតិថៃ ប្រើប្រាស់ជាទីតាំងប្រតិបត្តិការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត (Online Scams)...។

លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ   
លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ   

ថ្លែងប្រាប់អង្គភាពសារព័ត៌មាន SBM News នៅព្រឹកថ្ងៃទី២២​ ខែកញ្ញា​ ឆ្នាំ២០២៦នេះ លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ទាក់ទិននឹងរឿងរ៉ាវខាងលើ ក្រសួងបាននិងកំពុងបន្តនីតិវិធី ឈានដល់ការសម្រេចផ្អាកការងារ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីបើកផ្លូវឱ្យស្ថាប័នតុលាការចាត់វិធានការច្បាប់ ជាធរមាន។ ការសម្រេចរៀបចំដកបញ្ឈរជើងស្នងការរងខេត្តបន្ទាយមានជ័យរូបនេះ ធ្វើឡើង បន្ទាប់ពីកម្លាំងសមត្ថកិច្ចចម្រុះឆ្មក់ចុះបង្ក្រាបអគារចំនួន២កន្លែង ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយសង្ស័យថា បានផ្តល់ទីតាំងដល់ជនបរទេស ជាក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

លោកទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ 
លោកទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ 

ជាមួយគ្នាផងដែរ អាជ្ញាធរ បានត្រួតពិនិត្យទីតាំងខាងលើ រកឃើញជនបរទេសសរុបជាង២០០នាក់ ក្នុងនោះ មានជនជាតិថៃដល់ទៅ១៧៤នាក់(ស្រី្ត៦៧នាក់)។ បច្ចុប្បន្ន ជនជាតិថៃ និងជនបរទេសទាំងនោះ ត្រូវបានសមត្ថកិច្ច នាំយកទៅសាកសួរបន្ថែមបន្តនីតិវិធីច្បាប់ រីឯសម្ភារដែលបម្រើឱ្យការប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបញ្ជូនបន្តទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីឱ្យមន្រ្តីជំនាញ បន្តនីតិវិធីច្បាប់ ព្រមទាំងសម្រេចបិទទីតាំងអគារទាំង២ ជាបណ្តោះអាសន្ន៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត