
រាជធានីបាងកក៖ ២ទសវត្សរ៍បន្ទាប់ពីជម្លោះប្រដាប់អាវុធបានផ្តាច់ជីវិតមនុស្សរាប់ពាន់នាក់ នៅខេត្តភាគខាងត្បូងប្រទេសថៃ ស្រាប់តែមេដឹកនាំក្រុមផ្តាច់ខ្លួន ជនជាតិម៉ាឡេ-មូស្លីមដ៏ធំជាងគេបំផុត បានប្រកាសដោយបើកចំហប្តេជ្ញាចិត្តថា នឹងបន្តប្រយុទ្ធតស៊ូរហូតដល់ដង្ហើមចុងក្រោយ ដើម្បីសម្រេចបានគោលដៅរបស់ខ្លួន។ នេះបើតាមការចុះផ្សាយ ដោយកាសែតយក្សរបស់ចិន South China Morning Post នៅថ្ងៃសុក្រទី១៨ ខែកញ្ញា ឆ្នាំ២០២៦នេះ...។

លោក នីម៉ាតទូឡាហ៍ ស៊េរី (Nikmatullah Seri) អ្នកនាំពាក្យក្រុមផ្តាច់ខ្លួន រ៉េវ៉ូលូស៊ី ណាស៊ីយ៉ូណាល់ ហៅកាត់ «BRN» ថ្លែងក្នុងបទសម្ភាសដ៏កម្រមួយថា៖«ការប្រយុទ្ធតស៊ូនេះ នឹងបន្តរហូតដល់ទីបញ្ចប់។ ដរាបណាគោលដៅរបស់យើងមិនទាន់សម្រេច យើងនឹងបន្តប្រយុទ្ធ»។ តាមពិតទៅ ក្រុមយុទ្ធជន BRN បានតស៊ូដើម្បីបង្កើតរដ្ឋឥស្លាមឯករាជ្យមួយនៅតំបន់ភាគខាងត្បូងនៃប្រទេសថៃ ដែលភាគច្រើនជាជនជាតិអ៊ិស្លាម តាំងពីទសវត្សរ៍ឆ្នាំ១៩៦០ មកម្ល៉េះ ប៉ុន្តែចលនាបះបោរបច្ចុប្បន្ន បានចាប់ផ្តើមឡើងវិញយ៉ាងខ្លាំងក្លានៅឆ្នាំ២០០៤។ គេនៅចាំបានថា ប្រទេសថៃបានធ្វើការចរចាជាមួយក្រុម BRN ក្រោមការសម្របសម្រួលពីប្រទេសម៉ាឡេស៊ី តាំងពីឆ្នាំ២០១៣ ដោយជំនួបជាន់ខ្ពស់ចុងក្រោយ បានធ្វើឡើងកាលពីខែធ្នូ។ ប៉ុន្តែដំណើរការនេះ បានជាប់គាំង នៅត្រឹងមួយកន្លែង ហើយរាជធានីបាងកកបានផ្អាកកិច្ចសន្ទនាកាលពីខែកក្កដា ឆ្នាំ២០២៦ ថ្មីៗនេះ បន្ទាប់ពីមានការវាយប្រហារដ៏សាហាវមួយ ដែលបានសម្លាប់ទាហានថៃ៥នាក់។

ជារឿងដ៏កម្រ លោក នីម៉ាតទូឡាហ៍ បានថ្លែងនៅក្នុងសណ្ឋាគារមួយក្នុងរាជធានីគូឡាឡាំពួរ នៃប្រទេសម៉ាឡេស៊ីថា៖«គោលដៅនៅតែដដែល គឺការទាមទារឯករាជ្យ»។ លោកក៏បានប្រកាសមិនទទួលស្គាល់ចំពោះការវាយប្រហារដោយយុទ្ធជន BRN នាពេលថ្មីៗនេះដែរ ដោយនិយាយតែមួយម៉ាត់ប៉ុណ្ណោះ «ពួកគេជាកម្លាំងចលករតស៊ូនៅពីក្រោយ»។ លោកបានបន្តថា ក្រុមរបស់លោកបានស្នើឡើងនូវកិច្ចព្រមព្រៀងចែករំលែកអំណាច និយាយឱ្យខ្លីហែកចែកដីគ្នា ដើម្បីគ្រប់គ្រង់ជាមួយរាជធានីបាងកក ដោយបញ្ជាក់ច្បាស់ៗថា BRN នឹងឡើងកាន់កាប់តំណែងដោយមិនបាច់ឆ្លងកាត់ការបោះឆ្នោតឡើយ។ លោកបន្តទៀតថា៖«យើងចង់បានអំណាចនយោបាយ។ នោះគឺ BRN គួរតែអាចគ្រប់គ្រងលើតំបន់ដែលលាតសន្ធឹងលើខេត្តចំនួន៤របស់ថៃ ជិតព្រំដែនម៉ាឡេស៊ី [នរាធិវាសឬណារ៉ាធីវ៉ាត់, យ៉ាឡាឬជាល, បាតានី, និងស៊ុងក្លា]។ តំបន់នេះ នឹងត្រូវគ្រប់គ្រងដោយនគរបាល និងតុលាការសារៀ(Sharia) តាមច្បាប់អ៊ិស្លាម ប៉ុន្តែសម្រាប់តែជនជាតិមូស្លីមប៉ុណ្ណោះ»។

លោកបញ្ជាក់បន្ថែមថា៖«BRN នឹងមានដំណាក់កាលអន្តរកាលពី ៥ទៅ១០ឆ្នាំដែលយើងគ្រប់គ្រង ហើយបន្ទាប់ពីនោះ យើងនឹងប្រគល់អំណាចទៅឱ្យប្រជាជនជ្រើសរើសតាមបែបប្រជាធិបតេយ្យ»។ អ្វីដែលធ្វើឱ្យថៃកាន់តែបះសក់ និងព្រឺសម្បុរខ្ញាកៗនោះ អ្នកនាំពាក្យបំបែករដ្ឋដ៏មានឥទ្ធិពលរូបនេះ បោះពាក្យសម្តីធ្ងន់ៗថា៖«ជនជាតិម៉ាឡេ-មូស្លីម បានប្រឈមមុខនឹងការរើសអើងយ៉ាងច្បាស់ក្រឡែត ប្រឆាំងនឹងភាសា និងវប្បធម៌របស់ពួកគេ ហើយមិនដែលមានសុវត្ថិភាពម្ដងណាឡើយ។ ផ្នែកយោធារបស់ BRN បានកត់ត្រាការស្លាប់របស់យុទ្ធជនចំនួន១០០០នាក់ ក្នុងរយៈពេល២ទសវត្សរ៍កន្លងមកនេះ។ [មានតែសង្គ្រាម] គឺជាជម្រើសចុងក្រោយ។ យើងមិនកំណត់ដៅលើជនស៊ីវិលឡើយ គោលដៅរបស់យើង គឺរាជរដ្ឋាភិបាល[ថៃ]»។ គួរបញ្ជាក់ផងដែរថា តំបន់ភាគខាងត្បូងនេះ កាលពីមុនជាផ្នែកមួយនៃអាណាចក្រស៊ុលតង់ប៉ាតានី ម៉ាឡេ-មូស្លីម ប៉ុន្តែត្រូវបានប្រទេសថៃ(កាលនោះមានឈ្មោះជាសៀម) វាយយក និងបញ្ចូលជាទឹកដីរបស់ខ្លួន នៅដើមទសវត្សរ៍ឆ្នាំ១៩០០។ ចាប់តាំងពីឆ្នាំ២០០៤មក មនុស្សជាង ៧០០០នាក់ រួមមាន៖ យុទ្ធជន BRN, កងកម្លាំងសន្តិសុខថៃ និងប្រជាជនស៊ីវិល) បានបាត់បង់ជីវិត នេះបើយោងតាមអង្គការដានជម្លោះ Deep South Watch៕




